សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា មាតាក្មេក និងជាមាតាបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោ
នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក និងជាមាតាបង្កើត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ កាលពីវេលាម៉ោង០២:១២នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ម្សិលមិញ។
នៅក្នុងឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលអាឡោះអាឡ័យនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដាក់កម្រងផ្កា និងអុជធូប សម្ដែងការគោរពឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងបានអញ្ជើញជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយសម្ដេចបានថ្លែងនូវពាក្យពេចន៍ចូលរួមរំលែកមរណទុក្ខប្រកបដោយសេចក្ដីក្រៀមក្រំ និងមនោសញ្ចេទនាខ្ពស់បំផុត ជូន សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសា ចំពោះការបាត់បង់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា។
ក្នុងសាររំលែកមរណទុក្ខជូនសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាទិវាប្រកបដោយសមានទុក្ខ និងសេចក្ដីសោកសង្រេងជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាននេះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ហាញនូវសេចក្ដីក្តុកក្តួល និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ដែលការបាត់បង់ មាតា មាតាក្មេក ជីដូនប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ សេចក្ដីសណ្ដោសប្រណី និងជាសាធុជនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងតែងបានលះបង់កម្លាំងកាយ និងបញ្ញាញាណ ខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន បុត្រ បុត្រីធីតា និងចៅៗបានប្រកបដោយគន្លងធម៌ រហូតក្លាយជាប្រមុខដឹកនាំ ជាថ្នាក់ដឹកនាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សម្ដេចក្រឡាហោម ក៏បានបង្ហាញនូវសេចក្ដីចងចាំជានិច្ចចំពោះគំរូវីរៈភាពដ៏ប្រពៃ និងគុណូបការៈដ៏ធំធេងរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាពុទ្ធសាសនូបត្ថម្ភក ប្រកបដោយទឹកចិត្តសប្បុរសធម៌មួយរូប តែងយកចិត្តទុកដាក់ និងបរិច្ចាគទ្រព្យផ្ទាល់ខ្លួន យ៉ាងច្រើនដោយទឹកចិត្តជ្រះថ្លា ក្នុងបុព្វហេតុនៃសាសនា ការអប់រំសិក្សាធិការជាតិ និងមនុស្សធម៌ ព្រមទាំងបានកសាងសមិទ្ធផលជាច្រើន បំរើដល់ឧត្តមប្រយោជន៍សង្គមជាតិ និងប្រពលរដ្ឋ រួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា នាំមកនូវសេចក្ដីចម្រុងចម្រើន និងសម្បូររុងរឿងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងនាមភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សូមអនុញ្ញាតចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន សាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕