សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកិច្ចប្រជុំនេះបានប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ផែនការសកម្មភាពឆ្នាំ២០២០ គឺជាផែនការសកម្មភាពឆ្នាំទី១ សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៤) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រកាសលេខ៧០៥៤ប្រក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ។
ផែនការសកម្មភាពឆ្នាំ២០២០នេះ ក៏ត្រូវបានរៀបចំឡើងដើម្បីចងក្រងសកម្មភាពនានា ដែលនឹងត្រូវអនុវត្តដោយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឬអង្គភាពពាក់ព័ន្ធដទៃទៀត ដើម្បីរួមចំណែកការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ៕