ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងហាផ្ទៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃបានអញ្ជើញថ្លែងរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាក្រសួងបានទទួលជំនួយសប្បុរសធម៌ជាប្រាក់រៀលចំនួន៥៦លាន២០ពាន់រៀល ប្រាក់ដុល្លារចំនួន១៧៣៩០ដុល្លារ និងជាសម្ភារ ម៉ាស់ចំនួន៧០ម៉ឺនបន្ទះ សាប៊ូជា៣២ម៉ឺន៨ពាន់ដុំ អាល់កុល១ម៉ឺន៥ពាន់លីត្រ ជែលលាងដៃ១៧៨៣ដប អាល់កុលដបចំណុះ១០០មីលីលីត្រ១ពាន់ដប អាល់កុលចំណុះ៧៥មីលីលីត្រ៥៥៥ដប ឧបករណ៍ស្ទង់កំដៅ៥០០គ្រឿង ស្រោមដៃ៣ពាន់គូ ថ្នាំសម្លាប់មេរោគ៥៨០០ដប។

ឯកឧត្តមបន្តថាសម្ភារទាំងអស់នេះ នឹងត្រូវបែងចែងជូនមន្រ្តីចំនួន១០១ពាន់៤១៨នាក់ក្នុងអង្គភាពចំនួន១៦ រួមមាnម៉ាស់២៩០ពាន់ ៧០បន្ទះអាល់កុល១០ពាន់១៤៤លីត្រ សាប៊ូ១៦៤ ពាន់៣០២ដុំ ឧបករណ៍ស្ទង់កំដៅ៤៨៣គ្រឿង។ ដោយឡែកសម្រាប់រថយន្តត្រូវបែងចែកជូនស្នងការរាជធានីខេត្ត សម្ដេចក្រឡាហោម នឹងបន្តផ្ដល់រថយន្ត៥០គ្រឿងទៀតដល់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ដោយផ្ដល់អាទិភាពជូនអធិការនគរបាលស្រុកជាប់ព្រំដែន។ ច្នេះគិតត្រឹមបច្ចុប្បន្ន មានអធិការដ្ឋានក្រុងស្រុងចំនួន៥៣បានបំពាក់រថយន្តរួចរាល់ និងនៅសល់១៥០ក្រុងស្រុកខណ្ឌទៀត។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយនាឱកាសនោះ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ សម្ដេចបានថ្លែងកោតសរសើរថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលក្រសួងមហាផ្ទៃទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមគាំទ្រវិធានការរបស់គណៈកម្មាធិការជាតិ និងដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកដល់ពេលនេះ ពិភពលោកមិនទាន់មានភាពធូរស្រាលពីជំងឺកូវីដ១៩នៅឡើយទេ ពីព្រោះតែអត្រាអ្នកឆ្លង និងអ្នកស្លាប់នៅតែស្ថិតក្នុងកំណើនខ្ពស់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ពេលនេះមិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់នៅឡើយទេ ដោយសារគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ ទាំងរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធតទល់នឹងជំងឺកូវីដ១៩នេះ។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ស្ថានភាពប្រសើរនៃការប្រយុទ្ធប្រឆាំជំងឺកូវីដ១៩នៅកម្ពុជាដូចសព្វថ្ងៃនេះ មិនមែនមានន័យថាយើងទទួលបានជោគជ័យលើសមរភូមិជំងឺកូវីដ១៩នោះឡើយ ពោលគឺទាមទារឱ្យមានការប្រុងប្រយ័ត្នជានិច្ចពីគ្រប់ភាគីពាក់ព័ន្ធទាំង់អស់ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានមានប្រសាសន៍នឹងថាខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺនេះគ្រប់ស្ថានភាព ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងការអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រគៀកស្មាគ្នាជួយប្រទេសជាតិ ដោយមានខ្លះបានបរិច្ចាគប្រាក់ខែ តិចឬច្រើនទៅតាមលទ្ធភាព និងការស្ម័គ្រចិត្ត ថ្នាក់ដឹកនាំខ្លះក៏បានបរិច្ចាគសម្រាប់ជួយមន្ត្រីក្នុងក្រសួង និងថ្នាក់ដឹកនាំមន្រ្តីខ្លះទៀត បានជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់មូលដ្ឋាន ដែលនេះគឺជាការបង្ហាញនូវសាមគ្គីភាព។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានសហការរួមគ្នាខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដូចជាការទទួលបងប្អួនខ្មែរវិលត្រឡប់ពីក្រៅប្រទេស ពិសេសប្រទេសថៃ ការអនុវត្តវិធានការបិទការធ្វើដំណើរឆ្លងខេត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការស្រាវជ្រាវ តាមដាន ពិនិត្យសុខភាព និងរៀបចំដាក់ឱ្យដាច់ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលត្រឡប់មកពីក្រៅប្រទេស នៅតាមមូលដ្ឋានភូមិឃុំ។

ពាក់ព័ន្ធនឹងជំនួយថវិកា និសម្ភារ ដែលសប្បុរសជននានា បានផ្ដល់ជូនរដ្ឋបាលរាជធានី ខេត្ត សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាល ទុកលទ្ធភាពឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកចាត់ចែងប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ យ៉ាងណាក៏ដោយសម្ដេចបានអំពាវនាវឱ្យថ្នាក់ដឹកនាំរាជធានី ខេត្ត ប្រើប្រាស់ថវិកាទាំងនោះឱ្យចំគោដៅ និងតម្លាភាព ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភាគីម្ចាស់ជំនួយដែលបានលះបង់ថវិកាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងថវិកា និងសម្ភារទប់ស្កាត់ជំងឺកូវីដ១៩ ដែលនៅសល់បន្ទាប់ពីការបែងចែក លើកលែងតែសម្លៀកបំពាក់ការពារជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជម្រាបទៅកាន់អង្គពិធីថាសម្ដេចក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង សូមបែងចែកផ្ដល់ជូនបណ្ដាក្រុងស្រុកនៃខេត្តទាំងពីរ និងគោលដៅផ្សេងទៀត សរុបចំនួន៣១គោលដៅ។

សម្ដេចទទួលស្គាល់ថាជំនួយទាំងនេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែនេះគឺជាការបែងចែកដើម្បីរួមចំណែកសម្រាលការលំបាក ហើយថាសម្ភារៈឧបករណ៍ទាំងអស់នេះ ក៏មិនមែនជាមូលដ្ឋានវាយតម្លៃថាយើងនឹងអាចទប់ស្កាត់ជំងឺកូវីដ១៩បានដែរ ពោលគឺសម្ភារៈទាំងអស់នេះ គឺគ្រាន់តែជាផ្នែកមួយនៃការចូលរួបទប់ស្កាត់ និងការពារជំងឺកូវីដ១៩ប៉ុណ្ណោះ ដែលសំខាន់នោះគឺត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដោយត្រូវគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល រាប់ទាំងការប្រើម៉ាស់ និងលាងដៃជាដើម។

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្ដេចបានបន្តគូសបញ្ជាក់ជាថ្មីទៀតនូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយសម្ដេចបានសង្កត់ធ្ងន់ថានៅពេលភូមិឃុំទាំងអស់មានសុវត្ថិភាព គឺមានន័យថាមាតុភូមិរបស់យើងមានសុខសន្តិភាពសុវត្ថិភាព ហើយដើម្បីសម្រេចបានគឺទាមទារជាចាំបាច់នូវការចូលរួមរបស់ពលរដ្ឋ ការលើកកម្ពស់សមត្ថភាពមន្រ្តី និងការបំពាក់ឧបកណ៍សម្ភារ និងបំពេញតម្រូវការថវិកា។

ពាក់ព័ន្ធនឹងការបំពាក់រថយន្តដល់អង្គភាពកងកម្លាំងនគរបាល សម្ដេចបានមានប្រសាសន៍ថារហូតមកដល់ពេលនេះ ក្រសួងបានផ្ដល់រថយន្តចំនួន៩៥គ្រឿងហើយ ហើយនៅថ្ងៃនេះនឹងបន្តផ្ដល់ជូន៥០គ្រឿងទៀត ក្នុងនោះបានបែងចែកអធិការស្រុកជាប់ព្រំដែនថៃ១៧គ្រឿង វៀតណាម២៨គ្រឿង ឡាវ៥គ្រឿង ដោយក្នុងមួយអធិការដ្ឋានទទួលបាន១គ្រឿង។ សម្ដេចទទួលស្គាល់ថានៅមានការខ្វះខាតជាបន្តទៀតសម្រាប់ក្រុងស្រុកផ្សេងទៀត ដោយក្រសួងនឹងខិតខំស្វែងរកលទ្ធភាពផ្ដល់ជូនជាបន្តទៀត។

សម្ដេចមានប្រសាសន៍ថាទន្ទឹមនឹងការផ្ដល់ជូនរថយន្តបំរើការជូនអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ ក្រសួងមហាផ្ទៃក៏បានផ្ដល់ជូនរថយន្តពន្លត់អគ្គីភ័យដល់អធិការដ្ឋាននគរបាលក្រងស្រុកខណ្ឌទាំងអស់ដែរ ពីព្រោះវាជាតម្រូវការអាទិភាពដែលមិនមែនសម្រាប់តែការបន្លត់អគ្គភ័យនោះទេ ប៉ុន្តែក៏សម្រាប់ដឹកទឹកចែកជូនពលរដ្ឋដែលជួបការខ្វះខាតនៅរៀងរាល់រដូវប្រាំងដែរ។ សម្ដេចបានឆ្លៀតរំលឹកពីការខិតខំសន្សំថវិកា ដើម្បីបញ្ជាទិញរថយន្ត និងជលយាន ដើម្បីឱ្យមន្ត្រីយកាំទៅប្រើប្រាស់បំរើជាតិ និងប្រជាជន។

ពាក់ព័ន្ធនឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលសម្រាប់ការបិទបំរាមគោលចរឆ្លងកាត់ខេត្តនឹងខេត្ត លើកលែងតែរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្ដល់ការលើកចិត្តជូនថ្នាកដឹកនាំខេត្ត អាជ្ញាធរ និងកងកម្លាំងទាំងអស់ សូមបន្តអនុវត្តភារកិច្ចឱ្យបានជោគជ័យ ទាំងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបានអំពានាវជាថ្មីទៀតសូមបងប្អូនប្រជាពលរដ្ឋគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង