សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩
នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ និងគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាអោយបទបញ្ជានេះកាន់តែមានប្រសិទ្ធភាព។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន អភិបាលរាជធានី ខេត្ត ស្នងការនគរបាលខេត្តរាជធានី ខេត្ត មេបញ្ជាការរង មេញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
រាជរដ្ឋាភិបាល ដាក់បទបញ្ជាដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដើម្បីជំរុញបន្ថែមនូវការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅតាមគោលដៅនានាតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការចាត់វិធានការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕