សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនឯកឧត្តម ទីប្រឹក្សារបស់សម្ដេច ចូលជួបសម្ដែងការគួរសមនៅស្ដីការក្រសួងមហាផ្ទៃ និងប្រគល់ជូននូវ៣ម៉ឺន៥ពាន់ និងទឹកសម្លាប់មេរោគ ៨០០ដប ជូនក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម ស្រេង វង្សហៀង ទីប្រឹក្សារបស់សម្ដេច ចូលជួបសម្ដែងការគួរសមនៅស្ដីការក្រសួងមហាផ្ទៃ និងប្រគល់ជូននូវ៣ម៉ឺន៥ពាន់ និងទឹកសម្លាប់មេរោគ ៨០០ដប ជូនក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ឯកឧត្តម ស្រេង វង្សហៀង ដែលបានផ្ដល់ជំនួយជាម៉ាស់ និងទឹកសម្លាប់មេរោគ មកក្រសួងមហាផ្ទៃ ។ សម្ដេចបន្តថាជំនួយនេះនឹងត្រូវចែកជូនមន្ត្រីរាជការ និងកងកម្លាំងប្រើប្រាស់ក្នុងពេលបំពេញការងារនៅអង្គភាព និងពេលបំពេញភារកិច្ច ពិសេសនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងងនឹងជំងឺកូវីដ១៩ ។
ជាសក្ខីភាពឆ្លើយតបនឹងវិភាគទាននេះ សម្ដេចក្រឡាហោមបានប្រគល់ជូនលិខិតថ្លែងអំណរគុណ ដោយក្នុងលិខិតនោះសម្ដេចបានបញ្ជាក់ថា«នៅក្នុងកាលៈទេសៈប្រទេសជាតិកំពុងប្រឈមខ្លាំង ដោយជំងឺរាតត្បាតសកល ខ្ញុំសូមកត់ត្រានូវទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ឯកឧត្តម ដែលបានចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការការរាតត្បាតជំងឺកូវីដ១៩» ៕