ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន

នៅរសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅសាលាស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោមអធីតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធីជួបសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងប៉ៃលិន ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ជាពិសេសមន្ត្រីរាជការ និងកងកម្លាំង ដែលបំពេញភារកិច្ចនៅតាមបណ្ដាអង្គភាពច្រកទ្វារព្រំដែនកម្ពុជាថៃ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេច និងថា្នក់ដឹកនាំផ្សេងទៀតក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាពនៅច្រកទ្វារព្រំដែនកម្ពុជាថៃ ទាំងនៅខេត្តបាត់ដំបង និងប៉ៃលិន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពកលោក។

សម្ដេចបានបន្តថាក្រៅតែបាននិងកំពុងរីករាលដាលនៅបណ្ដាប្រទេសស្ទើទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសចិនមានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺកូវីដទាំងអស់។ សម្ដេចបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃដើម្បីអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន ធ្វើឱ្យពលរដ្ឋថៃនៅទំនេរ ហើយពលរដ្ឋខ្មែរខ្លះនៅទីនោះក៏ទំនេរពីការងារ។

ព្រោះតែដូច្នេះហើយ សម្ដេចបានផ្ដល់ការពន្យល់ថាពលរដ្ឋខ្មែរទំនេរពីការងារ និងមានការភ័យខ្លាចផងនោះ បានចាប់ផ្ដើមសំរុកនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាកក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន។ ដោយសារពួកគាត់បានធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ដើម្បីណែនាំអាជ្ញាធរខេត្តក្រុងស្រុកខណ្ឌ និងភូមិឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឱ្យបាន និងស្នើឱ្យពួកគាត់នៅដោយឡែក១៤ថ្ងៃសិន។

ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃ សម្ដេចបានមានប្រសាសន៍ថាប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលយើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ។ សម្ដេចបានណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃដែរ។

សម្ដេចបានណែនាំឱ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឱ្យបានច្បាស់នូវអត្តសញ្ញាណពលរដ្ឋដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នានេះត្រូវខិតខំពិភាក្សាជាមួយភាគីថៃដើម្បីចៀសវាងការអនុញ្ញាតឱ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឱ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរយើង។

សម្ដេចក៏បានណែនាំឱ្យត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេសថៃដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែងដែលត្រូវកត់ត្រាអត្តសញ្ញាណសិន។ ក្នុងករណីដែលមានអ្នកជំងឺត្រូវសង្គ្រោះ បន្ទាន់ ហើយអ្នកជំងឺនោះមិនមែនជាអ្នកជំងឺកូវីដ១៩ សម្ដេចក៏បានណែនាំអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវស្នើសុំកិច្ចសហការអនុញ្ញាតឱ្យអ្នកជំងឺនោះចូលទៅព្យាបាលនៅប្រទេសថៃ។

សម្ដេចមានជំនឿងថាភាគីទាំងពីរកម្ពុជាថៃនឹងមានការពិចារណាដល់ទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងដូចការបិទការចេញចូលមនុស្សរវាងកម្ពុជាថៃ កម្ពុជាវៀតណាម ដែលភាគីទាំងសងខាងនៅតែបន្តការអនុញ្ញាតឱ្យចេញចូលទំនិញក្រោមលក្ខណ្ឌរឹតបន្តឹងសុវត្ថិភាពនៅពេលដឹកឆ្លងកាត់ព្រំដែន។

នៅក្នុងឱកាសនោះ សម្ដេចបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងចំណុះរដ្ឋបាលខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំងនៃអង្គភាព និងស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន។ សម្ដេចបានចាត់ទុកការខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះហើយដែលធ្វើឱ្យកម្ពុជារក្សាបានសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយទន្ទឹមនឹងនេះយើងក៏បាននឹងកំពុងរួមសាមគ្គីគ្នាប្រយុទ្ធនឹងសង្គ្រាមជំងឺកូវីដ១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិស្រលាញ់ជាតិ និងប្រជាជន។

ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការការពារខ្លួន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរៀបចំការចុះចាក់ផ្សាយសារអប់រំចល័តគ្រប់ភូមិឃុំដល់ប្រជាពលរដ្ឋ។ មុននឹងបញ្ចប់សម្ដេច បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្ត និងកំពុងបំពេញការងារនៅតាមបណ្ដាអង្គភាពច្រកព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិនទាំងអស់ នឹងបន្តខិតខំអនុវត្តតួនាទី និងការទទួលខុសត្រូវបានល្អ និងមានការប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង