ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមតំណាងមន្ត្រីអន្តោប្រវេសន៍នៃច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កងកេង និងសៀមរាប បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបានចាត់ទុកវត្តមានដ៏ឧត្តុងឧត្តមរបស់សម្ដេចនាឱកាសនេះថាជាការលើកទឹកចិត្ត និងផ្ដល់ថាមពលដ៏ខ្លាំងក្លាដល់នគរបាលអន្តោប្រវេសន៍ទាំងអស់ សម្រាប់ការខិតខំបំពេញភារកិច្ចបំរើជាតិមាតុភូមិដោយស្មោះស្ម័គ្រ។

ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ មន្ត្រីនគរបាលអន្តោប្រវេសន៍ មានការប្ដេជ្ញាខ្ពស់បន្តខិតខំបំពេញការងារប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុត ដោយបានដាក់ចេញវិធានការប្រើម៉ាស់ ស្រោមដៃ និងបាញ់ទឹក ឬថ្នាំសម្លាប់មេរោគជាប្រចាំ។ យ៉ាណាក៏មានមន្ត្រីអន្តោប្រវេសន៍មួយចំនួន ត្រូវបានរកឃើញថាមានទំនាក់ទំនងជាមួយភ្ញៀវចេញចូលអាកាសយានដ្ឋាន ដែលត្រូវបានរកឃើញថាផ្ទុកវីរុសកូវីដ១៩ ប៉ុន្តែជាសំណាងល្អពួកគាត់ត្រូវបានពិនិត្យថាមិនបានឆ្លងនោះទេ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលប្រកបដោយអត្ថន័យយកចិត្តទុកដាក់ និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅបំផុតដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដោយបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋាន ដែលបានខិតខំរួមគ្នាបំពេញការងារប្រកបដោយការទទួលខុសត្រូវ គោរពតាមវិជ្ជាជីវៈ បង្កលក្ខណៈសម្បត្តិយ៉ាងច្រើនដល់ភ្ញៀវបរទេស និងប្រជាពលរដ្ឋខ្មែរ ដែលចេញ និងចូលប្រទេសកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាសព្វថ្ងៃនេះ ពិភពលោកកំពុងរួមដៃគ្នាប្រយុទ្ធនឹងសង្គ្រាមដ៏កាចសាហាវមួយ ដែលមិនមែនជាសង្គ្រាមលោក សង្គ្រាមប្រដាប់អាវុធ ឬសង្គ្រាមក្នុងតំបន់អ្វីនោះទេ ប៉ុន្តែគឺជាសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ១៩ដែលបានរាតត្បាតដ៏កាចសាហាវ ហើយមកដល់ពេលនេះយើងបានដឹងថាមានប្រទេសជិត១៨០ដែលបានឆ្លងជំងឺនេះ ក្នុងនោះក៏មានកម្ពុជាយើងដែរ។

សម្ដេចបានបង្ហាញការកត់សំគាល់ថា ក្នុងរយៈពេលចុងក្រោយនេះ ជំងឺនេះបានរាលដាល និងសម្លាប់មនុស្សជាបន្តបន្ទាប់ ជាក់ស្ដែងចាប់ពីម៉ោង៦ព្រឹកថ្ងៃម្សិលមិញ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៤មីនានេះ មានអ្នកឆ្លងជាមេរោគនេះថ្មីដល់ទៅជាង៤ម៉ឺន១ពាន់នាក់ដែលជាចំនួនច្រើន។ ផ្អែកលើវេបសាយព័ត៌មានបរទេសមួយ សម្ដេចក្រឡាហោម បានបន្ថែមថាមានមនុស្សស្លាប់ជាមធ្យម២ពាន់នាក់ក្នុងមួយថ្ងៃដោយសារជំងឺកូវីដ១៩នេះ។

សម្ដេចបានរំលឹកជាថ្មីទៀតពីសវតានៃការរីករាលដាលមេរោគកូវីដ១៩ និងបានទាញចំណាប់អារម្មណ៍ថារហូតមកដល់ពេលនេះ ថ្វីដ្បិតថាកូវីដ១៩បានផ្ទុះចេញដំបូងពីតំបន់វូហានប្រទេសចិន ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាន បាននិយាយខុសគ្នាពីប្រភពដើមនៃមេរោគនេះ ដោយខ្លះបានសន្និដ្ឋានថាវាមិនមែនមានកំណើតនៅវូហាននោះទេ។ យ៉ាងណាក៏ដោយបញ្ហានេះត្រូវបានសម្ដេចគូសបញ្ជាក់ថាជាបញ្ហាបន្ទាប់ទេ ហើយបញ្ហាធំគឺនាំគ្នាប្រយុទ្ធនឹងជំងឺនេះ។

សម្ដេចបានមានប្រសាសន៍ថាឥលូវជំងឺនេះ បាននិងកំពុងប្រឈមខ្លាំងនៅតំបន់អឺរ៉ុប និងអាមេរិក ហើយបញ្ហាប្រឈមធំបំផុតនោះ គឺជំងឺនេះមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជាក់លាក់នៅឡើយ។ សម្ដេចបានបន្ថែមថានៅពេលនេះ ទន្ទឹមនឹងការព្យាបាលអ្នកជំងឺ និងការខិតខំស្រាវជ្រាវរកថ្នាំ និងវ៉ាក់សាំងនោះ វិធានការចាំបាច់បំផុតនោះគឺការដាក់ឱ្យពលរដ្ឋនៅតែក្នុងផ្ទះ ដែលពលរដ្ឋស្ទើតែ១ភាគ៤លើពិភពលោកបានអនុវត្តវិធានការស្នាក់នៅក្នុងផ្ទះ។

យ៉ាងណាក៏ដោយ ដោយសារពលរដ្ឋប្រទេសខ្លះមិនគោរពតាមវិធានការស្នាក់នៅក្នុងផ្ទះ និងបំពានការហាមប្រាមសកម្មភាពដែលនាំឱ្យងាយឆ្លងជំងឺCOVID19 ទើបបានជាធ្វើឱ្យអត្រាឆ្លងមានការហក់ឡើងខ្លាំង ខណៈទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជាជន និងប្រជន លើគ្រប់វិស័យ ក៏ត្រូវបានកាត់ផ្ដាច់ ឬបង្កើនការរឹតបន្តឹង ដូចជាការបិទព្រំដែន បិទជើងហោះហើយ ការផ្អាកពិធីជួបជុំសាសនា អាពាហ៍ពិពាហ៍ ការបិទទីកំសាន្ត ជាដើម គឹត្រូវបានរដ្ឋាភិបាលស្ទើរគ្រប់ប្រទេសអនុវត្ត។

សម្រាប់ប្រទេសកម្ពុជា សម្ដេចបានមានប្រសាសន៍ថាគិតត្រឹមថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបមិនមានជើងហោះហើយទេ ខណៈព្រំដែនគោកជាមួយវៀតណាមដែលបានបិទនោះ ភាគីទាំងពីរបានទុកតែការផ្លាស់ប្ដូរទំនិញក្រោមលក្ខណ្ឌរឹតបន្តឹង។ ដោយឡែកព្រំដែនជាមួយថៃ សម្ដេចបានមានប្រសាសន៍ថាមានភាពខុសគ្នាជាមួយវៀតណាម ដ្បិតកម្ពុជាមានប្រជនចេញចូលច្រើន ហើយពួគាត់ក៏បានសំរុកមកប្រទេសវិញក្នុងកំឡុងពេលថៃបានប្រកាសបិទច្រកទ្វារជាបន្តបន្ទាប់នោះ។

សម្ដេចបានបន្ថែមថាច្រកទ្វារព្រំដែនកម្ពុជាថៃ ក៏ដូចគ្នានឹងច្រកព្រំដែនជាមួយវៀតណាមដែរ គឺការផ្លាស់ប្ដូរទំនិញនៅតែដំណើរការជាធម្មតា ហើយចំពោះការសំរុកវិលមកប្រទេសវិញពីសំណាក់ពលរដ្ឋខ្មែរពីប្រទេសថៃនោះ សម្ដេចបានផ្ដល់ការពន្យល់ថាដោយសារតែសកម្មភាពអាជីវកម្ម ឬការងារនៅប្រទេសថៃត្រូវបានផ្អាក ដែលធ្វើឱ្យពួកគាត់ ក៏ដូចជាពលរដ្ឋថៃដែរ ត្រូវនៅទំនេរច្រើន ដូច្នេះហើយបានជាពួកគាត់សម្រេចវិលមកប្រទេសវិញតែម្ដង។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិ ហើយសម្ដេចតេជោក៏បានចេញសារាចរណែនាំជាបន្តបន្ទាប់ដែរ។ ដោយឡែកក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការដោយឡែក ដោយបានបិទសាលាបណ្ដុះបណ្ដាលនគរបាលទូទាំងប្រទេស និងបានដាក់ចេញវិធានការជាក់ស្ដែងមួយចំនួនដូចជានៅតាមពន្ធនាគារ និងកន្លែងប្រមូលផ្ដុំកងកម្លាំងជាដើម។

សម្ដេចក៏បានមានប្រសាសន៍អំពីការត្រៀមរៀបចំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចេះម្ចាស់ការការពារខ្លួនឯង ដែលជាកត្តាគន្លឹះបំផុត ដោយសម្ដេចបានមានប្រសាសន៍ថានឹងណែនាំឱ្យមានការរៀបចំសារខ្លី ច្បាស់ៗ ដើម្បីចែកចាក់ផ្សាយតាមម៉ូតូ ឬមធ្យោបាយធ្វើដំណើរ។ សម្ដេចបានស្នើអភិបាលរាជធានីខេត្តរៀបចំអនុវត្ត ដោយក្រសួងនឹងរៀបចំខ្លឹមសារនៃសារអប់រំនេះ ហើយក្រុមការងាររដ្ឋបាលនៅនឹងកន្លែងទាំងអស់ ត្រូវត្រៀមមធ្យោបាយដើម្បីអនុវត្តជារៀងរាល់ថ្ងៃ ពិសេសក្នុងពេលបងប្អូនខ្មែរចាប់ផ្ដើមវិលពីប្រទេសថៃ។ 

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងតួនាទីភារកិច្ចមន្ត្រីនគរបាលអន្តោប្រវេសន៍ ដោយសម្ដេចបានណែនាំឱ្យបន្តពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជិវៈ ទប់ស្កាត់ការជ្រៀតចូលពីក្រុមមនុស្សបង្កបញ្ហាដល់ប្រទេសជាតិ រួមគ្នាខិតខំប្រឹងប្រែងជាមួយក្រុមចត្តាឡីសក្ដិត្រួតពិនិត្យរកអ្នកសង្ស័យ និងត្រូវការពារខ្លួនឯងឱ្យបានល្អទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចក៏បានមានប្រសាសន៍ផ្ដល់ការលើកទឹកចិត្តដោយចាត់ទុកមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រៀបបានយុទ្ធជនក្នុងសមរភូមិកូវីដ១៩បន្ទាប់ពីគ្រូពេទ្យ។ សម្ដេចបានមានប្រសាសន៍ថានេះគឺជាភាពក្លាហាន និងការរក្សាបាននូវឧត្តមគតិជាតិ និងប្រជាជនរបស់កម្លាំងនគរបាលអន្តោប្រវេសន៍។ សម្ដេចក៏បានណែនាំឱ្យម្ចាស់ខុនដូ ផ្ទះសំណាក់ សណ្ឋាគារ មេភូមិ មេឃុំចៅសង្កាត់ ប៉ុស្ត៍រដ្ឋបាលត្រូវក្ដាប់ឱ្យបាននូវត្តមានចេញចូលរបស់ជនបរទេស ឬអ្នកចំណូលថ្មី។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ពីការត្រៀមប្រកាសឱ្យអនុវត្តនូវអនុក្រឹត្យថ្មីមួយដែលពាក់ព័ន្ធនឹងការរឹតបន្តឹងការផាកពិន័យអ្នកល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ សម្ដេចបានមានប្រសាសន៍ថាទន្ទឹមនឹងការព្រួយបារម្ភនឹងជំងឺកូវីដ១៩នេះ គ្រោះថ្នាក់ចរាចរណ៍ក៏មិនមានការថមថយដែរ ពិសេសអត្រាអ្នកស្លាប់ដែលមានប្រមាណ៥នាក់ជារៀងរាល់ថ្ងៃ។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលអន្តោប្រវេសន៍នៃច្រកទ្វារអាកាសអន្តរជាតិទាំងអស់នឹងខិតខំបំពេញភារកិច្ច ព្រមទាំងថែទាំងសុខភាពខ្លួនឯងឱ្យបានល្អចៀសផុតពីជំងឺកូវីដ១៩។ សម្ដេចក៏បានប្រកាស និងផ្ដល់ជូននូវម៉ាស់ចំនួន១១០០០ម៉ាស់ ស្រោមដៃ៦ពាន់គូ ជេលសម្លាប់មេរោគ៥០០ដប និងអាល់កុលលាងដៃ៨០០លីត្រជូនប៉ុស្ត៍អន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រះសីហនុ និងកងកេង៕

អត្ថបទដែលជាប់ទាក់ទង