សម្តេចក្រឡាហោម ផ្តល់ប្រាក់លើកទឹកចិត្តដល់កងកម្លាំងនគរបាល ដែល បង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ
ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២
ត្រូវនឹងនៅថ្ងៃទី ០២ខែតុលាឆ្នាំ ២០១៨នេះ សម្តេក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន
គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត
បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល
ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ
នាពេលថ្មីៗនេះ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងនគរបាលជាតិបានស្រាវជ្រាវ និង
ធ្វើការចាប់ខ្លួន សកម្មជន និង មេក្លោង
ចលនាប្រដាប់អាវុខុសច្បាប់នៅទូទាំងប្រទេសចំនួន៩នាក់ ដោយរឹបអូសអាវុធវែង៣០ដើម
អាវុធខ្លីមួយដើម និង ឧបករណ៍ សម្ភារៈផ្សំគ្រឿងផ្ទុះមួយចំនួនទៀត ។
លទ្ធផលនេះគឺ បានធ្វើឡើងក្រោមកិច្ចសហការរវាង
កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ
កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តពោធិ៍សាត់
ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ
និងក្រោមការសម្របសម្រួលនីតិវិធីរបស់ព្រះរាជអាព្រះរាជអាជ្ញារាជធានី-ខេត្តទាំង៣។
នេះគឺជាក្រុមប្រដាប់អាវុធអាណាធិបតេយ្យ
ដែលត្រូវបានបង្ក្រាបបន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨នេះ
។
សូមរំលឹកថា ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត
សម្តេចក្រឡាហោម ស ខេង តែងតែលើកទឹកចិត្ត និង ថ្លែងអំណរគុណ
ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់
ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ
និងសណ្តាប់ធ្នាប់សារធារណៈបានយ៉ាងល្អប្រសើរ
នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
ដែលប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា ។
ជាមួយគ្នានេះសម្តេចក្រឡាហោម ធ្លាប់បានបញ្ជាក់អះអាងដែរថា
ការសម្រេចបាននូវជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ
ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាង សំខាន់ពីប្រជាពលរដ្ឋគ្រប់រូប
និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ
និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល
ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល
និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្សនៅកម្ពុជា៕