សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មានក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២៣០០នាក់ បានអញ្ជើញចូលរួមពិធីសំណេះសំណាលនេះ ក្នុងនោះរួមានមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញមកចូលរួមពិធីបុណ្យទន្លេខេត្តបាត់ដំបង។ ខេត្តបាត់ដំបងបាន និងកំពុងប្រារព្ធពិធីបុណ្យទន្លេ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា។
អញ្ជើញមានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយដែលបានអញ្ជើញមកដល់ទឹកដីខេត្តបាត់ដំបងជាថ្មីទៀត ដើម្បីចូលរួមពិធីបុណ្យទន្លេ ពិសេសបានឆ្លៀតពេលមកជួបសំណេះសំណាលជាមួយបងប្អូននៅទីនេះ។ សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរមន្ត្រីរាជការ កងកម្លាំងទាំងអស់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំបំពេញភារកិច្ច ធ្វើឱ្យបាត់ដំបងការរីកចម្រើន សម្រេចបានសមិទ្ធផលធំៗជាច្រើន ពិសេសការខិតខំរបស់មន្ត្រីនៅមូលដ្ឋាន និងមន្ត្រីក្រុមការងារចុះមូលដ្ឋានដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង។
បន្ទាប់ពីបានគូសបញ្ជាក់អំពីស្ថានភាពជំងឺCOVID19 ទាំងនៅកម្ពុជា និងជុំវិញពិភពលោក ពិសេសការជួយពន្លឿនការដឹកជញ្ជូនវត្ថុធាតុដើមរោងចក្រពីភាគីមិត្តចិនមកកម្ពុជានោះ សម្ដេចតេជោបានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្ត្រីរាជការ ក្រុមប្រឹក្សា និងកងកម្លាំងចំណុះរដ្ឋបាលខេត្ត ដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អការងារភូមិឃុំមានសុវត្ថិភាព គ្រប់គ្រងកុំឱ្យមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ដោយត្រូវមានកិច្ចសហការជាមួយប្រជាពលរដ្ឋ។
សម្ដេចបានណែនាំឱ្យរួមគ្នាផ្ដល់សេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ ដូចជាសេវាចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម រួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែកច្បាប់ ជាដើម ដោយត្រូវចូលរួមផ្តល់ និងដោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព។ សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី អោយបានសមស្រប បានលឿន មានប្រសិទ្ធភាពខ្ពស់ ហើយថាមន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា «យើងមិនមែនជាចៅហ្វាយប្រជាជននោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ដែលត្រូវតែយកយកចិត្តទុកដាក់បម្រើប្រជាជនឱ្យបានល្អ»៕