សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យទីតាំងសំខាន់ៗនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបង។
នៅល្ងាចថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យទីតាំងសំខាន់ៗនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦នៅខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបង បានទទួលរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦នេះ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដោយមានសកម្មភាពជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សិល្បៈ វប្បធម៌ កីឡា និងបរិស្ថាន រួមមានស្តង់អាហារ និងស្តង់លក់ផលិតផលផ្សេងៗសរុបជាង៤០០ស្តង់។
សម្ដេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យ និងទស្សនាស្តង់ពិពណ៌ផលិតផលទាំងនោះ ដោយបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តខ្ពស់ ដល់ស្តង់ពិពណ៌ទាំងអស់ ទាំងស្តង់ផលិតផលក្នុងស្រុក និងស្តង់ផលិតផលមកពីប្រទេសថៃ៕