ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ខេត្តបាត់ដំបង

នៅរសៀលថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាន និងសាលារៀន នៅតាមបណ្ដាភូមិឃុំមួយចំនួនក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យដំណើរការសាងសង់ស្ពានដែកមួយកន្លែង ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។ សម្ដេចបានមានប្រសាសន៍ថាស្ពានដែកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ២៥ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមរបស់ក្រុមការងារ និងសប្បុរសជននានា។

សម្ដេចបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែរ គឺបានចាត់តាំងក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗផង និងជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផង។ ជាក់ស្ដែងមានស្ពានជាច្រើនត្រូវបានសាងសង់ ដើម្បីឆ្លយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចក៏បានសម្ដែងការកោតចំពោះសិស្សក្នុងឃុំកន្ទឺ១ ដែលខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលការចាប់អារម្មណ៍ថាជាឃុំមានសិស្សរៀនពូកែច្រើន។ សម្ដេចមានប្រសាសន៍ថាវត្ថុបំណងរបស់រាជរដ្ឋាភិបាល របស់សម្ដេច និងសប្បុរសជន ក្នុងការសាងសង់សាលារៀន គឺចង់ឲ្យកូនចៅប្រជាពលរដ្ឋមានឱកាសសិក្សារៀនសូត្រ ហើយក្លាយជាធនធានមនុស្សដ៏ល្អរបស់ជាតិ។

ការសំណេះសំណាលរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៃឃុំកន្ទឺ១ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាល និងរីករាយយ៉ាងក្រៅលែង ទោះបីជាធាតុអាកាសនៅពេលរសៀលមានភាពក្ដៅបន្តិចក៏ពិតមែន។

តំណាងប្រជាពលរដ្ឋបានឡើងថ្លែងផ្ទាល់មាត់ នូវសេចក្ដីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចក្រឡាហោម ដែលបានឆ្លៀតពេលវេលាដ៏មមារញឹក អញ្ជើញចុះជួបពួកគាត់ និងជំរុញដំណើរការសាងសង់ស្ពាន។ ពួកគាត់បានបង្ហាញសេចក្ដីរំភើបរីករាយ ដ្បិតបន្ទាប់ពីមានស្ពានប្រើប្រាស់ ពួកគាត់នឹងងាយស្រួលធ្វើដំណើរ ដឹកស្រូវ ដឹកបន្លែ និងប្រកបអាជីវកម្មផ្សេងៗ។

អញ្ជើញចាកចេញពីឃុំកន្ទឺ១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីអមដំណើរ បានបន្តអញ្ជើញទៅកាន់ឃុំកន្តឺ២ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា១ខ្នង ស្មើនឹង១២បន្ទប់ ក្នុងអនុវិទ្យាល័យកន្ទឺ២ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងជំរុញក្រុមការងារទទួលខុសត្រូវការសាងសង់អគារសិក្សានេះ ត្រូវគោរពឱ្យបានល្អតាមបច្ចេកទេសសំណង់ និងបានមានប្រសាសន៍ផ្ដាំផ្ញើលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ត្រូវថែទាំសុខភាពឱ្យបានល្អ ពិសេសប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងជំងឺCOVID-19។

សម្ដេចក៏បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្តប្អូនៗសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ មិត្តល្អ ចៀសឱ្យផុតពីគ្រឿងញៀន បើកបរគោពច្បាប់ចរាចណ៍ ត្រូវចេះថែទាំបរិស្ថានសាលា ចូលរួមដាំកូនឈើ ហើយបន្ទាប់ពីអគារសិក្សានេះសាងសង់រួច និងដាក់ឱ្យប្រើប្រាស់នោះ ត្រូវចូលរួមថែរក្សាឱ្យបានល្អ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរទៅដល់ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីចុះពិនិត្យដំណើរការសាងសង់សាលារៀនមត្តេត្យសិក្សាមួយកន្លែង ដែលទើបនឹងបង្កើតឡើងថ្មី ដើម្បីផ្ដល់ឱកាសឱ្យកុមារតូចៗបានចូលរៀនថ្នាក់មត្តេយ្យទាំង៣កម្រិត ទៅតាមស្តង់ដារអប់រំសម័យទំនើប។

សម្ដេចបានមានប្រសាសន៍សាលាមត្តេយ្យសិក្សា មានសារៈសំខាន់ណាស់សម្រាប់ការអប់រំកុមារតូច ពីព្រោះមត្តេយ្យសិក្សាបានផ្ដល់ការអប់រំផ្នែកពុទ្ធិ និងសីលធម៌ល្អៗដល់ពួកគេ ដែលប្រៀបបាននឹងក្រដាស់ស។ សម្ដេចបានបន្ថែមថាកុមារតូចៗ កាលបើបានមករៀនមត្តេយ្យ ពួកគេក៏ទទួលបានការមើលថែទាំពីលោកគ្រូអ្នកគ្រូ បន្ថែមការមើលថែរបស់ឪពុកម្ដាយ ឬជីដូនជីតា។

មុននឹងបញ្ចប់ដំណើរចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាន និងសាលារៀន ក្នុងឱកាសអញ្ជើញមកដល់ឃុំឈើទាលនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានឆ្លៀតចូលពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់មួយកន្លែង និងបានថ្លែងកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់ម្ចាស់កសិដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង