ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី អំពីការរៀបចំទិវានារីអន្តរជាតិ៨មីនា ដែលក្រសួងមហាផ្ទៃទើបតែបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី១១ខែមីនានេះ ដោយសម្ដេចបានបន្តថាក្រសួងមហាផ្ទៃ បានបង្កើនចំនួនស្ត្រីក្នុងជួរថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជារៀងរាល់ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណជូនភាគីអូស្ត្រាលីចំពោះចំណងមិត្តភាពដ៏ល្អជាមួយប្រទេសកម្ពុជា និងបានស្នើឱ្យអូស្ត្រាលីបន្តនូវកិច្ចព្រមព្រៀងដែលធ្លាប់មានជាមួយក្រសួងមហាផ្ទៃ ដូចជាការងារប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន និងការបណ្ដះបណ្ដាលធនធានមនុស្ស។ សម្ដេចក៏បានថ្លែងរំលែកមរណទុក្ខជាមួយអូស្ត្រាលី ដែលបានជួបនូវគ្រោះមហន្តរាយភ្លើងឆេះព្រៃទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ជាការឆ្លើយតបឯកឧត្តម Pablo Chiho Kang បានជម្រាបជូនសម្ដេចក្រឡាហោម ដោយសម្ដែងសេចក្ដីរីករាយ ដែលបានមកបំពេញតួនាទីជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ជាប្រទេសមានទំនាក់ទំនងល្អជាមួយអូស្ត្រាលី។ ឯកឧត្តមបន្តថាស្ថានទូតអូស្ត្រាលី ក៏បានរៀបចំពិធីអបអរទិវានារីអន្តរជាតិ៨មីនាដែរ ដោយផ្ដោតលើស្ត្រីមានកាយសម្បទាមិនពេញលេញ និងស្ត្រីទទួលបានការសិក្សាកម្រិតPHD។

ជាមួយគ្នានេះឯកឧត្តមអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណភាគីកម្ពុជា ជាពិសេសចំពោះសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកាបរទេស ដែលបានផ្ញើនូវសេចក្ដីរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ចំពោះគ្រោះមហន្តរាយភ្លើងឆេះព្រៃកន្លងមក។ ឯកឧត្តមក៏បានសម្ដែងនូវការសោកស្ដាយ និងរំលែកមណទុក្ខដែរ ចំពោះមហន្តរាយបាក់រលំអគារនៅខេត្តកែបកាលពីពេលកន្លងទៅ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបសម្ដេចក្រឡាហោមដែរថានៅពេលនេះ មានគណៈប្រតិភូមន្ត្រីកម្ពុជាមួយក្រម កំពុងធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ដើម្បីសិក្សាអំពីក្របខណ្ឌនានាក្នុងការងារលើកកម្ពស់សមត្ថភាពនៃការសាងសង់សំណង់ផ្សេងៗ ហើយនៅក្នុងចំណោមគណៈប្រតិភូទាំង២២រូបនោះ ក៏មានមន្ត្រីនៃក្រសួងមហាផ្ទៃចូលរួមដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ឯកឧត្តមបានមានប្រសាសន៍ថាភាគីទាំងពីរមានកិច្ចព្រមព្រៀងនេះជាមួយគ្នារយៈពេលជាច្រើនឆ្នាំមកហើយ ហើយថាភាគីអូស្ត្រាលីនឹងបន្តកិច្ចសហប្រតិបត្តិការនេះជាមួយកម្ពុជាទៀត ពិសេសក្នុងការងារលើកកម្ពស់ការបណ្ដុះបណ្ដាលមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។

ជាកិច្ចបន្ទាប់ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមឯកអគ្គរដ្ឋក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងវិស័យការពារន្តិសុខ កំណែទម្រង់សេវាសាធារណៈ ការងារសមភាពយេនឌ័រ ការងារកំណែទម្រង់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងស្ថានភាពវីរុសCOVID19។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខសាធារណៈ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការប្រយុទ្ធប្រឆាំងការជួយដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន គឺកម្ពុជាបានចាប់រឹបអូសគ្រឿងញៀនប្រមាណ១៥០០គីឡូ។ សម្ដេចបានបង្ហាញការឯកភាពចំពោះការលើកឡើងដែលថាកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែមានការចរាចរណ៍ចែកចាយ និងប្រើប្រាស់។

ចំណែកការងារប្រឆាំងការជួញដូរមនុស្ស សម្ដេចបានមានប្រសាសន៍ថាកម្ពុជាមានយន្តការអនុវត្តការងារនេះច្បាស់លាស់ ហើយតែងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីស្ថាប័នបរទេស ក្នុងនោះក៏មានអាមេរិកដែរ ខណៈការងារកំណេទម្រង់រដ្ឋបាលសាធារណៈ សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំងក្នុងការងារនេះ។

សម្ដេចបានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានបង្កើតច្រកចេញតែមួយនៅតាមរាជធានីខេត្ត និងតាមស្រុកចំនួន១០០ការិយាល័យ  ហើយគ្រោងនឹងបង្កើនជាបន្តបន្ទាប់ទៀត។ សម្ដេចបន្តថារាជរដ្ឋាភិបាលក៏ប្រើប្រាស់យន្តការដើម្បីទទួលបានការពេញចិត្តពីពលរដ្ឋក្នុងមូលដ្ឋាន ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស ការបំពាក់ឧបករណ៍សម្ភារៈ និងការប្រមូលផ្ដុំសេវាសាធារណៈបន្ថែមនៅការិយាល័យច្រកចេញចូលតែមួយ។

សម្ដេចក៏បានមានប្រសាសន៍អំពីការផ្ទេរមុខងារឱ្យរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ក្នុងនោះកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលសម្រេចផ្ទេរឱ្យអនុវត្តសាកល្បងនូវការគ្រប់គ្រងសាលាមត្តេយ្យសិក្សា និងបឋមសិក្សា ក្នុង និងក្រៅប្រព័ន្ធមកឱ្យស្ថិតក្រោមក្រុងស្រុកនៅខេត្តបាត់ដំបង ដើម្បីឈានទៅពង្រីកឱ្យបានទូទាំងប្រទេស។

ជាមួយគ្នានេះសម្ដេចបន្តថារាជរដ្ឋាភិបាលក៏បានផ្ទេរការងារគ្រប់គ្រងមន្ទីរពេទ្យក្នុងខេត្តក្រុងស្រុកមកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តចាប់ពីឆ្នាំ២០២០តទៅ។ សម្ដេចបានបន្ថែមថារាជរដ្ឋាភិបាលក៏កំពុងពិចារណាផ្ទេរវិស័យចាំបាច់មួយចំនួនទៀតទៅឱ្យអាជ្ញាធររដ្ឋបាលក្រោមជាតិ ដោយមានទាំងមុខងារ សិទ្ធិអំណាច និងធនធាន ដើម្បីពង្រឹងការផ្ដល់សេវាសាធារណ និងការអភិវឌ្ឍមួលដ្ឋាន។

ចំពោះការងារសមភាពយេនឌ័រ សម្ដេចឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការងារនេះមានសារៈសំខាន់ក្នុងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ដោយពេលនេះរាជរដ្ឋាភិបាលកំពុងផ្ដោតសំខាន់លើការអប់រំស្ត្រី គាំពារសុខភាពស្ត្រី ការផ្ដល់តួនាទីស្ត្រីក្នុងមុខងារសម្រេចចិត្ត និងការប្រឆាំងអំពើហិង្សាលើស្ត្រី។

នៅក្នុងការងារនេះដែរ សម្ដេចបានបន្ថែមថាក្រសួងមហាផ្ទៃបានសម្រេចគោលដៅយ៉ាងហោចណាស់ឱ្យមានស្ត្រីម្នាក់កាន់តួនាទីនៅក្នុងជួរថ្នាក់ដឹកនាំដែលមានសិទ្ធិសម្រេចចិត្តផ្នែកគោលនយោបាយ។

ចំណែកច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលវិញ សម្ដេចក៏បានមានប្រសាសន៍ដែរថាពេលនេះ តំណាងរាជរដ្ឋាភិបាល និងតំណាងសង្គមស៊ីវិល កំពុងពិភាក្សាគ្នា ដោយឈានទៅឯកភាពគ្នាលើមាត្រាត្រូវពិនិត្យពិចារណាធ្វើវិសោធនកម្មចំនួន៩មាត្រា ក្នុងចំណោម១៧មាត្រា ហើយភាគីទាំងពីរមានការប្ដេជ្ញាចិត្តដូចគ្នាក្នុងការពិភាក្សាព្យាយាមបញ្ចប់នៅឆមាសទី១ឆ្នាំ២០២០។

ដោយឡែកចំពោះករណីវីរុសCOVID19 សម្ដេចក្រឡាហោម បានមានប្រសាសន៍ពីការកចិត្តទុកដាក់លើបញ្ហានេះរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយថាសម្ដេចគាំទ្រនូវប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានណែនាំឱ្យប្រជាជនម្នាក់ៗយកចិត្តទុកដាក់ប្រកាន់អនាម័យផ្ទាល់ខ្លួន និងថាកម្ពុជាបានសម្រេចលុបចោលព្រឹត្តិការណ៍សង្ក្រាន្ត និងបិទសាលារៀននៅក្រុងសៀមរាបជាបណ្ដោះអាសន្ន។

បន្ទាប់ពីបានស្ដាប់ដោយយកចិត្តទុកដាក់ នូវប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងសេចក្ដីថ្លែងអំណរគុណសម្ដេចដែលបានទទួលជួបឯកឧត្តមព្រមទាំងសហការីនាឱកាសនេះ និងបានជម្រាបសម្ដេចថាភាគីអូស្ត្រាលីត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង