ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា

នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានប្រសាសន៍ថាចំនួនស្រ្តីក្នុងតួនាទីដឹកនាំ និងធ្វើសេចក្ដីសម្រេចចិត្ត ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ យ៉ាងណាលោកជំទាវបានស្នើឱ្យមានការបង្កើនក្របខណ្ឌមន្ត្រីជាស្ត្រី និងជំរុញការគាំទ្រក្រុមការងារយេនឌ័របន្ថែមទៀតពីប្រធានអង្គភាព និងស្ថាប័នពាក់ព័ន្ធ។ លោកជំទាវក៏បានបង្ហាញការប្ដេជ្ញាចិត្តជំរុញការលើកកម្ពស់សមភាពយេនឌ័របន្ថែមទៀតដែរ។

ជាមួយគ្នានេះដែរ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ដោយគូសបញ្ជាក់អំពីគោលនយោបាយរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាច និងឱកាសដល់ស្ត្រី និងក្មេងស្រ្តី ក្នុងវិស័យអប់រំ វិស័យសេដ្ឋកិច្ច ការថែទាំសុខភាព វិស័យនយោបាយ និងការសម្រេចចិត្ត។ លោកជំទាវបានអំពាវនាវគ្រប់ភាគីចូលរួបលំបាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី លើកកម្ពស់សីលធម៌សង្គម និងលើកកម្ពស់ការចូលរួមស្រ្តីក្នុងវិស័យធុរកិច្ចគ្រប់កម្រិតជាដើម។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីលំឱនកាយថ្វាយបង្គំ និងថ្លែងអំណរព្រះគុណ សម្ដេចព្រះមហាក្សត្រីយ៍ មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសន្តិភាព សេរីភាព និងសេចក្ដីថ្លែថ្នូរ ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប គ្រប់ច្រកល្ហក ជាពិសេសពលរដ្ឋជានារី ប្រកបដោយព្រះទ័យមនុស្សធម៌ អាណិតស្រឡាញ់ និងជួយដោះស្រាយទុក្ខលំបាកតាមរយៈកាក្របាទក្រហមកម្ពុជា និងព្រះរាជអំណោយរបស់ព្រះអង្គផ្ទាល់។

សម្ដេចក្រឡាហោម ក៏បានថ្លែងបួងសួងគុណបុណ្យព្រះរតនត្រ័យ បារមីព្រះមហាស្វេត្រឆ័ត្រ និងដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ពិសេសព្រះបរមរតនកោដ្ឋ សូមប្រទានព្រះរាជសព្វសាធុកាពរជ័យសិរីមង្គលគ្រប់ប្រការ ថ្វាយព្រះវររាជមាតា និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងបានបួងសួងទេព្តាឆ្នាំថ្មី បារមីវត្ថុសក្ដិសិទ្ធក្នុលោកប្រទានពរជ័យសិរីមង្គលជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍ថាប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ» គឺជាការបង្ហាញឱ្យឃើញនូវតម្លៃនៃសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ពោលគឺបើគ្មានសន្តិភាពទេ នឹងមិនអាចនិយាយដល់សមភាពយេនឌ័រ ឬការអភិវឌ្ឍអ្វីៗទាំងអស់ ពោលគឺអ្វីៗនឹងត្រូវបានបំផ្លាញ ដោយសារតែភាពគ្មានសន្តិសុខ។ ដូច្នេះហើយសម្ដេចបានសង្កត់ធ្ងន់ថាក្រសួងមហាផ្ទៃ បានប្រកាន់ខ្ជាប់នូវតួនាទីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់រស់នៅប្រកបដោយភាពសុខសាន្ត សន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

សម្ដេចក្រឡាហោម ក៏បានថ្លែងកោតសរសើរចំពោះក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដែលបានរួមសហការគ្នាខិតខំបំពេញភារកិច្ចទាំងការងារដឹកនាំ និងការអនុវត្តការងារស្នូលបានកាន់តែល្អប្រសើរ ដែលនេះគឺជាការលើកកម្ពស់សមភាពយេនឌ័រ។ ជាមួយគ្នានេះ សម្ដេចក៏បានសម្ដែងការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំជាបុរស ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើរ គាំទ្រ និងលើកទឹកចិត្តស្ត្រីថាជាដៃគូ និងជាមិត្តរួមការងារដ៏មានសក្ដានុពល និងនាំគ្នាធ្វើការងារយ៉ាងសកម្ម រហូតទទួលបានជោគជ័យលើកិច្ចការសំខាន់ៗជាច្រើនពាក់ព័ន្ធនឹតការលើកកម្ពស់ស្ត្រី។

ពាក់ព័ន្ធនឹងការលើកម្ពស់សមភាពយេនឌ័រ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចតែងតែបានដាស់តឿនក្រើនរំលឹកដល់គ្រប់អង្គភាព និងស្ថាប័នចំណុះ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជួយដល់ក្រុមការងារយេនឌ័រ ដើម្បីបែងចែកតួនាទីការងារ ភារកិច្ច ការទទួលខសត្រូវ សិទ្ធិអំណាច ឱកាស ធនធាន និងផលប្រយោជន៍ប្រកបដោយសមធម៌រវាងស្ត្រី និងបុរស ហើយថាជាបណ្ដើរៗស្ត្រីក្នុងវិស័យទាំងបីនៃក្រសួងមហាផ្ទៃ គឺកងកម្លាំងនគរបាលជាតិ រដ្ឋបាលស៊ីវិល និងអង្គភាពពន្ធនាគារ ត្រូវបានបង្កើនទិន្នន័យថ្មីគ្រប់កម្រិត ពិសេសស្ត្រីអ្នកបន្តវេនដឹកនាំ។

សម្ដេចបានថ្លែងទទួលស្គាល់ថាជាការពិត ក្រសួងមហាផ្ទៃមិនទាន់ធ្វើឱ្យកំណើនអត្រាភាគរយស្ត្រីក្នុងមុងតំណែងគ្រប់ឋានានុក្រមឱ្យបានសមស្របនៅឡើយ ប៉ុន្តែជាបណ្ដើរៗ សម្ដេចបានអះអាងថាក្រសួងបានរៀបចំយុទ្ធសាស្ត្រសម្រាប់ការបង្កើនចំនួនស្ត្រីឱ្យបានសមស្របពីមួយឆ្នាំទៅមួយឆ្នាំ ផ្អែកលើភាពចាំបាច់ គោលការណ៍ និងច្បាប់កំណត់ រួមទាំងការខិតខំបង្កើនសមត្ថភាព ពង្រឹងការទទួលខុសត្រូវ ដល់មន្ត្រីទាំងស្រ្តី និងបុរស ដែលបង្ហាញឡើងតាមរយៈកិច្ចខិតខំប្រឹងប្រែងបង្កើតស្នាដៃ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទៅតាមលក្ខខ័ណ្ឌត្រូវលើកទឹកចិត្ត។

សម្ដេចបានបញ្ជាក់នូវការប្ដេជ្ញាចិត្តជាថ្មីដើម្បីធ្វើឱ្យសម្រេចគោលដៅក្នុងផែនការយុទ្ធសាស្ត្រសមភាពយេនឌ័ររបស់ក្រសួង រួមមានការលុបបំបាត់ការរើសអើងយេនឌ័រក្នុងការងារវាយតម្លៃគុណភាពការងារមន្ត្រីស្រ្តី និងបុរស, ពិនិត្យលទ្ធភាព និងលក្ខខ័ណ្ឌជ្រើសរើសតែងតាំងមុខតំណែងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីបង្កើនអត្រាចូលរួមរបស់ស្ត្រី, គ្រប់អង្គភាពចំណុះក្រសួងទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពង្រឹងរបៀបរបការងារ ក្រមសីលធម៌មន្ត្រី នគរបាល និងមន្ត្រីពន្ធនាគារ ដើម្បីបំពេញភារកិច្ចរួមគ្នាលើកតម្កើងតម្លៃស្ត្រី, ជំរុញ និងលើកទឹកចិត្តមន្ត្រីទាំងស្ត្រី និងបុរសខិតខំបង្កើនសមត្ថភាព និងខិតខំយកចិត្តទុកដាក់ឆ្លើយតបសេចក្ដីត្រូវការ បំណងប្រាថ្នារបស់ពលរដ្ឋគ្រប់និន្នាការ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ត្រួសៗអំពីស្ថានភាពនៃការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID19 ដែលកំពុងគំរាមកំហែងដល់សុខភាពប្រជាជាតិ និងសេដ្ឋកិច្ចលើពិភពលោក។ សម្ដេចក៏បានបង្ហាញការកត់សំគាល់អំពីអត្រាឆ្លងមេរោគនេះខ្លាំងនៅប្រទេសលោកខាងលិច ការធ្លាក់ចុះអត្រាអ្នកឆ្លងនៅប្រទេសចិន ការចេញផ្សាយដោយស្ថាប័នព័ត៌មានល្បីៗដែលថាមេរោគនេះមិនមែនផ្ទុះចេញពិប្រទេសចិន ប៉ុន្តែទំនងជាចេញពីអាមេរិក និងស្ថានភាពជំងឺនេះនៅប្រទេសកម្ពុជា បន្ទាប់ពីរកឃើញស្ត្រីជនជាតិអង់គ្លេសម្នាក់ទៀតមានផ្ទុកCOVID19។

មុននឹងបញ្ចប់ សម្ដេចបានមានប្រសាសន៍ណែនាំ និងអំពាវនាវថ្នាក់ដឹកនាំគ្រប់កម្រិតនៃក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមចូលរួមខិតខំធ្វើយ៉ាងណាដើម្បីបង្កើនលទ្ធភាពទប់ទល់នឹងស្ថានភាពដ៏លំបាកនេះ ដោយត្រូវអប់រំណែនាំមន្ត្រីក្រោមឱវាទ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ តាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល និងត្រូវចូលរួមកាត់បន្ថយការចំណាយមិនសមហេតុផល ឬមិនសូវចាំបាច់ ដើម្បីប្រមូលការយកចិត្តទុកដាក់ខ្ពស់ចំពោះការត្រៀមលក្ខណៈឆ្លើយតបនឹងហានីភ័យទាំងឡាយដែលមិនអាចប៉ាន់ស្មានបានជាមុន ព្រមទាំងចូលរួមលំបំបាត់ព័ត៌មានបំផ្លើស បំភ័យ បង្កចលាចល ពាក់ព័ន្ធនឹងCOVID19៕

អត្ថបទដែលជាប់ទាក់ទង