សម្ដេចក្រឡហោម ស ខេង អនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជាចូលជួបសម្ដែងការគួរសម
នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដឹកនាំដោយលោក សោម អូន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយរម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាពេលកន្លងមក ដែលបានរួមគ្នាបំពេញភារកិច្ចការពារសិទ្ធិសេរីភាពស្របច្បាប់របស់កម្មករកម្មការិនី ទាំងនៅក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ការបូបស្បែកជើង ការងារក្រៅប្រព័ន្ធនានា និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាន៍អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីឆ្លើយតបនឹងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA និងការដោះស្រាយបញ្ហាប្រឈម ដែលបានកើតចេញពីការរីករាយដាលនៃជំងឺរលាកសួតប្រភេទថ្មី ឬCOVID19 ធ្វើឱ្យប៉ះពាល់ដល់ដំណើការផលិតកម្មរបស់រោងចក្រ ពិសេសនៅពេលដែលចិនបានផ្អាកការបញ្ជូនវត្ថុធាតុដើមចេញទៅក្រៅប្រទេសរាប់ទាំងកម្ពុជានាពេលកន្លងមក។
ជម្រាបជូនម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនាឱកាសនោះដែរ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានមានប្រសាសន៍អំពីសកម្មភាពនានា ដែលបានបំពេញក្នុងរយៈពេលពេញមួយឆ្នាំ២០១៩កន្លងទៅ ក្នុងនោះរួមមានការចូលរួមចរចាប្រាក់ឈ្នួលកម្មករប្រចាំឆ្នាំក្នុងយន្តការត្រីភាគី ការចូលរួមក្នុងកិច្ចការសង្គមនានា និងការផ្សព្វផ្សាយណែនាំជូនកម្មករអំពីផលវិបាកនៃការចូលរួមសកមម្មភាពផ្ទុយនឹងច្បាប់ជាមួយសហជីពមាននិន្នការប្រឆាំង និងជាមួយអ្នកនយោបាយ ដែលយកកម្មករធ្វើជាឈ្នាន់។
លោកក៏បានស្នើសុំសម្ដេចក្រឡាហោម ជួយផ្ដល់សម្ភារៈការិយាល័យមួយចំនួន រួមមានតុ និងកៅអីប្រជុំ ម៉ាស៊ីនLCD កុំព្យូទ័រ ម៉ាស៊ីនកូពី ព្រមទាំងសំណើរមួយចំនួនទៀតដែលពាក់ព័ន្ធនឹងការគាំទ្រដល់ការប្រព្រឹត្តទៅរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា។ ជាការឆ្លើយបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានឯកភាពផ្ដល់ជូននូវសម្ភារៈការិយល័យទៅតាមសំណើរ និងសម្រេចផ្ដល់ការគាំទ្រជាថវិកាប្រចាំខែ ព្រមទាំងទទួលពិនិត្យពិចារណានូវសំណើរមួយចំនួនដែលសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានស្នើឡើង៕