ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង

នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តស្នាយសរ ស្ថិតក្នុងភូមិព្រៃខ្លា និងភូមិពោធិសាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើមអង្គពិធីបានស្ដាប់របាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុកពារាំង ដែលបានជម្រាបជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីស្ថានភាពទូទៅនៅក្នុងតំបន់រដ្ឋបាលស្រុកពារាំង និងអំពីសវតានៃការកសាងសមិទ្ធផលនានាជាបន្ទាប់ ពិសេសសមិទ្ធផលព្រះវិហារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ដែលសរុបជាថវិកាអស់ប្រមាណ៩រយ៧លានរៀល និងប្រាក់ដុល្លារជាង១២ម៉ឺន៣ពាន់ដុល្លារ ហើយក្នុងនោះនៅខ្វះខាតឈ្នួលជាងប្រមាណជាង៤ម៉ឺនដុល្លារអាមេរិក។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពីធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចសម្ដែងសេចក្ដីរំភើបរីករាយ និងថ្លែងអំណរព្រះគុណ និងអគុណ ព្រះគ្រូចៅអធិការវត្ត អាចារ្យគណៈកម្មការ ប្រជាពុទ្ធបរិស័ទ និងសប្បុរសជនជិតឆាយទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលបានរួមកម្លាំងសទ្ធា និងឆន្ទះម៉ុះមុត ក្នុងការសាងសង់បានរួចរាល់ជាស្ថាពរនូវសព្រះវិហារ និងសមិទ្ធផលនានា ដោយមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ និងមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ពិសេសក្រុមការងារចុះមូលដ្ឋាន។

សម្ដេចបានមានប្រសាសន៍ថាទន្ទឹមនឹងសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ នៅថ្ងៃនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ និងប្រកាសបើកការដ្ឋានស្ថាបនាផ្លូវជាតិដ៏មានសារៈសំខាន់នៅខេត្តប៉ែកភាគខាងលិចភាគនិរតីនៃប្រទេសដែរ ដែលនេះមានន័យថាវិស័យពុទ្ធចក្រ និងអណាចក្រនៅកម្ពុជា កំពុងមានការរីកចំរើនព្រមៗគ្នា ហើយវិស័យផ្សេងទៀតក៏មិនខុសគ្នាដែរ ដោយសម្ដេចបានសង្កត់ធ្ងន់ថានៅពេលប្រទេសជាតិមានសុខសន្តិភាព អ្វីក៏យើងអាចធ្វើបានដែរ។

ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាល បានបែងចែកថវិកាសម្រាប់ការសាងសង់ និងជួសជុលផ្លូវ កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការស្ថាបនាផ្លូវថ្មីៗ ការកែប្រែផ្លូវទៅជាគ្រួសក្រហម ផ្លូវបេតុង ផ្លូវកៅស៊ូទាំងកម្រិតផ្លូវជនបទ ផ្លូវខេត្ត និងផ្លូវជាតិ ជាក់ស្ដែងសម្រាប់ផ្លូវជាតិ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានៅសល់តែកំណត់ផ្លូវជាតិដែលសម្ដេចប្រកាសបើកការដ្ឋានសាងសង់នៅថ្ងៃនេះមួយខ្សែទៀតប៉ុណ្ណោះ គឺនឹងមានផ្លូវស្អាតព័ទ្ធមួយជុំប្រទេសតែម្ដង ដែលសមិទ្ធផលនេះ នឹងផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងកសិផលនានាដល់ប្រជាពលរដ្ឋ អាជីវកម្ម និងវិនិយោគគិនជាតិ និងអន្តរជាតិ។

ក្រៅពីនេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋក្នុងអង្គពិធី អំពីការបែងចែកមន្ត្រីមកបំពេញការងារនៅថ្នាក់មូលដ្ឋាន ព្រមទាំងបានផ្ទេរសិទ្ធិអំណាច និងធនធានហិរញ្ញវត្ថុ ដើម្បីឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធផលគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានសំដៅបំរើផលប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាល និងគណបក្សក៏បានចាត់តាំងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីផ្ដល់ការគាំទ្រ និងដោះស្រាយបញ្ហាផ្សេងៗបន្ថែមទៀតជូនប្រជាពលរដ្ឋ។

ត្រង់ចំណុចនេះសម្ដេចក្រឡាហោមបានទាញចំណាប់អារម្មណ៍អង្គពិធីថាថ្នាក់ដឹកនាំ និងមន្ត្រីសម័យនេះ មិនសូវមានពេលដើរលេង សប្បាយហ៊ឺហារនាថ្ងៃចុងសប្ដាហ៍ដូចថ្នាក់ដឹកនាំ និងមន្ត្រីសម័យមុនឡើយ ពោលគឺរាជរដ្ឋាភិបាល និងគណបក្ស បានចាត់តាំងការទទួលខុសត្រូវឱ្យចុះមូលដ្ឋានដើម្បីធ្វើវេទិកាសាធារណៈ ប្រមូលសំណូមពរ ក្ដីកង្វល់ និងក្ដាប់នូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយបញ្ហាណាដែលលើសពីសមត្ថកិច្ច ឬសមត្ថភាព ក្រុមការងារនឹងលើកយកមកដោះស្រាយជាមួយថ្នាក់ដឹកនាំបន្តទៀត ដោយមិនទុកឱ្យបញ្ហាណាមួយរបស់ពលរដ្ឋត្រូវកប់ចោលជាដាច់ខាត។

តំណាលគ្នានេះ រាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានផ្ទេរមុខងារ សិទ្ធិអំណាច ធនធាន ពីថ្នាក់ជាតិមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ រួមមានរាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងឃុំសង្កាត់ ហើយជាក់ស្ដែងឃុំសង្កាត់នៅឆ្នាំ២០២០នេះ បានទទួលការបង្កើនថវិការដ្ឋបាល និងថវិកាអភិវឌ្ឍន៍ទ្វេដង ក្នុងនោះសម្រាប់ថវិកាអភិវឌ្ឍន៍ ក្នុងមួយឃុំ ឬសង្កាត់ បានទទួលពីប្រមាណ៣ម៉ឺនដុល្លារនៅឆ្នាំ២០១៩ មកដល់ជាង៧ម៉ឺនដុល្លារនៅឆ្នាំ២០២០។ ដូច្នេះក្រុមប្រឹក្សាឃុំខង្កាត់ នឹងកាន់តែមានលទ្ធភាពច្រើនជាងមុនក្នុងការសម្រេចចិត្តអភិវឌ្ឍន៍មូលដ្ឋានទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចបានបន្ថែមការធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល គឺដើម្បីផ្ដល់សិទ្ធិអំណាច និងផលប្រយោជន៍ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីដែលនៅក្បែរពលរដ្ឋ មិនមែនក្ដោបអំណាចទុកតែនៅថ្នាក់លើដូចពីអតីតកាលនោះឡើយ ហើយថាការងារនេះគឺត្រូវការការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។ សម្ដេចបន្តថាកិច្ចការដែលត្រូវបានលើកទឹកចិត្តឱ្យចូលរួមខ្ពស់បំផុតនោះ គឺការរួមគ្នាការពារសុខសន្តិភាព ឯករាជ្យភាព បូរណភាពដែនដី និងអធិបតេយ្យជាតិ។ សម្ដេចបានរំលឹកថាកម្ពុជាពីអតីតកាល យើងមានដែនដីធំណាស់ ប៉ុន្តែព្រោះតែបាត់សន្តិភាព យើងបាត់ឯករាជ្យជាតិ យើងបាត់បង់ទឹកដី និងទទួលរងវិនាសកម្មគ្រប់បែបយ៉ាង ដូច្នេះពេលនេះយើងដែលមានបទពិសោធន៍គ្រប់គ្រាន់ ត្រូវតែរួមគ្នាការពារសុខសន្តិភាពឱ្យបាន។

សម្ដេចបានពន្យល់ជូនប្រជាពលរដ្ឋថាជាការពិតសុខសន្តិភាពគឺជាគន្លឹះនាំឱ្យមានការអភិវឌ្ឍ ហើយពលរដ្ឋអាចទទួលបានផលពីការអភិវឌ្ឍនេះ ទៅតាមចំណេះដឹង សមត្ថភាព និងការចេះក្ដាប់យកឱកាសនានា។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាល កំពុងខិតខំធ្វើយ៉ាងណាឱ្យផលនៃកំណើនសេដ្ឋកិច្ចជាតិបានមកដល់មូលដ្ឋានប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស និងការផ្ដល់សេវាសាធារណៈនានា។ សម្ដេចបន្តថានៅពេលពលរដ្ឋមានទឹកស្អាតប្រើប្រាស់ពួកគាត់នឹងមានសុខភាពល្អ មានផ្លូវ និងមានភ្លើងអគ្គីសនីប្រើប្រាស់ នឹងធ្វើឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរ និងមានឱកាសប្រកបអាជីវកម្មកាន់តែច្រើន និងនៅពេលមានសាលារៀនពលរដ្ឋនឹងមានឱកាសឱ្យកូនៗបានសិក្សារៀនសូត្រមានចំណេះដឹងប្រកួតប្រជែងក្នុសង្គមការងារកាន់តែច្រើន។

ពីវេធិកាអធិបតីនេះដែរ សម្ដេចក្រឡហោម ស ខេង ក៏បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពនៃជំងឺផ្លូវដង្ហើមថ្មី ឬCOVID19 និងការព្យាយាមទប់ស្កាត់ទាំងនៅប្រទេសចិន នៅក្នុងប្រទេសមានការរីករាលដាល និងនៅកម្ពុជាយើងបន្ទាប់ពីមានការរកឃើញថាជនជាតិជប៉ុនម្នាក់មានផ្ទុកជម្ងឺនេះ ហើយបានឆ្លងលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។ សម្ដេចបានមានប្រសាសន៍ពីចំណាត់ការប្រកបដោយភាពជឿជាក់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងយន្តការសកលក្នុងការបង្កាទប់ស្កាត់មេរោយនេះ ព្រមទាំងបានអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំមានក្ដីព្រួយបារម្ភជ្រុលហួសហេតុ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវគោលការអនាម័យ និងវិធានការការពារខ្លួនឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមបង្កាទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍។

ពាក់ព័ន្ធនឹងសមិទ្ធផលព្រះវិហារ និងសំណង់ក្នុងវិស័យព្រះពុទ្ធសាសនាផ្សេងទៀតដែលប្រារព្ធពិធីសម្ពោធនេះថ្ងៃនេះវិញ សម្រាប់រថវិកាសាងសង់ដែលនៅខ្វះខាតប្រមាណជាង៤ម៉ឺនដុល្លា ដូចលោកអភិបាលស្រុកពារាំងបានបញ្ជាក់ជូនខាងដើមនោះ ដោយមានការចូលរួមគាំទ្រពីឯកឧត្តម លោកជំទាវ ក្រុមការងារ និងសប្បុរសជននានា សម្ដេចក្រឡាហោម បានសម្រេចប្រកាសប្រគេន និងផ្ដល់ជូនបច្ច័យបង្គ្រប់ការខ្វះខាតនេះ និងថែមទាំងបានប្រគេនបច្ច័យបន្ថែមទៀតដល់បណ្ដាវត្តមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនាទៅតាមតម្រូវការក្នុងទីអារាមនីមួយៗ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចូលរូមថែរក្សាការពារសមិទ្ធផលទាំងនេះ និងត្រូវរួមគ្នាដាំដើមឈើឱ្យបានច្រើន ពិសេសនៅក្នុងបរិវេណវត្ត សាលារៀន និងនៅតាមភូមិដ្ឋាន។ មុននឹងបញ្ចប់ការមានប្រសាសន៍សំណេះសំណាល សម្ដេចក្រឡាហោមបានអញ្ជើញបានប្រគេន និងបំពាក់គ្រឿងឥស្សរយយស ព្រមទាំងមេដាយប្រគេនព្រះសង្ឃ និងជូណអាចារ្យគណៈកម្មការវត្ត ឯកឧត្តមលោកជំទាវ អស់លោកលោកស្រីជាក្រុមការងារ និងសប្បុរសជន ព្រមទាំងបានប្រគល់ជូនអំណោយដល់អង្គពិធី មុននឹងអញ្ជើញប្រារព្ធពិធីកាត់ខណ្ឌសីមាព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង