ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង មាតុភូមិនិវត្តន៍បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលការអនុវត្តកំណត់ហេតុ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង  រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ ដែលសម្រេចបានតាមរយៈការអនុវត្តកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងទាំងពីរ រួមមានការផ្លាស់ប្ដូរទស្សនកិច្ចប្រតិភូអាជ្ញាធរខេត្តជាប់ព្រំដែន និងប្រតិភូនៃបណ្ដាអង្គភាពពាក់ព័ន្ធនៅថ្នាក់ក្រសួង ការងារបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមបណ្ដោយព្រំដែន ពិសេសបទល្មើសគ្រឿងញៀន។

ភាគីទាំងពីរក៏បានកត់សំគាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចនៃបណ្ដាខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាប់ព្រំដែនបានយ៉ាងល្អប្រសើររួមចំណែកបង្កលក្ខណ្ឌអំណោយផលដល់ការប្រកបអាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បំរើការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា ឡាវ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន បន្តជំរុញអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរឱ្យសហការបង្កលក្ខណៈងាយស្រួលដល់ការ ចេញ ចូល ឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ និងការផ្លាស់ប្ដូរពាណិជ្ជកម្មទៅវិញទៅមក ដើម្បីបំរើដល់សេចក្ដីត្រូវការនៃការអភិវឌ្ឍ និងការរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតំបន់ព្រំដែន ព្រមទាំងសហការដោះស្រាយបញ្ហា ឬបាតុភាពផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយសន្តិវិធី និងមានការយោគយល់គ្នាខ្ពស់។

ភាគីទាំងពីរនឹងបន្តសហការចាត់វិធានការម៉ឺងម៉ាត់ទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀនឆ្លងដែននៃប្រទេសទាំងពីរ ព្រមទាំងសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ទៅវិញទៅមក ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ជាពិសេសជំរុញបង្កើតភូមិឃុំ និងសាលារៀនគ្មានគ្រឿងញៀនតាមតំបន់ព្រំដែន និងបន្តជំរុញចាត់វិធានការតឹងរឹងដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាប់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញឯកឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប ដើម្បីចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលការអនុវត្តកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងទាំងពីរ។

ដោយឡែកក្នុងពេលបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវៀងច័ន្ទនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួងមហាផ្ទៃ ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្ដែងការគួរសម និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ជូនឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តម ថងលូន ស៊ីសូលីត ក៏បានសម្ដែងការអបអរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់រវាងប្រមុខដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលបានរួមចំណែករឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ទាំងលើវិស័យសេដ្ឋកិច្ច នយោបាយ សន្តិសុខ កាន់តែរឹងមាំថែមទៀត។

ក្នុងជំនួបនោះដែរភាគីទាំងពីរបានកត់សំគាល់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ដែលជាការរួមចំណែកមិនអាចខ្វះបានក្នុងបុព្វហេតុនៃការរក្សាសន្តិសុខជូនជាតិ និងប្រជាជន ជាពិសេសការបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង