សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល
នៅព្រឹកថ្ងៃពុធ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ប្រារព្ធនៅសាលាខេត្តកណ្ដាល។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួងពាក់ព័ន្ធ តំណាងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល ក្រុមប្រឹក្សា គណៈអភិបាល ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីរាជការ ព្រមទាំងកងម្លាំងអាជ្ញាធរចំណុះរដ្ឋបាលខេត្តជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ម៉ៅ ភិរុណ បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងអង់ពីធី ដោយបានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តកណ្ដាលសម្រេចបាន ក្នុងអំឡុងពេលឯកឧត្តមបំពេញភារកិច្ចជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនារយៈពេលកន្លងមក។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញអានព្រះរាជក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងអនុក្រឹត្យតែងតាំងលោក នុត ពុធដារ៉ា ជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល។
សម្ដេចក្រឡហាម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ព្រះរាជក្រឹត្យ និងត្រាអភិបាលខេត្តជូនឯកឧត្តម គង់ សោភ័ណ្ឌ និងអនុក្រឹត្យជូនលោក នុត ពុធដារ៉ា មុននឹងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញថ្លែងប្ដេជ្ញាចិត្តបំពេញភារកិច្ចចូលរួមការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជាតិ ពិសេសពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿង ព្រមទាំងកិច្ចការសំខាន់ៗជាច្រើនទៀតតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
អញ្ជើញមានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ឯកឧត្តម ម៉ៅ ភិរុណ នាពេលកន្លងមក និងបានរំលឹកអំពីវសតានៃការងាររបស់ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តម នុត ពុធដារ៉ា ដោយសម្ដេចបានគូសបញ្ជាក់ថាឧត្តមមន្ត្រីទាំងពីររូបនេះ សុទ្ធតែឆ្លងកាត់ការសិក្សារៀនសូត្រ និងការបំពេញភារកិច្ចបានល្អជាបន្តបន្ទាប់ ពិសេសលក្ខណៈសម្បត្តិគ្រប់គ្រាន់។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗមួយចំនួនទៅកាន់អង្គពិធី ក្នុងនោះរួមមានការពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តត្រូវបន្តចូលរួមទប់ស្កាត់ចលនាប៉ុនប៉ងបង្កភាពវឹកវរក្នុងសង្គម បំផុសបង្កើតបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិ បាល។ យ៉ាងណាក៏ដោយ សម្ដេចក៏បានដាស់តឿនឱ្យបង្កើនការប្រយ័ត្នប្រយែងចំពោះសកម្មភាពខ្លួនឯងដែរ ដ្បិតពេលខ្លះសម្ដេចក៏យល់ដែរថាការងើបឡើងរបស់ប្រជាពលរដ្ឋ ឬបដិវត្តន៍ពណ៌ជាដើមនិះ វាក៏អាចកើតចេញពីទង្វើអសកម្មណាមួយរបស់ថ្នាក់ដឹកនាំ ឬមន្ត្រីដែរទោះដោយដឹងខ្លួន ឬមិនដឹងខ្លួន ឧទាហរណ៍ការប្រើអំពើហិង្សាលើពលរដ្ឋ ការកប់ចោលក្ដីកង្វល់ឬសំណូមពរពលរដ្ឋ ឬពាក់ព័ន្ធបទល្មើសព្រៃឈើ ដូចជាការចាប់បានតែពលរដ្ឋតូចតាច ប៉ុន្តែឈ្មួញធំៗបែរជាចាប់មិនសូវបានជាដើម។
ចំពោះបញ្ហាគ្រឿងញៀន សម្ដេចក្រឡាហោម បានមានប្រសាសន៍ពីលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅឆ្នាំ២០១៩កន្លងទៅនេះ ពិសេសនៅតាមក្លឹប ឬទីតាំងកំសាន្តពេលរាត្រី និងការបង្ក្រាបការនាំចូលគ្រឿងញៀនតាមច្រកព្រំដែនជាដើម។ សម្ដេចនៅតែព្រួយបារម្ភចំពោះការចែកចាយ និងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយតូច ពិសេសការហូរគ្រឿងញៀនចូលទៅតំបន់ជនបទស្រុកស្រែចំការ។ សម្ដេចបានអំពាវនាវអាជ្ញាធរភូមិឃុំ និងប៉ស្តិ៍នគរបាលរដ្ឋបាល ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន ដោយត្រូវចាត់ទុកបញ្ហាគ្រឿងញៀននេះជាកិច្ចការអាទិភាពមួយ ដ្បិតវាមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។
បញ្ហាចរាចរណ៍ក៏ត្រូវបានសម្ដេចឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ទៅកាន់អង្គពិធីដែរ ដោយសម្ដេចបានបន្តមានប្រសាសន៍អំពីកំណើននៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩កន្លងទៅ និងការដាក់ចេញវិធានការណ៍រឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានកាន់តែម៉ឺងម៉ាត់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ក្នុងនោះក្រសួងមហាផ្ទៃកំពុងព្រាងអនុក្រឹត្យដើម្បីបង្កើនទំងន់នៃការផាកពិន័យ និងទោសចំពោះអ្នកបំពានច្បាប់ចរាចរណ៍ដើម្បីដាក់ជូនសម្ដេចតេជោសម្រេចនាពេលឆាប់ៗ មុននឹងឈានទៅធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលនឹងមានការចែងកាន់តែច្បាស់ និងធ្ងន់ធ្ងរអំពីទោសនៃបទល្មើសចរាចរណ៍។ សម្ដេចនៅតែរំលឹកជាថ្មីទៀតថាការអនុវត្តច្បាប់ត្រូវតែធ្វើឡើងដោយគ្មានការលើកលែង ឬយល់យោគអ្វីទាំងអស់ គឺមនុស្សទាំងអស់គ្នា មានភាពស្មើគ្នាចំពោះមុខច្បាប់។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយសម្ដេចបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយការតាំងចិត្តខ្ពស់ពីសំណាក់មេ ឃុំ ចៅសង្កាត់ មេភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងការប្រគៀកស្មាគ្នាបំពេញភារកិច្ចបំរើសេវាសាធារណៈជូនពលរដ្ឋ ទប់ស្កាត់ភាពអសកម្មផ្សេងៗ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យរីកចំរើនទៅតាមគោលនយោបាយរាជរដ្ឋាភិបាល ពិសេសរាជរដ្ឋាភិបាលដែលក៏ទើបតែបានបង្កើនថវិការឃុំសង្កាត់នៅឆ្នាំ២០២០នេះ ដើម្បីផ្ដល់លទ្ធភាពកាន់តែច្រើនជូនក្រុមប្រឹក្សាឃុំសង្កាត់ប្រើប្រាស់សម្រាប់បំរើសេចក្ដីត្រូវការក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះសម្ដេចក៏បានក្រើនរំលឹកក្រុមប្រឹក្សាឃុំសង្កាត់ប្រើប្រាស់ថវិកានេះឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព។
ពីវេទិកាអធិបតីនេះ សម្ដេចក្រឡាហោម បានបន្តសង្កត់ធ្ងន់អំពីបុព្វហេតុរបស់គណគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ គឺប្រកាន់ខ្ជាប់នូវការតស៊ូដើម្បីបំរើជាតិ និងប្រជាជន ហើយបុព្វហេតុនេះមិនមែនមានតែក្នុងសម័យតស៊ូនោះទេ ទោះមកដល់ពេលនេះ និងទៅអនាគត បុព្វហេតុនេះនៅតែត្រូវបន្តប្រកាន់ខ្ជាប់ជានិច្ច ជាក់ស្ដែងមិនថាម៉ោងរដ្ឋបាលឡើយ ពេលនេះសូម្បីតែថ្ងៃសៅរ៍ ឬអាទិត្យ ក៏មន្ត្រីសម័យនេះមិនសូវមានពេលសម្រាកដែរ ដ្បិតរាជរដ្ឋាភិបាលបានចាត់តាំងក្រុមការងារចុះមូលដ្ឋានធ្វើវេទិកាសាធារណៈដើម្បីទទួល និងប្រមូលសំណូមពរ ឬសំណើរពីប្រជាពលរដ្ឋ ហើយគណបក្សក៏បានចាត់តាំងក្រុមការងារស្រដៀងគ្នានេះដែរដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីបានចុះទៅគៀកជាមួយប្រជាពលរដ្ឋ ។
សម្ដេចបានសង្កត់ធ្ងន់ថាមន្ត្រីទាំងអស់ ជាពិសេសមន្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ និងដឹកនាំមន្ត្រីរបស់ខ្លួនបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនបង្កើតបក្សពួក មិនប្រព្រឹត្តអំពើពុករលួយ មិនរំលោភអំណាច មិនបំពានសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន ពិសេសមិនត្រូវយកតួនាទី និងសិទ្ធិអំណាចដែលរាជរដ្ឋាភិបាលបានផ្ទេរមកជាបន្តបន្ទាប់ ធ្វើជាកម្មវត្ថុនៃការស្វែងរក ឬការពារផលប្រយោជន៍បុគ្គល ព្រមទាំងបក្សពួក ដោយត្រូវប្រកាន់ជានិច្ចនូវឧត្តមគតិមនសិការជាតិ និងប្រជាជនជាធំបំផុត។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីរបៀបរបបការងារ ពិសេសរវាងក្រុមប្រឹក្សា និងគណៈអភិបាល ដោយសម្ដេចបានណែនាំឱ្យគោរពតាមច្បាប់ និងលិខិតបទដ្ឋានដែលបានចែង និងកំណត់ច្បាស់លាស់ និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល។ ដោយឡែកបញ្ហារីករាលដាលនៃមេរោគកូរ៉ូណា ឬCOVID19 និងការឆ្លងមេរោគផ្ដាស់សាយបក្សី ក៏ត្រូវបានសម្ដេចអធិបតីថ្លែងអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែមិនមែនប្រយ័ត្នរហូតដល់ទៅក្លាយជាការភ័យខ្លាចជ្រុលហួសហេតុពេកនោះដែរ។ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួង។
មុននឹងបញ្ចប់ការមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត ដែលចូលកាន់ភារកិច្ចថ្មីនាពេលនេះ នឹងខិតខំបំពេញតួនាទីឱ្យបានល្អ មានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្ត និងដោះស្រាយបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ៕