ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីកិច្ចប្រជុំត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីកិច្ចប្រជុំត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមលោកជំទាវ មឹន ម៉ាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើបាយការណ៍ជូនសម្ដេច និងអង្គប្រជុំ ដែលបើតាមលោកជំទាវ ក្នុងខែមករាកន្លងទៅ ក្រុមការងារ បានត្រួតពិនិត្យយានយន្តសរុបជាង១សែនគ្រឿង ក្នុងនោះមានម៉ូតូជាង៦ម៉ឺនគ្រឿង ដោយបានបានរកឃើញយានយន្តល្មើសជាង៣ម៉ឺនគ្រឿង អនុវត្តការបង់ផាកពិន័យតាមស្នាក់ការបានទឹកប្រាក់ពិន័យជាង៥១លានរៀល និងបានត្រួតពិនិត្យការពាក់មួកសុវត្ថិភាពលើអ្នកជិះម៉ូតូសរុបជាង៣ម៉ឺន១រយនាក់ ដោយឃាត់ និងបង្ខំឱ្យពាក់មួកបានជាង១ម៉ឺន៨ពាន់នាក់ ។

ដោយឡែកការងារល្បាតការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦ ក្រុមការងារត្រួតពិនិត្យរថយន្តបានជាង១ម៉ឺន៣ពាន់គ្រឿង រកឃើញរថយន្តល្មើស និងផាកពិន័យតាមច្បាប់បានជាង៦ពាន់៤រយគ្រឿង។ ក្នុង១ខែមករានោះដែរ មន្ត្រីនគតបាលចរាចរណ៍ បានរកឃើញរថយន្តល្មើសល្បឿន និងចាត់ការតាមច្បាប់បានជាង៣រយគ្រឿង បានត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តជាង៦រយគ្រឿង យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាង១ម៉ឺន២ពាន់គ្រឿង និងបានធ្វើតេស្ត៍អ្នកបើកបរ និងព្រូឡាន២៤នាក់ រកឃើញមានផ្ទុក៨នាក់ ។

ជាការកត់សំគាល់ នៅក្នុងខែមករា ឆ្នាំ២០២០នេះ លោកជំទាវបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងសរុប៣៥៨លើក បណ្ដាលឱ្យមានអ្នកស្លាប់២០៦នាក់ និងរបួសធ្ងន់ស្រាល៥៥៨នាក់ ហើយមូលហេតុ គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់៤១ភាគរយ មិនគោរពសិទ្ធិអាទិភាព២២ភាគរយ មិនប្រកាន់ស្ដាំ១០ភាគរយ ការវ៉ាជែង១១ភាគរយ បត់មិនប្រយ័ត្ន៧ភាគរយ ស្រវឹង៦ភាគរយ និងកត្តាយានយន្ត៣ភាគរយ។ ក្នុងចំណោមអ្នកស្លាប់២០៦នាក់នោះ មានអ្នកស្លាប់ពេលយប់១៣០នាក់ ហើយភាគច្រើនគឺជាអ្នកជិះម៉ូតូ ដែលក្នុងនោះមិនពាក់មួកសុវត្ថិភាពជាង១២០នាក់ទៅហើយ ។

លោកជំទាវបានបន្ថែមថា ចំនួនគ្រោះថ្នាក់នេះ បើប្រើធៀបទៅនឹងខែធ្នូឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ១២លើក ប៉ុន្តែការស្លាប់មានការកើនឡើងដល់ទៅ២០នាក់ របួសកើនឡើង៥៨នាក់ទៅវិញ ហើយបើប្រៀបធៀបនឹងខែមករាឆ្នាំ២០១៩នោះ ទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស គឹសុទ្ធតែកើនឡើងគួរឱ្យកត់សំគាល់ ។ របាយការណ៍ក៏បានធ្វើកំណត់សំកាល់ដែរថាអ្នកនៅរាជធានីភ្នំពេញ បានប្រើប្រាស់មួកសុវត្ថិភាពពេលថ្ងៃដលទៅជាង៩០ភាគរយ ប៉ុន្តែពេលយប់បានតែ៥៣ភាគរយប៉ុណ្ណោះ ហើយភូមិសាស្ត្រមានអ្នកស្លាប់ច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបន្តអញ្ជើញមានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោម និងអង្គប្រជុំដែរ អំពីការងារជំនាញរបស់ក្រសួង ពិសេសនៅក្នុងវិធានការណ៍ដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា ក្នុងនោះមានដូចជា ការធ្វើទំនាក់ទំនងជាមួយដៃគូឯកជន ដើម្បីជំរុញការផ្សព្វផ្សាយគ្រោះថ្នាក់ចរាចរណ៍ ការបំពាក់សម្ភារៈទំនើបដើម្បីតាមដានល្បឿនយានយន្ត ការធ្វើទំនើបកម្មក្នុងការងារថ្លឹងរថយន្តនៅតាមដងផ្លូវ ការចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាដើម ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការត្រៀមរៀបចំប្រព័ន្ធអនឡាញមួយដើម្បីឱ្យក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទាំងអស់ធ្វើរបាយការណ៍អំពីសកម្មភាពក្នុងការងារបណ្ដុះបណ្ដាលបុគ្គលិករបស់ខ្លួន អំពីការគោរពច្បាប់ចរាចរណ៍ ដើម្បីធានាការផ្សព្វផ្សាយនឹងកាន់តែមានភាពទូលំទូលាយ ហើយទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ត្រៀមស្វែងរកកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ដើម្បីរៀបចំស្ពតអប់រំងាយៗ និងមានភាពទាក់ទាញ សម្រាប់បញ្ជ្រៀបការគោរពច្បាប់ចរាចរណ៍ដល់សាធារណជន បន្ថែមពីលើវិធានការរឹតបន្តឹងច្បាប់ជាអាទិភាព ។

បន្តាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញមានប្រសាសន៍ណែនាំទៅកាន់អង្គប្រជុំ ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានគូសបញ្ជាក់ថា កិច្ចប្រជុំដូចថ្ងៃនេះ ជាការពិតគឺបានខកខានធ្វើរយៈពេលប្រមាណ១ឆ្នាំមកហើយ ដោយសារតែស្ថានភាពចរាចរណ៍កន្លងមកក៏ហាក់មានភាពប្រសើរឡើងវិញ ប៉ុន្តែនៅឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុក បង្ករជាក្ដីបារម្ភយ៉ាងធំធេង ដែលទាមទារឱ្យមានកិច្ចប្រជុំប្រចាំខែនេះឡើងវិញ ដើម្បីត្រួតពិនិត្យការងារឱ្យបានកាន់តែមានប្រសិទ្ធភាព ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានៅឆ្នាំ២០២០នេះ យើងបានកំណត់យកជាថាឆ្នាំបង្កើនការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដោយកន្លងមកយើងបានយកវិធានការអប់រំជាកិច្ចការចំបង ប៉ុន្តែនៅឆ្នាំនេះ យើងត្រូវយកវិធានការអនុវត្តច្បាប់ជាចំបងវិញម្ដង ដោយទុកវិធានការអប់រំនៅខាងក្រោយ ។ សម្ដេចបានសង្កត់ធ្ងន់ថាច្បាប់ គឺមិននិយាយពីការដឹង ឬមិនដឹងច្បាប់នោះទេ គឺត្រូវតែនិយាយពីការគោរព! ដូច្នេះការអនុវត្តច្បាប់ត្រូវតែសំខាន់សម្រាប់ឆ្នាំនេះ ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយយើងបានផ្ដោតលើការអប់រំ ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡហាហោម បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ យើងត្រូវតែបង្កើនភាពជាក់លាក់នៃការអនុវត្តការងារ ត្រូវធ្វើផែនការសកម្មភាពឱ្យបានលើសពីទិសដៅការងារ ពោលគឺបើទិសដៅកំណត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថាតើយើងត្រូវធ្វើផែនការអ្វីខ្លះដើម្បីសម្រេចទិសដៅនេះ ដោយមានសូចនាករ និងរយៈពេលនៃការអនុវត្តជាក់លាក់ ។ សម្ដេចផ្ដល់ជាឧទាហរណ៍ថាចំពោះមុខនេះ យើងនឹងត្រូវធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដូច្នេះថាតើយើងត្រូវចាប់ផ្ដើមពីខែណា បញ្ចប់នៅខែណា ឬក៏ការវិសោធនកម្មអនុក្រឹត្យដើម្បីបន្ថែមទោសបញ្ញត្តិ ឬស្ថានទំនង់ទោសនៃបទល្មើសចរាចរណ៍ជាដើម គឺយើងទាំងអស់គ្នាត្រូវតែច្បាស់ក្នុងការងារនេះ ។

នៅក្នុងឱកាសនោះដែរ សម្ដេចបានណែនាំឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវព្រាងរបាយការណ៍ផែនការសកម្មភាពប្រចាំឆ្នាំមកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំប្រមូលចងក្រង ហើយប្រជុំដាក់ចេញជាទិសដៅអនុវត្ត ដោយមានសូចនាករច្បាស់លាស់ ដើម្បីធានាថាទិសដៅការងារដែលបានដាក់ចេញនោះ នឹងត្រូវបានយកទៅអនុវត្តបានជាក់លាក់ និងមានប្រសិទ្ធភាព ជៀសវាងទិសដៅការងារដាក់ទៅល្អ ប៉ុន្តែមានភាពកំសោយលើការអនុវត្តសម្រាប់ការឈានទៅសម្រេចទិសដៅការងារនោះទៅវិញ ។

ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សាធារណជនសូមកុំមានមន្ទិលចំពោះបញ្ហានេះ ដ្បិតស្ថានភាពសង្គម ពិសេសស្ថានភាពចរាចរណ៍នៅកម្ពុជា កាន់តែមានការវិវត្តន៍ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាគោលការណ៍គឺតម្រូវឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីដោះស្រាយបញ្ហាដែលកើតមានថ្មីៗ។ ក្នុងនោះដែរសម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យមានការពិភាក្សាអំពីការដាក់បញ្ចូលមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវឱ្យបានរួចជាស្រេច ក្នុងគម្រោងដេញថ្លៃស្ថាបនាផ្លូវ ដោយត្រូវកំណត់ក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតែម្ដង នៅពេលធ្វើវិសោធនកម្ម ។

សម្រាប់ការងារចំពោះមុខ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសម្ដេចបង្ហាញការកត់សំគាល់ថាអ្នកដំណើរបច្ចុប្បន្ននេះ ខ្លាចនគរបាលណាស់ ជាក់ស្ដែងពេលថ្ងៃមាននគរបាលធ្វើការងារច្រើន ពួកគាត់បានពាក់មួកសុវត្ថិភាព និងគោរពច្បាប់បានច្រើន ប៉ុន្តែពេលយប់មិនសូវមានកម្លាំងនគរបាលចរាចរណ៍ឈរជើង គាត់បែរជាបំពានច្បាប់ច្រើនទៅវិញ ពិសេសមិនពាក់មួកសុវត្ថិភាពតែម្ដង ។ ដូច្នេះសម្ដេចណែនាំឱ្យបង្កើនការដាក់ពង្រាយកម្លាំងចរាចរណ៍ត្រួតពិនិត្យពេលយប់ ។ ជាមួយគ្នានេះសម្ដេចក៏ណែនាំឱ្យបង្កើនការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំរកសារធាតុញៀន ។

ជាការកត់សំគាល់សម្ដេចឧបនាយករដ្ឋមន្ត្រីបានថ្លែងក្រើនរំលឹក និងលើកទឹកចិត្តមន្ត្រីនគរបាលចរាចរណ៍ ត្រូវប្រកាន់ទស្សនៈ«មនុស្សគ្រប់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់» គឺច្បាប់មិនសម្រាប់អ្នកតូច មិនសម្រាប់អ្នកធំឡើយ ឱ្យតែខុសច្បាប់ត្រូវតែទទួលខុសត្រូវការផាកពិន័យ និងការផ្ដន្ទាទោស ហើយយើងជាអ្នកអនុវត្តក៏ត្រូវប្រកាន់ឥរិយាបទឱ្យបានសមរម្យជានគរបាលដែរ ឧទាហរណ៍ត្រូវតែលើកដៃគោរពប្រជាពលរដ្ឋជាមុនជានិច្ច មុនពេលណែនាំពលរដ្ឋពីការអនុវត្តច្បាប់ ។ សម្ដេចបានបង្ហាញមោទកភាពចំពោះឥរិយាបទមន្ត្រីនគរបាលភាគច្រើនដែលធ្វើការងារបានល្អ ។ មុននឹងបញ្ចប់សម្ដេចក៏បានថ្លែងផ្ដល់ការគាំទ្រ និងលើកទឹកចិត្តចំពោះការបង្កើនការធ្វើស្ពតអប់រំអំពីបញ្ហាចរាចរណ៍ បន្ថែមពីលើការរឹតបន្តឹងច្បាប់ជាអាទិភាពបំផុតនោះ ៕

អត្ថបទដែលជាប់ទាក់ទង