សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង
នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិនន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានអញ្ជើញថ្លែងរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ព្រមទាំងអង្គពិធី អំពីការប្រព្រឹត្តទៅនៃសន្និបាតរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានខេត្ត ដែលដំណើរការអស់រយៈពេលពេញមួយថ្ងៃ ទី២៥ខែកុម្ភៈ ដោយមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាល ក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរ និងអង្គភាព ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រមាណជាង១៧០នាក់។
ឯកឧត្តមអភិបាលបានមានប្រសាសន៍ថាប្រធានបទសំខាន់ៗនៃសន្និបាតឆ្នាំនេះ រួមមានការងារសន្តិសុខសណ្ដាប់សាធារណៈ ពិសេសបញ្ហាគ្រឿងញៀន, ស្ថានភាព និងវឌ្ឍនភាពការងារគ្រប់គ្រងវិស័យអប់រំ ជាពិសេសមត្តេយ្យសិក្សា បឋមសិក្សាក្នុង និងក្រៅប្រព័ន្ធ, បញ្ហាប្រឈមក្នុងការផ្ដល់សេវាវិស័យរៀបចំដែនដី, បញ្ហាសំរាមក្នុងក្រុងបាត់ដំបង, ការអនុវត្តគោលនយោបាយគាំពារមាតា និងទារក, បញ្ហារៀបចំផែនការដាំដុះ និងការគ្រប់គ្រងទឹកស្រោចស្រព, បញ្ហាគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ, ទីក្រុងឆ្លាត និងផែនការសកម្មភាពអភិវឌ្ឍន៍ទីក្រុងបាត់ដំបង។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡហោម និងអង្គសន្និបាត អំពីលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋាន និងបានប្ដេជ្ញារួមគ្នាបន្តខិតខំប្រឹងប្រែងធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចំរើន ឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃសន្តិភាព សុវត្ថិភាព និងការផ្ដល់ភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ការវិនិយោគ ការទាក់ទាញភ្ញៀវទេសចរណ៍ និងបន្តអនុវត្តទិសដៅការងារឆ្នាំ២០២០ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីរួមចំណែកអនុវត្តឱ្យបានជោគជ័យ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
បន្ទាប់មកសម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងចូលរួមគាំទ្រដំណើរការរក្សាសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ធ្វើពិសេសទប់ស្កាត់ការប៉ុនប៉ងបំផ្លិចបំផ្លាញជាតិពីក្រុមប្រឆាំងក្រៅច្បាប់។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ដាស់តឿនថ្នាកដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង រួមគ្នាបំពេញការងារបំរើផលប្រយោជន៍ និងកុំបំពានសិទ្ធិប្រជាពលរដ្ឋ ពីព្រោះសម្ដេចយល់ថាការបំពានផលប្រយោជន៍ប្រជាពលរដ្ឋ និងបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាកត្តាមួយដែលអាចនាំឱ្យកើតមានអំពើអយុត្តិធម៌ក្នុងសង្គម ហើយក៏ជាកត្តាងាយនឹងនាំឱ្យមាននូវចលនាបដិវត្តន៍ពណ៌ដោយមិនដឹងខ្លួន មិនថាតែប្រទេសកម្ពុជាទេ សូម្បីប្រទេសផ្សេងទៀតក៏អាចកើតមានដូចគ្នាដែរ។
ពីវេទិកាអធិបតីនេះ សម្ដេចក្រឡាហោម ក៏បានណែនាំអាជ្ញាធរ និងកងកម្លាំងាមានសមត្ថកិច្ចទាំងអស់ ត្រូវមានវិធានការដោះស្រាយបញ្ហាណាមួយដែលកើតចេញនូវការតវ៉ារទាមទារពីប្រជាពលរដ្ឋដោយសន្តិវិធី ពោលគឹមិនត្រូវប្រើអំពើហិង្សាលើពួកគាត់ជាដាច់ខាត ហើយត្រូវបំពេញភារកិច្ចផ្ដល់សេវាសាធារណៈរបស់រដ្ឋជូនប្រជាពលរដ្ឋទៅតាមវិស័យនៃសមត្ថកិច្ចរៀងៗខ្លួនឱ្យបានល្អ និងប្រកបដោយតម្លាភាព ពិសេសបន្ទាប់ពីរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានមកឱ្យជាបន្តបន្ទាប់។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍សាស់តឿនក្រើនរំលឹកមន្ត្រីរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យពួកគាត់បានដឹងច្បាស់អំពីសារៈសំខាន់នៃការចុះបញ្ជីអត្តសញ្ញាណកម្ម និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ ដើម្បីធានាក្នុងការពារសិទ្ធិ និងការទទួលបានផលប្រយោជន៍នានាពីរដ្ឋ និងសម្រាប់ការប្រើប្រាស់នៅក្នុងសកម្មភាពផ្សេងៗទៀត ចៀសវាងពយកគាត់ដែលជាប្រជាពលរដ្ឋខ្មែរ ប៉ុន្តែបែរជាមានការខ្វះខាតឯកសាររដ្ឋបាលទៅវិញ ឧទហរណ៍ដូចជាអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើតជាដើម។
ដោយឡែកការធ្វើវេទិកាសាធារណៈ និងការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ក៏ត្រូវបានសម្ដេចណែនាំឱ្យមន្ត្រី និងក្រុមការងារទាំងអស់ ចាត់ទុកជាកិច្ចការអនុវត្តចាំបាច់បំផុត ដើម្បីឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមែលប្រមូលនូវបញ្ហាប្រឈម សំណូមពរ ឬក្ដីកង្វល់ពីប្រជាពលរដ្ឋ សម្រាប់យកមករិះរកមធ្យោបាយដោះស្រាយជូនពួកគាត់ទាំងនៅនឹងកន្លែងភ្លាមៗផង និងប្រមួលបញ្ជូនមកថ្នាក់លើក្នុងករណីលើសពីសមត្ថកិច្ចរបស់ខ្លួនផង ពោលគឺមិនត្រូវកប់បញ្ហាណាមួយទកចោលដោយមិនបានដោះស្រាយនោះឡើយ ដ្បិតបញ្ហាដែលកប់ទុកចោលវាអាចនឹងផ្ទុះចេញនូវបាតុភាពនៅថ្ងៃណាមួយមិនខាន។
នៅក្នុងឱកាសនៃពិធីបិទសន្និបាតនេះដែរ សម្ដេចក្រឡហោម ស ខេង ក៏បានប្រសាសន៍អំពីការផ្ទេរមុខងារសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដោយសម្ដេចបានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការអាជ្ញាធរខេត្ត ព្រមទាំងក្រុមការងារចុះមូលដ្ឋានត្រូវយកចិត្តទុកដាក់ជួយជ្រោមជ្រែងរដ្ឋបាលក្រុងស្រុកខណ្ឌ ដែលទើបទទួលបានការផ្ទេរមុខងារសិទ្ធិអំណាច និងធនធាន ព្រមទាំងទាំងត្រូវបានកែសម្រួលរចនាសម្ព័ន្ធនោះ ដើម្បីឱ្យរដ្ឋបាលក្រុងស្រុកកាន់តែមានលទ្ធភាពក្នុងការឈានទៅសម្រេចកិច្ចការតាមផែនការកំណែទម្រង់ដែលថ្នាក់ជាតិចង់បាន សំដៅបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន សម្ដេចក្រឡហោម ស ខេង ក៏បានមានប្រសាសន៍ក្រើនរំលឹកថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់មូលដ្ឋាននៃរដ្ឋបាលខេត្តបាត់ដំបង ត្រូវបន្តតាមដានចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនូវបទល្មើសគ្រឿងញៀន ទាំងនៅតាមទីតាំងកំសាន្ត ពិសេសការ៉ាអូខេ ក្លឹបកំសាន្តពេលរាត្រី និងនៅតាមភូមិឃុំប្រជាពលរដ្ឋ ហើយសមត្ថកិច្ចទាំងអស់ត្រូវច្បាស់ដោយខ្លួនឯង ថាបានមិនជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនជាដាច់ខាត។
ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពិសេសសមត្ថភាពបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននេះដែរ សម្ដេច ក៏បានមានប្រសាសន៍ផ្ដួចផ្ដើម និងផ្ដល់ការគាំទ្រឱ្យមានការរៀបចំវគ្គបណ្ដុះបណ្ដាលពិសេសការបំពាក់បំប៉នជំនាញស្ដីពីការស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះ ដោយផ្ដោតលើសាលានគរបាលគ្រប់ភូមិភាគ ក្នុងនោះក៏មានភូមិភាគខេត្តបាត់ដំបងដែរ ដ្បិតបញ្ហាគ្រឿងញៀននេះ សម្ដេចអះអាងថានៅតែជាបន្ទុកនៃបញ្ហាដ៏ធ្ងន់ធ្ងរក្នុងសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ធនធានមនុស្ស និងសន្តិសុខក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ចំពោះបញ្ហាចរាចរណ៍វិញ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកជាថ្មីទៀតអំពីកំណើនគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ និងវិធានការសម្រាប់អនុវត្តឆ្នាំ២០២០ ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករងរបួស ដោយសម្ដេចបានណែនាំកងកម្លាំងអនុវត្តច្បាប់ចរាចរណ៍ទូទាំងខេត្ត ពិសេសនគរបាលចរាចរណ៍ ត្រូវបង្កើនការរឹតបន្តឹងច្បាប់ និងផាកពិន័យជាដាច់ខាតជាងបណ្ដាឆ្នាំណាៗទាំងអស់ ពោលគឺចាប់ពីឆ្នាំនេះតទៅ សម្ដេចបានសង្កត់ធ្ងន់ថាវិធានការអប់រំគឺជាកិច្ចការអាទិភាពលំដាប់ក្រោយហើយ ដោយសម្ដេចនឹងកំណត់យកការផាកពិន័យជាវិធានការជួរមុខ ទោះបីពលរដ្ឋមានការខឹងឬអន់ចិត្ត ប៉ុន្តែនេះគឺដើម្បីសុវត្ថិភាព និងជីវិតរបស់ពួកគាត់។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងលើកទឹកចិត្តមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវចូលរួមគាំទ្រវិធានការនេះជាចាំបាច់បំផុត ដោយត្រូវផាកពិន័យគ្រប់អ្នកល្មើសច្បាប់ចរាចរណ៍ទាំងអស់ មិនថាអ្នកនោះជាប្រពលរដ្ឋសាមញ្ញ ឬជាថ្នាក់ដឹកនាំជាន់ខ្ពស់ ជាតំណាងរាស្ត្រ ជាមន្ត្រីពាក់សក្ដិ ឬពាក់ផ្កាយធំ ឬជាអ្នកមានអំណាចកម្រិតណាក៏ដោយ គឺត្រូវតែគោរពច្បាប់ទាំងអស់គ្នា និងត្រូវទទួលការផាកពិន័យនៅពេលប្រព្រឹត្តបទល្មើសដោយគ្មានការលើកលែង បើមិនធ្វើដូច្នេះទេ សម្ដេចបានអះអាងថាយើងនឹងមិនអាចដោះស្រាយបញ្ហាចគ្រោះថ្នាក់រាចរណ៍ដ៏គួរឲ្យរន្ធត់ និងព្រួយបារម្ភជារៀងរាល់ថ្ងៃនេះបានឡើយ។
នៅពេលដែលខេត្តបាត់ដំបងនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យទន្លេឆ្នាំ២០២០ នាខែមីនាខាងមុខ នៅថ្ងៃនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្ត និងណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងពាក់ព័ន្ធទាំងអស់នៃរដ្ឋបាលខេត្តបាត់ដំបង ត្រូវខិតខំធ្វើយ៉ាងណារួមគ្នាជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីឱ្យពិធីបុណ្យទន្លេនៅឆ្នាំនេះមានភាពទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន ដោយត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងរួមគ្នាបង្កើតកម្មវិធីកំសាន្តសប្បាយប្លែកៗឱ្យបានច្រើន ដែលជាផ្នែកមួយជំរុញចលនាទេសចរណ៍ក្នុងស្រុកឆ្លើយតបនឹងវិបត្តិធ្លាក់ចុះទេសចរណ៍ដោយសារឥទ្ធិលមេរោគកូរូណា។
ឆ្លៀតនៅក្នុងឱកាសថ្លែងសុន្ទរថានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំរដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពតាមច្បាប់ស្ដីពីសំណង់ ត្រូវការការពារ និងថែរក្សាបរិស្ថាន និងអនាម័យជនបទ និងបានមានប្រសាសន៍ឱ្យពង្រឹងការងារវេចខ្ចប់សំរាម និងកាកសំណល់ ពិសេសសិក្សាឡើងវិញនូវទីលានចាក់សំរាម ជំរុញចលនាដាំដើមឈើតាមផ្លូវ វត្តអារាម សាលារៀន និងទីសាធារណៈនានា ទប់ស្កាត់ការរំលោភចញ្ចើមផ្លូវ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍អំពីការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារគ្រប់គ្រងប្រចាំថ្ងៃក្នុងវិស័យសុខាភិបាលមកឱ្យរដ្ឋបាលរាជធានីខេត្ត ដោយសម្ដេចបានគូសបញ្ជាក់ថាកាលពីថ្ងៃម្សិលមិញ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ទើបតែបានចុះហត្ថលេខារួមគ្នាផ្ទេរកញ្ចប់ថវិកាគ្រប់គ្រងសុខាភិបាលមកឱ្យរដ្ឋបាលរាជធានីខេត្ត។
នៅក្នុងការងារកំណែទម្រង់នេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ពីការការកែសម្រួលរចនាសម្ព័ន្ធក្រុស្រុកខណ្ឌ ដើម្បីលើកម្ពស់ការបំពេញភារកិច្ចរបស់ក្រុងស្រុកខណ្ឌឆ្លើតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងការអនុវត្តផ្ទេរសាកល្បងការគ្រប់គ្រងសាលាមត្តេយ្យសិក្សា បឋមសិក្សាក្នុង និងក្រៅប្រព័ន្ធ ពីក្រសួងអប់រំ យុវជន និងកីឡា មកឱ្យរដ្ឋបាលក្រុងស្រុកនៃខេត្តបាត់ដំបង ដែលការងារនេះនឹងត្រូវពង្រីកវិសាលភាពឱ្យបានទូទាំងប្រទេស។
មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានសម្ដែងក្ដីសង្ឍឹមជឿជាក់ថា ឯកឧត្តមលោកជំទាវអស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង នឹងពង្រឹងការប្ដេជ្ញាចិត្តរួមគ្នាអនុវត្តឱ្យបានសម្រេចនូវទិសដៅការងារឆ្នាំ២០២០ឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕