ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ សិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា នៅក្នុង ស្រុក កំចាយមារ ខេត្តព្រៃវែង

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា នៅស្រុកកំចាយមារ ខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងសហការី ព្រមទាំងអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលសំខាន់ៗនាឱកាសនេះ។

សម្ដេចបានមានប្រសាសន៍ថាអគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា ដែលបានប្រារព្ធពិធីសម្ពោធនាពេលនេះ គឺកើតចេញពីការគិតគូជាចាំបាច់របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរក្រោមជាតិ ចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសម្ដេចបានសង្កត់ធ្ងន់ថានេះហើយជាចរិតនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចបានជម្រាបជូនប្រជាពលរដ្ឋថាសម័យនេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ មិនសូវមានពេលថ្ងៃសៅរ៍អាទិត្យសម្រាប់ជួបជុំក្រុមគ្រួសារដូចមន្ត្រីសម័យមុនឡើយ ដ្បិតរាជរដ្ឋាភិបាល និងគណបក្ស បានបែងចែកការទទួលខុសត្រូវឱ្យមន្ត្រីចុះមូលដ្ឋានដើម្បីក្ដាប់បញ្ហា និងរកដំណោះស្រាយជូនពលរដ្ឋ។

ឆ្លៀតនៅក្នុងឱកាសសំណេះសំណាលដ៏វិសេសវិសាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋក្នុងឃុំត្របែក ពិសេសភូមិអូរ ដែលបានជួយទំនុកបំរុង និងនូវផ្ដល់ក្ដីសណ្ដោសដល់ក្រុមគ្រួសារសម្ដេច កាលពីសម័យតស៊ូផ្ដួលរំលំរបបខ្មែរក្រហម។

អញ្ជើញបន្តមានប្រសាន៍អំពីសមិទ្ធផលក្នុងស្រុកកំចាយមារ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថារាល់ការសាងសង់ និងស្ថាបនាផ្សេងៗ គឺសុទ្ធតែបានប្រើប្រាស់ធនធានចម្រុះ ដោយមានទាំងគម្រោងថវិការដ្ឋ ដូចយ៉ាងសម្រាប់សាលារៀន សាលាឃុំ ប៉ុស្ត៍ប៉ូលីស និងប៉ុស្ត៍សុខភាពជាដើម ប៉ុន្តែដោយសាររដ្ឋនៅមានការខ្វះខាត យើងក៏បានទទួលថវិកាពីប្រភពផ្សេងទៀត។

សម្ដេចបានមានប្រសសាសន៍ថាប្រភពថវិកាផ្សេងទៀតសម្រាប់ការចូលរួមកសាងសមិទ្ធផលនានានោះ គឺបានមកពីចូលរួមចែករំលែកធនធានរបស់សប្បុរសជនក្នុងស្រុក និងក្រៅស្រុកដែលមានជីវភាពធូរធាផង និងបានមកពីការចូលរួមផ្ដល់ជំនួយពីបណ្ដាប្រទេសជាមិត្ត និងអង្គការជាដៃគូផង ជាក់ស្ដែងដូចជាមិត្តឥណ្ឌូនេស៊ីជាដើម។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាពេលនេះ នៅគ្រប់ភូមិទូទាំងប្រទេស សុទ្ធតែមានសលាបឋមសិក្សា និងស្ទើតែគ្រប់ឃុំក៏សុទ្ធតែមានអនុវិទ្យាល័យ ហើយវិទ្យាល័យវិញក៏មានស្ទើតែគ្រប់ក្រុងស្រុកដែលខ្លះមានលើសពី១កន្លែងទៀតផងអាស្រ័យលើចំនួនប្រជាពលរដ្ឋ និងភូមិសាស្ត្រជាក់ស្ដែង ខណៈវិទ្យាល័យក៏ត្រូវបានពង្រាយនៅតាមខេត្តភូមិភាគជាបន្តបន្ទាប់។

នៅពេលមានប្រសាសន៍អំពីសមិទ្ធផលដែលបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារឱ្យបានល្អ ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់បានយូរអង្វែង និងសូមដាំដើមឈើឱ្យបានច្រើនៅតាមសាលារៀន វត្តអារាម សាលាឃុំ និងទីតាំងសាធារណៈនានា។

សម្ដេចក៏បានមានប្រសាសន៍ថាពេលនេះ រាជរដ្ឋាភិបាលក៏កំពុងបង្កើនល្បឿននៃការអភិវឌ្ឍផ្លូវគមនាគម ដើម្បីភ្ជាប់ឱ្យបានគ្រប់ច្រឡ្ហកទូទាំងប្រទេស ជាក់ស្ដែងពេលនេះសម្រាប់ការភ្ជាប់ផ្លូវជាតិនៅតំបន់ប៉ែកខាងលិច និងភាគនិរតិដែលជាគម្រោងភ្ជាប់ផ្លូវជាតិមួយជុំប្រទេសនោះ សម្ដេចតេជោនឹងអញ្ជើញបើកការដ្ឋានស្ថាបនានាពេលឆាប់ៗនេះ។

បន្ទាប់មកសម្ដេចបានបន្តមានប្រសាសន៍ជូនអង្គពិធី ពិសេសប្រជាពលរដ្ឋ អំពីស្ថានភាពសន្តិសុខនៅក្នងប្រទេស ដោយសម្ដេចបានមានប្រសាសន៍ថាពេលនេះ ប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ គ្មានអំពើភេវរកម្ម និងគ្មានការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នោះទេ ប៉ុន្តែអ្វីដែលមិនទាន់កក់ក្ដៅនោះ គឺការកើតមានអំពើឆក់ប្លន់ និងគ្រឿងញៀន។

សម្ដេចបានសង្កត់ធ្ងន់ថា«ប្រសិនបើប្រជាជនមានសន្តិភាព ប៉ុន្តែមិនទាន់មានសន្តិសុ ដែលថ្ងៃណាក៏កើតមានចោរលួចចោរប្លន់នោះ តើអារម្មណ៍របស់គាត់យ៉ាងដូចម្ដេច? គឺពួកគាត់ប្រាកដជាមានការភ័យខ្លាចមិនខាន ដោយម្យ៉ាងស្រុកយើងមិនបានផ្ដល់សិទ្ធិឱ្យពលរដ្ឋប្រើប្រាស់អាវុធដែរ ដូច្នេះយើងជាអាជ្ញាធរកម្លាំងសមត្ថកិច្ចត្រូវដោះស្រាយ ពង្រឹងសន្តិសុខ និងចាប់អ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោសឱ្យបាន»។

សម្ដេក្រឡហោមក៏បានមានប្រសាសន៍ផ្ដល់ការពន្យល់ងាយៗជូនប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈប្រចាំថ្ងៃ និងទៅតាមវិស័យ និងការបង្កើនថវិកាប្រចាំឆ្នាំជូនឃុំសង្កាត់ចាប់ពីឆ្នាំ២០២០នេះ ដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់កាន់តែមានលទ្ធភាពច្រើនជាងមុន ក្នុងដោះស្រាយបញ្ហាជាក់ស្ដែងក្នុងមូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចក៏បានសង្កត់ធ្ងន់ដែរថាជាមួយគ្នានេះ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលទទួលបានមុខងារ សិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ក៏ត្រូវតែមានគណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់ដែរ មិនមែនមុខងារ សិទ្ធិអំណាច ឬធនធានទាំងនោះ ក្លាយជាមុខសញ្ញានៃការរស្វែងរកផលប្រយោជន៍នោះទេ។

ពាក់ព័ន្ធនឹងការប្រឈមជាសកល ដែលក្នុងនោះកម្ពុជាក៏កំពុងប្រឈមដែរ គឺបញ្ហារីករាលដាលនៃមេរោគកូរូណាចេញពីប្រទេសចិន សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋកុំមានក្ដីបារម្ភជ្រុលហួសហេតុពេក ប៉ុន្តែមិនត្រូវមានធ្វេសប្រហេសក្នុងការប្រតិបត្តិអនាម័យជាប្រចាំនោះឡើយ ដោយត្រូវលាងដៃនឹងសាប៊ូ និងទទួលទានទឹក និងម្ហូបអាហារ ដែលឆ្អិនល្អ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម នៅតែបន្តទទូចសុំប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវត្រូវអនុវត្តច្បាប់ចរាចរណ៍ ព្រោះចាប់ពីពេលនេះតទៅ ការអប់រំត្រូវរុញទៅនៅខាងក្រោយហើយ ដោយការអនុវត្តច្បាប់គ្មានការលើកលែង ត្រូវបានយកមកដាក់នៅខាងមុខវិញ ហើយវិធានការថ្មីៗនឹងត្រូវដាក់ឱ្យអនុវត្តបន្ថែមទៀតដើម្បីបង្កើនការរឹតបន្តឹង និងកាត់បន្ថយគ្រោះថ្នាក់លើប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍នេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថាសមត្ថកិច្ចត្រូវអនុវត្តដោយគ្មានការលើកលែង កុំថាឡើយទោះជាតំណាងរាស្ត្រ រដ្ឋមន្ត្រី ទាហាន ឬនគរបាល ពាក់ផ្កាយប៉ុន្មានក៏ដោយ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការយល់យោគទាំងអស់ ហើយសម្ដេចបានផ្ដាំជាមុនថាកម្លាំងនគរបាលអ្នកអនុវត្តច្បាប់ប្រសិនបើប្រឈមបញ្ហាអ្វី សម្ដេចសូមធានាការពារជូន។

បន្ទាប់មក សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យប្រើប្រាស់អគារសិក្សាជួសជុលទាំង៤ខ្នង អគារសិក្សាថ្មី អគារទីចាត់ការ ព្រមទាំងអគារផ្សេងៗទៀតក្នុងស្រុកកំចាយមារ និងបានអំពាវនាវជាថ្មីទៀតដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ រួមទាំងពលរដ្ឋទូទៅ សូមជួយថែរក្សាសមិទ្ធទាំងនេះ មុននឹងសម្ដេចអញ្ជើញបំពាក់គ្រឿងឥស្សរយយសជូនមន្ត្រីមានស្នាដៃ និងសប្បុរសជន៕

អត្ថបទដែលជាប់ទាក់ទង