សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលេងកីឡាវាយកូនហ្គោលមិត្តភាព ជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលេងកីឡាវាយកូនហ្គោលមិត្តភាព ជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិតនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
ការវាយកូនហ្គោលមិត្តភាពនេះ ក៏មានការចូលរួមដែរ ពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខា និងអគ្គនាយក នៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្រៅតែពីដើម្បីសុខភាពល្អ វត្ថុបំណងនៃការលេងកីឡាវាយកូនហ្គោលមិត្តភាពលើវាលស្មៅដ៏ខៀវខ្ចីនាឱកាសនេះ ក៏ដើម្បីពង្រឹងចំណងមេត្រីភាព និងទំនាក់ទំនង រវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនដែរ។
បន្ទាប់ពីបញ្ចប់ការលេងកីឡាវាយកូនហ្គោលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រួមទាំងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទតជប៉ុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុន បានអញ្ជើញពិសារអាហារសាមគ្គី និងបានឆ្លៀតពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាផ្សេងៗប្រកបដោយភាពជិតស្និត និងមនោសញ្ចេទនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំបំផុត។
សូមបញ្ជាក់ថាកីឡាវាយកូនហ្គោល ស្ថិតនៅក្នុងចំណោមប្រភេទកីឡា ដែលសម្ដេចក្រឡាហោម ស ខេង មានចំណូលចិត្តលេងដើម្បីសុខភាព និងមិត្តភាព។ ឆ្លៀតពេលពីការបំពេញការបំរើជាតិ និងប្រជាជន យូរៗម្ដង នៅថ្ងៃសៅរ៍ ឬអាទិត្យ សម្ដេចតែងលេងកីឡាវាយកូនហ្គោលនេះ ជាមួយឥស្សរជនថ្នាក់ដឹកនាំជាតិ និងបណ្ដាមិត្តភក្ដិបរទេស ពិសេជាមួយសឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលមានចំណូលចិត្តលេងកីឡាប្រភេទនេះ៕