សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Giusepe de Vincentis អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំតំបន់ ចូលជួបសម្ដែងការគួរសម
នៅរសៀលថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Giusepe de Vincentis អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំតំបន់ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានសម្ដែងការនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយ ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR និងជាពិសេសរវាងក្រសួងមហាផ្ទៃ និងUNHCR ក្នុងការងារជួយគាំទ្រកិច្ចគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន ដោយសម្ដេចបានចាត់ទុកថាប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទេ ក៏យើងមិនអាចសម្រចនូវលទ្ធផលល្អដូចសព្វថ្ងៃនេះដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរាបជូនដែរថាកម្ពុជា គឺជាប្រទេសហត្ថលេខីនៃអនុញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ ហេតុដូច្ននេះហើយកម្ពុជាមានភារកិច្ចក្នុងការទទួលពិនិត្យរាល់ជនទាំងឡាយណាដែលទទួលរងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាព ក៏ដូចជាក្រោមហេតុផលនយោបាយ ឬជនដែលរត់គេចពីសង្គ្រាមដែលស្ថិតក្រោមលក្ខណ្ឌផ្សេងៗដូចមានចែងក្នុងអនុសញ្ញាឆ្នាំ១៩៥១។ សម្ដេចបន្តថាជាទូទៅកម្ពុជាតែងតែអនុវត្តយ៉ាងល្អប្រសើរដោយមានកិច្ចសហប្រតិបត្តិការជាមួយUNHCRលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។
មានប្រសាសន៍ជម្រាបជូនសម្ដេចក្រឡាហោមនាឱកានោះ ឯកឧត្តម Giusepe de Vincentis អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ប្រចាំតំបន់ បានសម្ដែងក្ដីរីករាយចំពោះការទទួលភារកិច្ចជាតំណាងUNHCRនៅក្នុងអាណត្តិនេះ និងបានសម្ដែងក្ដីរំភើបរីករាយដែលបានវិលមកបំពេញការងារនៅប្រទេសកម្ពុជាជាថ្មីទៀត បន្ទាប់ពីធ្លាប់បានមកធ្វើការម្ដងរួចមកហើយដែរកាលពីឆ្នាំ១៩៩១។
ឯកឧត្តមបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាដែលនៅក្នុងតំបន់អាស៊ាន មិនមានប្រទេសច្រើនទេជារដ្ឋហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយនៃរដ្ឋហត្ថលេខី ដោយឯកឧត្តមសម្ដែងការគោព និងប្ដេជ្ញាបន្តជួយផ្ដល់ការគាំទ្រ និងចែករំលែកបទពិសោធន៍ផ្សេងៗជាមួយក្រសួងមហាផ្ទៃ និងអង្គភាពជំនាញរបស់ក្រសួង ដើម្បីឱ្យការងារនេះកាន់តែទទួលបានជោគជ័យ ពិសេសការកសាងសមត្ថភាពមន្ត្រី និងការងារផ្សេងទៀតដែលក្រសួងមានតម្រូវការចាំបាច់ក្នុងការស្នើសុំUNHCRជួយ។
ឯកឧត្តមក៏បានថ្លែងនូវការស្វាគមន៍ចំពោះវឌ្ឍនភាពកម្ពុជាក្នុងការងាររៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន ដែលឯកឧត្តមចាត់ទុកថាជាកិច្ចការមួយដ៏មានសារៈសំខាន់ និងជាការរួមចំណែកដល់ចុះបញ្ជីតាមដានចំនួនជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន។ ជាថ្មីម្ដងទៀតឯកឧត្តមបានបង្ហាញការស្វាគមន៍ និងរីករាកក្នុងការជួយក្រសួងមហាផ្ទៃលើការងារពាក់ព័ន្ធនឹងការអនុវត្តភារកិច្ចគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោននេះតាមស្ដង់ដាអន្តរជាតិ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម និងសូមគាំទ្រ ព្រមទាំងយល់ស្របនូវការលើកឡើងដែលថាកម្ពុជាជាប្រទេសមួយក្នុងចំណោមរដ្ឋតិចតួចក្នុងតំបន់អាស៊ាន ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីសិទ្ធិជនភៀសខ្លួន១៩៥១។ សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានការគាំទ្រការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីឱ្យបំពេញការងារមានវិជ្ជាជីវៈច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព។
ក្នុងជំនួបនោះដែរ ឯកឧត្តមតំណាងថ្មីនៃUNHCR បានជម្រាបសម្ដេចក្រឡាហោមថា បញ្ហាជនភៀសខ្លួននៅក្នុងបរិបទបច្ចុប្បន្ននេះកាន់តែមានភាពស្មុគស្មាញ ដោយតួលេខចុងក្រោយមានប្រមាណ៧០លាននាក់លើពីភពលោក ហើយមូលហេតុគឺដោយសារកត្តាសង្គ្រាម សេដ្ឋកិច្ច និងបញ្ហាផ្សេងទៀត ដោយបញ្ហាអស់ទាំងនេះUNHCRកំពុងខិតខំដោះស្រាយ ហើយថាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឯកឧត្តមរីករាយ និងផ្ដល់ការគាំត្រឱ្យបានសមស្របទៅតាមស្តង់ដាអន្តរជាតិនៃបរិបទពិភពលោកបច្ចុប្បន្ន៕