ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្ដេច ខេត្តព្រៃវែង

នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រវនឹងថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

អគារថ្មីនៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច ត្រូវបានកសាងឡើងដោយចំណាយថវិកាអស់ជាង៣៤ម៉ឺនដុល្លាអាមេរិក ដោយការចំណាយនេះរាប់ទាំងការកសាងរបង ក្លោងទ្វារ ការចាក់ដីបំពេញបរិវេណ បន្ទប់ទឹក ការស្ថាបនាផ្លូវជុំវិញ ព្រមទាំងការបំពាក់សម្ភារៈចាំបាច់មួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានមានប្រសាសន៍ថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ដែលបានរួមកម្លាំងសាមគ្គីគ្នាកសាងបានអគារទីស្នាក់ការថ្មីនាពេលនេះ។

សម្ដេចបានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនបានបំភ្លេចឧត្តមគតិដើមរបសខ្លួន គឺការតស៊ូដើម្បីជាតិ និងប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាពស្ថេរភាពជាតិ និងការអភិវឌ្ឍ ដែលខុសពីក្រុមមេដឹកនាំខ្មែរក្រហមដែលមានបព្វហេតុ និងឧត្តមគិតដើមល្អ ប៉ុន្តែពេលឡើងកាន់អំណាច បានក្បត់នឹងឧត្តមគតិខ្លួន និងក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន។

សម្ដេចបានមានប្រសាសន៍ថាមេដឹកនាំខ្មែរក្រហម ពីដំបូងទីបានយកបុព្វហេតុដើមមកគៀងគរពលរដ្ឋឱ្យផ្ដល់ការគាំទ្រ និងចូលរួមជាមួយខ្លួន ហើយប្រជាពលរដ្ឋភាគច្រើនបានផ្ដល់ការគាំទ្រ បានជួយការពារ យកអាសារក្រុមចលនាខ្មែរក្រហមរហូតទទួលបានជោគជ័យ ប៉ុន្តែទីបំផុតពួកគេបំភ្លេចបុព្វហេតុដើម ក្បត់ឧត្តមគតិ កាប់សម្លាប់ធ្វើបាបពលរដ្ឋដោយគ្មានត្រាប្រណី។

សម្ដេចបានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានដឹកនាំការរំដោះប្រទេសចេញពីរបបខ្មែរក្រហម គណបក្សបានប្រកាន់យកបុព្វហេតុ និងឧត្តមគតិដើមរបស់ខ្លួន ដោយបានកំណត់យកសេចក្ដីសុខរបស់ពលរដ្ឋជាកិច្ចការអាទិភាព ដាក់ចេញគោលនយោបាយ និងពង្រាយមន្ត្រីចុះអនុវត្តគោលនយោបាយ ដើម្បីបំរើសេចក្ដីត្រូវការពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ។

សម្ដេចបានមានប្រសាសន៍ថាជាក់ស្ដែងគោលនយោបាយពង្រាយសាលារៀនឱ្យបានគ្រប់ភូមិឃុំ និងស្រុក តាំងពីមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដូចដែលពលរដ្ឋបានឃើញនាពេលសព្វថ្ងៃនេះ គឺជាការបង្ហាញការប្ដេជ្ញាចិត្ត និងប្រកបដោយសុទិដ្ឋិនិយមបំផុត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាកូនចៅរបស់ប្រជាពរដ្ឋឱមានចំណេះដឹង ខុសពីអតីកាលដែលរបបអាវខ្មៅបានសំលាប់អ្នកចេះដឹង។

សម្ដេចបានមានប្រសាសន៍ថាបច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថេរភាពជាតិ មានការតស៊ូមតិតាមបែបប្រជាធិបតេយ្យ មានភាពស្មើមុខស្មើមាត់ ហើយយើងកំពុងខិតខំការពារបូរណភាពទឹកដីដែលដូនតាយើងបានបន្សល់ទុកមក ការពារឯករាជ្យភាព អធិបតេយ្យភាព ដែលនេះគឺកិច្ចការអាទិភាពបំផុតដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនអាចរំលងបានជាដាច់ខាត ហើយយើងត្រូវតែបន្តចូលរួមអនុវត្តទាំងអស់គ្នា។

សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្ដីសុខ និងការរីកចំរើននៅក្នុងមូលដ្ឋានរបស់យើង ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ពីព្រោះបច្ចុប្បន្ននេះ កំណើនមធ្យោបាយធ្វើដំណើរ បូកផ្សុំនឹងផ្លូវត្រូវបានស្ថាបនាកាន់តែងាយស្រួល ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកាន់តែមមារញឹកបានធ្វើឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍កើតមានច្រើន។

ពិវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្ដែងប្រចាំថ្ងៃ ដោយមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ ក្នុងនោះមានមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ តាមរយៈការផ្ដល់ឯកសារផ្សេងៗ ការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ព្រមទាំងការសម្រេចចិត្ត និងការអនុវត្តការងារជាច្រើនទៀតដើម្បីបំរើប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន។

ពាក់ព័ន្ធនឹងការងារគណបក្ស សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាថ្នាក់ដឹកនាំបក្សនៅថ្នាក់មូលដ្ឋានត្រូវបន្តកសាងកម្លាំងសមាជិកបក្សសកម្ម និងអ្នកគាំទ្រឱ្យបានរឹងមាំ ដោយសម្ដេចបានសង្កត់ធ្ងន់ឱ្យបង្កើនការស្វែងរកការគាំទ្រឱ្យបានច្រើន តាមរយៈការប្រព្រឹត្តអំពើល្អក្នុងសង្គម ការបំរើពលរដ្ឋឱ្យបានគ្រប់គ្នាដោយមិនប្រកាន់និន្នាការ ទោះបីពលរដ្ឋនោះជាសមាជិក ឬអ្នកគាំទ្រគណបក្សណាក៏ដោយ។

សម្ដេចបានលើកជាឧទហរណ៍ថានៅស្រុកខ្លះ ចំនួនសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មានច្រើន ប៉ុន្តែពេលបោះឆ្នោតហាក់ដូចជាសំឡេងគាំទ្រគណបក្សមានតិចជាតួលេខ។ សម្ដេចបានគូសបញ្ជាក់ថានេះហើយជាមេរៀនមួយដែលយើងត្រូវសិក្សាឱ្យបានច្បាស់លាស់ ពីព្រោះពេលបោះឆ្នោត ពលរដ្ឋគាត់បោះឆ្នោតដោយសំងាត់ និងតាមឆន្ទៈគាត់ ដូច្នេះប្រសិនបើសកម្មភាពថ្នាក់ដឹកនាំ និងមន្ត្រីរបស់យើងមិនល្អត្រង់ចំណុចណាមួយ វានឹងជះឥទ្ធិលលើការសម្រេចចិត្តរបស់ពួកគាត់ជាក់ជាមិនខាន។

សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាល បានដាក់ចេញការធ្វើវេទកាសាធារណៈទូទាំងប្រទេស ដោយបានចាត់តាំងក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានរៀបចំឡើងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋឡើងបញ្ចេញមតិ បង្ហាញក្ដីកង្វល់ និងសំណូមពរ ដើម្បីអាចប្រមូលបញ្ហាទាំងនោះមកដោះស្រាយភ្លាមៗជូនពួកគាត់ ហើយបញ្ហាណាដែលថ្នាក់ក្រោមមិនអាចដោះស្រាយបាន បញ្ហានោះនឹងត្រូវបញ្ជូនមកថ្នាក់ជាតិ ដើម្បីបន្តដោះស្រាយជូនពលរដ្ឋ។

សម្ដេចក៏បានក្រើនរំលឹកក្រុមការងារ និងអាជ្ញាធរ ត្រូវចុះទៅជួបប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីផ្ដល់ឱកាសបន្ថែមជូនពួកគាត់ លើកឡើងក្ដីកង្វល់ និងសំណូមពរនានា ពីព្រោះប្រជាពលរដ្ឋខ្លះ គាត់មិនអាចឡើងថ្លែងពីបញ្ហាផ្សេងៗនៅក្នុងវេទិកាសធារណៈបាន ដោយសារមានក្ដីព្រួយបារម្ភ ឬខ្លាចមន្ត្រី ឬនរណាម្នាក់ដែលពាក់ព័ន្ធនឹងការបង្កបង្កើតបញ្ហានោះអាចមានការអាក់អន់ស្រពន់ចិត្ត។ ធ្វើយ៉ាងដូច្នេះសម្ដេចអះអាងថានឹងធ្វើឱ្យយើងប្រមូលបញ្ហាបានកាន់តែច្បាស់ ហើយអាចដោះស្រាយបាន ដោយមិនទុកឱ្យបញ្ហានោះកប់ចោលឡើយ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ទះឡើងនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កឡើងដោយវីរុសកូរូណាប្រភេទថ្មីនៅប្រទេសចិន បណ្ដាលឱ្យមានអ្នកឆ្លង អ្នកស្លាប់ ប៉ុន្តែជាមួយគ្នានេះក៏មានអ្នកទទួលការព្យាបាលជាសះស្បើយ ហើយបានវិលត្រឡប់ទៅផ្ទះវិញដែរ ខណៈបណ្ដាប្រទេសផ្សេងទៀតក៏ត្រូវបានរកឃើញថាមានអ្នកឆ្លង និងកំពុងចាត់វិធានការព្យាបាល ព្រមទាំងបង្កាទប់ស្កាត់ការរីករាលដាល។

សម្ដេចបានមានប្រសាសន៍ថាតាមព័ត៌មានដែលសម្ដេចទទួលបាន វីរុសនេះ អាចរស់បានយូរតែនៅតំបន់ត្រជាក់តែប៉ុណ្ណោះ ដូច្នេះសម្រាប់ស្ថានភាពអាកាសធាតុដូចកម្ពុជាយើងនេះ មិនអំណោយផលសម្រាប់ការរស់រានមានជីវិត និងចម្លងរបស់មេរោគថ្មីនេះឡើយ។ យ៉ាងណាក៏ដោយសម្ដេចបានអំពាវនាវប្រជាពលរដ្ឋបង្កើនការថែរក្សាសុខភាព ដោយប្រកាន់យកការអនុវត្តគោលការណ៍អនាម័យគ្រប់ពេលវេលា។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានប្រកាសជូនអំណោយអនុស្សាវរិយ៍ រួមទាំងថវិកា ព្រមទាំងសម្ភារៈជូនអង្គពិធី និងបានអញ្ជើញពិនិត្យអគារថ្មីនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្ដេច ព្រមទាំងបានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងដាំកូនឈើនៅក្នុងបរិវេណស្នាក់ការបក្ស៕

អត្ថបទដែលជាប់ទាក់ទង