សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីពិធីបើកវេទិកាភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីពិធីបើកវេទិកាភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាដ៏មានសារៈសំខាន់នេះឱកាសនេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍ថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមពីអង្គវេទិកាទាំងអស់ជាតំណាងអង្គការសមាគម តំណាងប្រទេសជាដៃគូ និងតំណាងអាជ្ញាធរមកពីគ្រប់រាជធានីខេត្ត។
សម្ដេចក្រឡាហោម បានរំលឹកថាវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ហើយបន្ទាប់ពីពិធីបើកវេទរិកាលើកទី៤នាពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នឹងធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារចន្លោះវេទិកាលើកទី៣ និងទី៤ ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូច្នេះរាជរដ្ឋាភិបាលកម្ពុជា គ្មានជម្រើសអ្វីក្រៅពីបន្តប្ដេជ្ញាចិត្តពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ កែលម្អរបរិយាកាសនយោបាយ តាមរយៈការពិគ្រោះយោបល់ជាមួយគ្រប់តួអង្គក្នុងដំណើរដឹកនាំ គ្រប់គ្រង សេដ្ឋកិច្ច និងសង្គម។
សម្ដេចបានមានប្រសាសន៍ថាការរីកចំរើន និងការអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក រហូតដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាពិតជាមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសដៃគូឯកជន អង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងបរទេស ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការផ្ដល់សេវាសង្គមតាមមូលដ្ឋានជនបទ និងសហគមដាច់ស្រយាល ដែលនៅមានអត្រាប្រជាពលរដ្ឋក្រីក្រខ្ពស់។
សម្ដេចបានបន្ថែមថាសង្គមស៊ីវិល ក៏បានចូលរួមក្នុងសកម្មភាពនៃវិស័យកំណែទម្រង់រដ្ឋ ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថានជាដើម។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជីសរុប៥៥៦៤ ក្នុងនោះសមាគមជាង២២០០ និងអង្គការជាង៣១០០អង្គការ។
សម្ដេចបានសង្កត់ធ្ងន់ថាចាប់តាំងពីបង្កើតច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមក មានសមាគម និងអង្គការជាច្រើបានចុះបញ្ជីតាមច្បាប់ និងបង្កើតឡើងជាបន្តបន្ទាប់ ជាក់ស្ដែងមកដល់បច្ចុប្បន្ននេះ ក្នុងមួយខែមានសមាគម ឬអង្គការបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃប្រហែល២០អង្គការ ឬសមាគម ហើយទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីខេត្ត ក៏បានរៀបចំវេទិកាសង្គមស៊ីវិលនៅក្នុងមូលដ្ឋានរបស់ខ្លួន២លើកដែរក្នុងឆ្នាំ២០១៩។
ដោយឡែកក្រសួងមហាផ្ទៃ ក៏បានពិនិត្យឃើញថាការធ្វើសកម្មភាពរបស់សង្គមស៊ីវិលក្នុងឆ្នាំ២០១៩មិនមានការរឹតត្បិតនោះឡើយ ហើយអាជ្ញាធរមូលដ្ឋានហាក់មានការយល់ដឹងច្រើន និងផ្ដល់កិច្ចសហការបានទូលំទូលាយច្រើន។ ជាក់ស្ដែងក្នុងឆមាសទី២ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានទទួលសេចក្ដីរាយការណ៍តែ២ប៉ុណ្ណោះពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន ហើយក្រុមការងារក្រសួងបានជួយសម្របសម្រួល និងដោះស្រាយបញ្ហានោះចប់ជាស្ថាពរ។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍បង្ហាញក្ដីចម្ងល់ ចំពោះសង្គមស៊ីវិលខ្លះដែលមានជំនាញតែខាងបូកសរុបបញ្ហាយកទៅផ្សព្វផ្សាយ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានអំពីបញ្ហាទាំងនោះមកក្រុមការងារក្រសួងមហាផ្ទៃដើម្បីសហការដោះស្រាយឡើយ។ សម្ដេចចាត់ទុកថានេះគឺជាការលាក់ព័ត៌មាន ហើយទំនាក់ទំនងនេះវាហាក់ដូចជាមិនមានតម្លាភាព និងផ្ទុយពីការកសាងភាពជាដៃគូ។ ដូច្នេះសម្ដេចសូមប្រកាសស្វាគមន៍ការអនុវត្តយន្តការសហការចែករំលែកព័ត៌មានដើម្បីរួមគ្នាដោះស្រាយបញ្ហា។
សម្ដេចបានមានប្រសាសន៍ថា មានមតិខ្លះបានស្នើមកក្រសួងមហាផ្ទៃ ឬតំណាងរាជរដ្ឋាភិបាល សុំអញ្ជើញតែក្រុមសង្គមស៊ីវិលធ្វើការផ្នែកតស៊ូមតិបានហើយសម្រាបការប្រជុំ ឬវេទិការពាក់ព័ន្ធ។ ដោយឡែកអង្គការមិនមែនតស៊ូមតិមិនចាំបាច់នោះទេ។ សម្ដេចបានមានប្រសាសន៍ថាការធ្វើយ៉ាងដូច្នេះគឺជារឿងខុសឆ្គង ព្រោះនេះគឺជាការបិទសិទ្ធិសេរីភាពម្ខាង បើកឱ្យម្ខាង ដែលផ្ទុយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។
ពាក់ព័ន្ធនឹងការស្នើធ្វើវិសោធនកម្មច្បាប់អង្គការមិនមែនរដ្ឋាភិបាល សម្ដេចបានមានប្រសាសន៍ថាពេលនេះ បញ្ហាគឺនៅត្រង់ថាភាគីខាងក្រុមសង្គមស៊ីវិល មិនទាន់មានការឯកភាពគ្នា។ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យអង្គការទាំងនោះ ចងក្រងគ្នាដើម្បីបង្កើតការសម្រុះសម្រួលមតិគ្នាជាមុនសិន ចាំមកពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល ពោលគឹមិនអាចគ្នាឯងមិនត្រូវ ហើយមកទាញ ឬបង្ខំឱ្យរាជរដ្ឋាភិបាលគាំទ្រម្ខាង អត់ម្ខាងនោះទេ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ក៏បានបង្ហាញការស្វាគមន៍ និងត្រៀមទទួលយកសំណើរធ្វើវិសោធនកម្មចំនួន១៥មាត្រា ដែលបានស្នើឡើងដោយសង្គមស៊ីវិល ហើយបានចាត់តាំងឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើរ តាមរយៈការសិក្សា ការពិគ្រោះយោបល់ និងតស៊ូមតិ ដោយបានរៀបចំកិច្ចប្រជុំ៣លើក ឯកភាពគ្នា៥មាត្រា។
ពាក់ព័ន្ធនឹងវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលនាថ្ងៃនេះ មកសម្ដេចក្រឡាហោមបានអំពាវនាវសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្តអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងបទដ្ឋានពាក់ព័ន្ធ ចៀសវាងជាដាច់ខាតការជាប់ពាក់ព័ន្ធបទល្មើសលាងសំអាតប្រាក់ ហិរញ្ញប្បទានខុសច្បាប់ ចូលរួមជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធក្នុងសង្គម និងគាំទ្រកំណែទម្រង់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ សម្ដេចក៏បានណែនាំរដ្ឋបាលរាជធានីខេត្តបន្តផ្ដល់ការសម្រួបសម្រួលការធ្វើសកម្មភាពដោយសេរី និងស្របតាមច្បាប់របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅមូលដ្ឋានរបស់ខ្លួន បន្តរៀបចំវេទិកានេះឲ្យបាន២ដងក្នុងមួយឆ្នាំជាមួយសង្គមស៊ីវិលក្នុងមូលដ្ឋានរបស់ខ្លួន ណែនាំរដ្ឋបាលក្រុងស្រុករៀបចំកិច្ចប្រជុំ២ដងជាមួយសហគមន៍មូលដ្ឋាននានា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ៕