ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ហៅកាត់ថា គ.ជ.ដ.អ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជាការចាំបាច់ណាស់ ដែលប្រទេសនីមួយៗត្រូវរៀបចំខ្លួនសម្រាប់សមាហរណកម្មក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីឲ្យទាន់ប្រទេសជិតខាងក្នុងតំបន់ ក្នុងការអភិវឌ្ឍជាតិ និងអភិវឌ្ឍន៍ឆាប់រហ័សនូវបច្ចេកវិទ្យាទំនើបៗ ពោលគឺការកែទម្រង់ប្រព័ន្ធការគ្រប់គ្រងអត្តសញ្ញាណកម្មនៅតែជាកិច្ចការជាអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា។

សម្ដេចក្រឡាហោមបានកត់សម្គាល់ថា បច្ចុប្បន្នប្រទេសជាច្រើនលើសកលលោក បានផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកការគ្រប់គ្រង អត្តសញ្ញាណកម្មប្រជាពលរដ្ឋ និងការធ្វើឲ្យប្រសើរឡើង តាមរយៈការធ្វើទំនើបកម្មតាមប្រព័ន្ធគ្រប់គ្រង និងការផ្លាស់ប្តូរប្រព័ន្ធការងារនៃការចុះបញ្ជីដោយដៃដូចជាអត្រានុកូលដ្ឋាន គ្រប់គ្រងការស្នាក់នៅ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនឲ្យទៅជាការចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលការផ្លាស់ប្តូរនេះជាតម្រូវការចាំបាច់។

សម្ដេច ស ខេង បានបន្ថែមថា ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មនេះ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធផ្ដល់សេវាទាំងអស់របស់រាជរដ្ឋាភិបាល ទាំងសេវាផ្នែកសាធារណៈ និងផ្នែកឯកជន ហើយក៏ជាកិច្ចការដែលកម្ពុជា ត្រូវចូលរួមចំណែកក្នុងការ អនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរបស់ អង្គការសហប្រជាជាតិ ពិសេសគឺក្របខណ្ឌកម្មវិធី ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានដែលបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកកប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។

បន្ទាប់ពីបានពិនិត្យរបាយការណ៍វាយតម្លៃការអនុវត្តសាកល្បងច្រកចេញចូលតែមួយ ការផ្តល់សេវាអត្តសញ្ញាណកម្ម នៅខេត្តកំពត និងខេត្តកែប និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម សម្ដេចក្រឡាហោមបានចាត់ទុកជាកិច្ចការចំបងដំបូងគេសម្រាប់ត្រួសត្រាយផ្លូវក្នុងការរៀបចំប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងអត្តសញ្ញាណបុគ្គលស្របតាមស្តង់ដារជាសាកល។

សូមបញ្ជាក់ថានៅព្រឹកមិញនេះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានកំណត់ទិសដៅបន្ត ដោយនឹងអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម អភិវឌ្ឍនប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋានមានលក្ខណៈជាសកល និងមានការឆ្លើយតប សិក្សាពិនិត្យលទ្ធភាពបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកភាព បែងចែកទិន្នន័យប្រជាជន។

អគ្គនាយកដ្ឋាននឹងបន្តកែសម្រួលរបៀបរបបការងារ និងដាក់ឲ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសម្រាប់ផ្ដល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជួសជុលបំពេញបន្ថែមឧបករណ៍សម្ភារៈបច្ចេកទេស ដែលខូចខាតក្នុងដំណើរការអនុវត្តសាកល្បងច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មតាមសាលាឃុំសង្កាត់ នៅខេត្តកំពត និងកែប និងគម្រោងពង្រីកបន្ថែមទៀត ព្រមទាំងសហការជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពតភ្ជាប់ប្រព័ន្ធ ដើម្បីបំរើឲ្យការផ្ទៀងផ្ទាត់អត្តសញ្ញាណកម្មបុគ្គលបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង