ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានី-ខេត្ត នៅរដ្ឋបាលខេត្តពោធិ៍សាត់ ។

នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានី-ខេត្ត នៅរដ្ឋបាលខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្ដើម អង្គពិធីបានទស្សនាការសម្ដែងរបាំជូនពរ និងរបាំបេះក្រវ៉ាញ សម្ដែងដោយក្រុមសិល្បករនៃមន្ទីរវប្បធម៌ និងចិត្រសិល្បៈខេត្តពោធិ៍សាត់ មុននឹងស្ដាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយល័យប្រជាពលរដ្ឋ ដែលបានប្រារព្ធពិធីសម្ពោធក្រោមអធិបតីភាពសម្ដេចក្រឡាហោមនាឱកាសនេះ ។

យោងតាមរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត បច្ចុប្បន្នអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ កំពុងដំណើរការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងវិស័យចំនួន១៤ ដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋជាង១ម៉ឺន៥ពាន់សេវា និងទទួលប្រាក់ចំណូលចូលថវិកាជាតិជាង១ពាន់៥៦លានរៀលហើយ ។ ដោយឡែកការិយាល័យប្រជាពលរដ្ឋក៏បានចាប់ផ្ដើមបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អជូនប្រជាពលរដ្ឋក្នុងពេលជាមួយគ្នានេះដែរ។

របាយការណ៍ក៏បានឲ្យដឹងដែរថា នាពេលកន្លងមក រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានដាក់ឲ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុងស្រុកចំនួន២រួចមកហើយដែរ គឺមួយក្រុងពោធិ៍សាត់ និងមួយទៀតស្រុកបាកាន ខណៈស្រុកក្រគរ ក៏ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ចូលក្នុងស្រកគោលដៅត្រូវសិក្សាបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរួចហើយដែរកាលពីឆ្នាំ២០១៩កន្លងទៅនោះ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានមានគូសបបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីបង្ករលក្ខណៈងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាយន្តការច្រកចេញចូលតែមួយ បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវការិយាធិបតេយ្យ និងអំពើពុករលួយក្នុងដំណើរការសុំសេវាផ្សេងៗពីស្ថាប័នរដ្ឋ ហើយលើសពីនេះទៅទៀត នៅតាមបណ្ដាប្រទេសដែលមានធនធានមនុស្សមានសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន គេក៏បានអភិវឌ្ឍន៍នូវប្រព័ន្ធ និងយន្តការនេះរហូតដល់តាមប្រព័ន្ធអនឡាញ និងឌីជីថលទៀតផង ។

សម្ដេចក្រឡាហោមបានរំលឹកថា កម្ពុជាបានអនុវត្តសាកល្បងនូវដំណើរការច្រកចេញចូលតែមួយនេះ រយៈពេល១៥ឆ្នាំរួចមកហើយ ដោយចាប់ផ្ដើមដំបូងនៅស្រុកក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានការគាំទ្រពីរដ្ឋបាលស្រុកនៅអាល្លឺម៉ង់ និងអ៊ីតាលី ។ ដោយសារយន្តការនេះមានប្រសិទ្ធភាពខ្ពស់ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងពាក់ព័ន្ធ ពង្រីកការិយាល័យនេះនៅតាមបណ្ដាក្រុងស្រុកជាបន្តបន្ទាប់ គិតត្រឹមឆ្នាំ២០១៩ មានថ្នាក់ក្រុងស្រុកខណ្ឌចំនួន១១៥រួចមកហើយ ។

ទន្ទឹមនឹងការបង្កើតការិយាល័យច្រកចេញចូលតែមួយ សម្ដេចបានគូសបញ្ជាក់ថាក្រសួងមហាផ្ទៃ ក៏បង្កើតការិយាល័យប្រជាពលរដ្ឋមួយទៀតដែរ ដែលមានតួនាទីទទួល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ភាពមិនប្រក្រតីនៃការផ្ដល់សេវា ឬការបញ្ចេញអកប្បកិរិយាមិនសមរម្យណាមួយពីមន្ត្រីក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ។

សម្ដេចបានមានប្រសាសន៍គូសបញ្ជាក់ថា«ពីមុនប្រជាពលរដ្ឋ ឧទាហរណ៍គាត់ត្រូវសុំច្បាប់ធ្វើអាជីវកម្មដែលត្រូវឆ្លងកាត់សមត្ថកិច្ចក្រសួងពីរ ឬបី ដូច្នេះពលរដ្ឋត្រូវសុំទៅមន្ទីរនៃក្រសួងនោះពីរទៅបីកន្លែងដែលពាក់ព័ន្ធនឹងការសម្រេចលើសេវាសុំច្បាប់អាជីវកម្មនោះ។ ពេលខ្លះក៏ជួបត្រឹមអនុនប្រធានមន្ទីរ ឬក៏ជួបមន្ត្រីដែលមិនមានសិទ្ធិសម្រេច ដូច្នេះទម្រាំបែបបទក្រដាស់ស្នាមស្នើសុំនោះវាទៅដល់មន្ទីរ ឬប្រធានមន្ទីរ គឺត្រូវការប្រើពេលវេលាយ៉ាងវែង ហើយវាក៏ទុកឱកាសឱ្យមន្ត្រីខិលខូចមួយចំនួនឃុបឃិបជាមួយអ្នកមកសុំសេវា ឬបង្ខំអ្នកមកសុំសេវា ដើម្បីបង់កម្រៃក្រៅផ្លូវការ។ ដូច្នេះហើយបានជាការសិក្សាឃើញថាដំណោះនៃការកាត់បន្ថយភាពអសកម្មទាំងនេះ គឺដើម្បីបានលឿន បានឆាប់រហ័ស និងមានតម្លាភាព គឺបង្កើតច្រកចេញចូលតែមួយ» យ៉ាងណាក៏ដោយសម្ដេចបានគូសបញ្ជាក់ថាការបង្កើតការិយាល័យនេះ គឺអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃមូលដ្ឋាន ពោលគឺបើមិនទាន់មានតម្រូវការស្នើសុំសេវាច្រើន រដ្ឋមិនទាន់បង្កើតច្រកចេញតែមួយឡើយ គឺមិនអាចបង្កើតហើយយកមន្ត្រីទៅចាំបំពេញការងារដោយទំនេរចោលនោះទេ ព្រោះវាគឺជាការខាតបង់ថវិកាជាតិ ដែលថវិកានេះក៏ដូចជាថវិកាពលរដ្ឋដែរ។ ដូច្នេះហើយបានជាជាក់ស្ដែងដូចខេត្តពោធិ៍សាត់ រដ្ឋទើបតែបង្កើតថ្នាក់ក្រុងស្រុកបានពីរ និងកំពុងសិក្សាស្រុក១ទៀតប៉ុណ្ណោះ។

សម្ដេចបានមានប្រសាសន៍ទៀតថា ការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រាជធានីខេត្តទូទាំងប្រទេស បានដំណើរការផ្ដល់សេវាជិត៦០០ប្រភេទសេវា ហើយថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានមួយចំនួនពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រងស្រុក និងបង្កើនថវិកាឃុំសង្កាត់នៅឆ្នាំ២០២០ដែរ ដោយក្នុងនោះថវិកាអភិវឌ្ឍន៍មូលដ្ឋានមានជាង៧ម៉ឺនដុល្លារ ដើម្បីធានាឲ្យឃុំសង្កាត់បំពេញបានតាមតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ក្រើនរំលឹកអភិបាល និងប្រធានក្រុមប្រឹក្សាខេត្ត ពិសេសខេត្តដែលមានព្រៃឈើសេសសល់ច្រើន ឬតិច ត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងស្ថានភាពដែលអាកាសធាតុកាន់តែមានភាពរាំងស្ងួត និងកើនកម្ដៅ។ សម្ដេចបានទាញចំណាប់អារម្មណ៍ថា ជាក់ស្ដែងខេត្តពោធ៍សាត់ ប្រសិនបើអស់ព្រៃឈើនៅជួរដងភ្នំក្រវ៉ាញ ច្បាស់ជានឹងមានជំនន់ធំនៅពេលមានភ្លៀងធ្លាក់ខ្លាំងមិនខានឡើយ ដូច្នេះមិនត្រូវមើលស្រាលបញ្ហានេះជាដាច់ខាត ហើយខេត្តផ្សេងក៏ត្រូវយកចិត្តទុកដាក់ដូចគ្នាដែរ៕

 

អត្ថបទដែលជាប់ទាក់ទង