សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
នៅរសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ទស្សនកិច្ចនេះមាមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមករានេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដំណើរអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរបស់សម្ដេចក្រឡាហោម ស ខេង ឱកាសនេះ បានទទួលការជូនដំរណើរដោយផ្ទាល់ពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់លើការលើកកម្ពស់តួនាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕