សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តមអភិបាលខេត្ត EHIME ប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខេបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម TOKIHIRO NAKAMURA អភិបាលខេត្ត EHIME នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមនៃជំនួបប្រកបដោយបរិយាកាសស្និតស្នាល និងរាក់ទាក់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូ ពិសេសក្រុមធុរកិច្ចជនខេត្ត EHIME នៃប្រទេសជប៉ុនដែលបានរួមដំណើរមកនាពេលនេះ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាខេត្ត EHIME នៃប្រទេសជប៉ុន បានកសាងទំនាក់ទំនងយ៉ាងល្អជាមួយខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា ដោយបានបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងខេត្ត និងរវាងធុរជន និងធុរជន ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ មានក្រុមហ៊ុនជប៉ុនបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយសម្ដេចសង្ឃឹមថានឹងមានការវិនិយោគពីជប៉ុនមកខេត្តបាត់ដំបងកាន់តែច្រើនទៀត។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ដែរថាទំនាក់ទំនងដ៏ល្អនេះ មិនមែនតែរវាងខេត្តបាត់ដំបង និងខេត្ត EHIMEនៃប្រទេសជប៉ុននោះទេ ក៏ប៉ុន្តែទំនាក់ទំនងនេះ គឺជាផ្នែកមួយនៃផ្លែផ្លាកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដោយសម្ដេចបានលើកឡើងពីការថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនប៉ុន ដែលបានចូលរួមជួយជ្រោមជ្រែងការអភិវឌ្ឍកម្ពុជារហូតមក។
មានប្រសាសន៍ជម្រាបសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ ឯកឧត្តម TOKIHIRO NAKAMURA អភិបាលខេត្តនៃប្រទេសជប៉ុន បានសម្ដែងសេចក្ដីថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលបានផ្ដល់ឱកាសជូនឯកឧត្តម បានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនសម្ដេចអំពីសមាសភាពគណៈប្រតិភូ ព្រមទាំងសកម្មភាពនៃដំណើរទស្សនកិច្ចកម្ពុជា។
ឯកឧត្តម TOKIHIRO NAKAMURA បានជម្រាបសម្ដេចក្រឡាហោមទៀតថាប្រតិភូជប៉ុនដែលឯកឧត្តមបានដឹកនាំមកកម្ពុជានាពេលនេះ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត EHIME និងក្រុមអ្នកធុរកិច្ច ឬអ្នកជំនួញសំខាន់ៗប្រចាំខេត្ត EHIME ហើយថាក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបានដឹកនាំប្រតិភូធ្វើដំណើរទៅទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាព និងសក្ដានុពលវិនិយោគនៅខេត្តបាត់ដំបង។
ឯកឧត្តមអភិបាលខេត្តរបស់ប្រទេសជប៉ុនក៏បានជម្រាបសម្ដេចដែរថាប្រតិភូពិតមានការចាប់អារម្មណ៍ណាស់ចំពោះខេត្តបាត់ដំបង ជាខេត្តធំ មានសក្ដានុពលដល់ដំណាំកសិកម្ម និងជាខេត្តជាប់ព្រំដែនមួយដែលមានក្រុមហ៊ុនជប៉ុនកំពុងវិនិយោគស្រាប់ និងបានជម្រាបសម្ដេចថាឯកឧត្តមបានអញ្ជើញឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងដឹកនាំប្រតិភូទៅទស្សនកិច្ចប្រទេសជប៉ុននៅអំឡុងខែមេសាខាងមុខ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការស្វាគមន៍ និងមានប្រសាសន៍ថាសម្ដេចសូមគាំទ្រឱ្យឯកឧត្តមអភិបាលខេត្តបាត់ដំបងដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន និងបានជូនពរឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូជប៉ុនបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពរីករាយ និងជោគជ័យ ព្រមទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕