សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យឯកឧត្តម KAZUYUKI NAKANE សមាជិករដ្ឋសភាជប៉ុន និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម KAZUYUKI NAKANE សមាជិករដ្ឋសភា និងជាអតីតអនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន ព្រមទាំងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមនៃជំនួបដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការស្វាគមន៍ចំពោះឯកឧត្តម KAZUYUKI NAKANE ដោយសម្ដេចបានគូសបញ្ជាក់ថា ឯកឧត្តមគឺជាឥស្សរជនជប៉ុនមួយរូបដែលសម្ដេចធ្លាប់បានជួបប្រាស្រ័យទាក់ទង និងធ្វើការជាមួយជាច្រើនលើករួចមកហើយ។
តាមរយៈឯកឧត្តម KAZUYUKI NAKANE សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន ពិសេសការចូលរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការផ្ដល់ជំនួយឥតសំណង និងជំនួយផ្សេងៗទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាមកដល់បច្ចុប្បន្ននេះ។
ជាការឆ្លើយតប ឯកឧត្តម KAZUYUKI NAKANE សមាជិករដ្ឋសភា និងជាអតីតអនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន បានថ្លែងអំណរគុណសម្ដេច និងសម្ដែងក្ដីរីករាយដែលបានជួបសម្ដេចជាថ្មីម្ដងទៀតនាឱកាសនេះ ដែលនេះគឺជាលើកទី៥ហើយដែលឯកឧត្តមបានជួបសម្ដេចទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន ហើយថាឯកឧត្តមពិតជាមានក្ដីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តមក៏បានជម្រាបសម្ដេចក្រឡាហោមដែរថាឯកឧត្តមអាចចាត់ទុកជាសមាជិកសភាមួយរូបរបស់ជប៉ុន ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាច្រើនជាងគេ ក្នុងនោះឯកឧត្តមក៏មានទំនាក់ទំនងជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំមួយចំនួនរបស់ខេត្តសៀមរាបផងដែរ ដោយជារៀងរាល់លើកនៃដំណើរទស្សនកិច្ច ឯកឧត្តមបានជម្រាបសម្ដេចក្រឡាហោមថាតែងតែបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប។
ដោយឡែកតាមរយៈដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ឯកឧត្តមពិតជាមើលឃើញនូវវឌ្ឍនភាពរបស់កម្ពុជា ដែលកាលពីដំណើរទស្សនកិច្ចចុងក្រោយនៅឆ្នាំ២០១៨ និងទស្សនកិច្ចលើកនេះ ឯកឧត្តមពិតជាបានមើលឃើញនូវវឌ្ឍនភាពជាច្រើនរបស់កម្ពុជា និងបានសង្កេតឃើញថាយុវជនកម្ពុជាកាន់តែមានភាពរស់រវើកក្នុងការចលរួមដល់ការអភិវឌ្ឍប្រទេសរបស់ខ្លួនប្រកបដោយក្ដីសង្ឃឹម។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តមទៅលើវឌ្ឍនភាពរបស់កម្ពុជា និងស្ថានភាពទូទៅរបស់កម្ពុជា។ សម្ដេចក៏បានជម្រាបជូនដែរថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយលើកកម្ពស់យុវជនកម្ពុជា ចូលរួមសកម្មភាពនយោបាយ សកម្មភាពកសាង និងអភិវឌ្ឍន៍សង្គម ជាពិសេសលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសង្គម។
សម្ដេចបានបន្តថានៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជំរុញយុវជនវ័យក្មេងចូលរួមក្នុងសកម្មភាពសង្គម និងកំពុងខិតខំប្រើប្រាស់សក្ដានុពលធនធានមនុស្សវ័យក្មេងនេះ ក្នុងការអភិវឌ្ឍសង្គមជាតិ ព្រោះតាមប្រវត្តិសាស្ត្រកម្ពុជា បានបាត់បង់ធនធានមនុស្សយ៉ាងច្រើននៅក្នុងសម័យរបបប្រល័យពូជសាសន៍។
មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ឯកឧត្តម និងបានជូនពរដល់ឯកឧត្តម ព្រមទាំងប្រតិភូសូមបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយផាសុភាព និងជោគជ័យ ព្រមទាំងបានសម្ដែងក្ដីសង្ឃឹមថាវត្តមានរបស់ឯកឧត្តមនាពេលនេះ នឹងបន្តរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត៕