សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួប៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩ - ២០២០)
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួប៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩ - ២០២០) ប្រារព្ធនៅខេត្តបាត់ដំបង។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធីអបអរសាទរខួប៤១ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃទាំងពីរគណៈ ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រាប់អាវុធ ក្រុមការងារយុវជនគ្រប់ប្រភេទ សិស្សានុសិស្ស និងមហាជនជាច្រើនពាន់នាក់។
ជាកិច្ចចាប់ផ្ដើម អង្គពិធីបានទស្សនាការសម្ដែងរបាំជូនពរសម្ដែងដោយក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង ហើយបន្ទាប់មក ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានអញ្ជើញអានសុន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា មុននឹងសម្ដេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង អញ្ជើញថ្លែងសុន្ទរកថា និងមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពីធី។
ពីវេទិការអធិបតី សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់អំពីអត្ថន័យ៧មករា ដោយសម្ដេចបានបន្តថានៅក្នុងសន្ទរកថារបស់សម្ដេចតេជោ បានបញ្ជាក់ថាជាថ្ងៃកំណើតទី២របស់យើង ជារបស់មនុស្សគ្រប់រូប ដែលចង់បានសុខសន្តិភាព ចង់មានជីវិតរស់រាន ដែលនេះគឺជាការពិត បានមកពីការក្រោកឡើងតស៊ូរបស់ឥស្សរជន ប្រជាជន និងមានការគាំទ្រពីប្រជាជន និងកងទ័ពរដ្ឋាភិបាលវៀតណាម ដែលប្រវត្តិសាស្រ្តប្រទេសយើងតែងតែបានរួមគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងអាណានិគម និងរបបកាប់សម្លាប់។ សម្ដេចបានសង្កត់ធ្ងន់ថានិយាយយ៉ាងដូច្នេះ មិនមែនមានន័យថាកម្ពុជាមិនមានទំនាក់ទំនង និងកិច្ចសហប្រតបត្តិការល្អជាមួយបណ្ដាប្រទេសផ្សេងទៀតនោះទេ។
សម្ដេចបានមានប្រសាសន៍ថាកន្លងទៅនេះ យើងបាន និងកំពុងធ្វើ ជាមួយប្រទេសថៃ ឡាវ ជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងជាមួយបណ្ដាប្រទេសក្រៅតំបន់ គឺយើងបានធ្វើ និងប្រកបដោយប្រសិទ្ធភាព បើទោះបីថាទំនាក់ទំនងជាមួយប្រទេសក្នុងចំណោមនេះ មានភាពខុសគ្នាខ្លះ មានការឡើងចុះ មានផ្នែកល្អ និងមិនទាន់ល្អក្ដី ប៉ុន្តែរាជរដ្ឋាភិបាលប្ដេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ដែលនេះគឺជាជំហរនយោបាយការបរទេសរបស់យើង ហើយគេក៏ដូចគ្នា គឺសុទ្ធតែមានផលប្រយោជន៍ និងគោរពផលប្រយោជន៍ ព្រមទាំងអធិបតេយ្យគ្ននាទៅវិញទៅមក។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីរណៈសិរ្សសាមគ្គីសង្គ្រោះជាតិជាតិកម្ពុជា ដែលបានដូរឈ្មោះទៅជារណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយសម្ដេចបានផ្ដល់យោបល់ថាបើអាចត្រឡប់ទៅប្រើឈ្មោះដើមវិញគឺល្អ ឬធ្វើបច្ចុប្បន្នភាពពាក្យ ជារណៈសិរ្សសាមគ្គីសង្គ្រោះជាតិ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាក៏បាន។ សម្ដេចបានបន្ថែមថាការបញ្ជាក់នេះ គឺដោយសារប្រវត្តិសាស្ត្រឈ្មោះដើមសព្វថ្ងៃនេះ គឺមានការផ្លាស់ប្ដូរបន្តិច ហើយរណស្សិរនេះគឺមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាស្នូលដឹកនាំ។
សម្ដេចបានសង្កត់ធ្ងន់ថា ទិវាជាតិ៧មករា មិនមែនជារបស់គណបក្សប្រជាជនកម្ពុជា ឬបុគ្គលណាផ្ដាច់មុខនោះឡើយ គឺជារបស់ប្រជាជាតិទាំងមូល ទោះបីពួកគាត់សប្បាយចិត្ត ឬមិនសប្បាយចិត្ត ទទួលស្គាល់ ឬមិនទទួលស្គាល់ ប៉ុន្តែពួកគាត់បានឆ្លងកាត់សច្ចធម៌ គឺបានរស់រានមានជីវិត បានក្លាយទៅជាឥស្សរជននយោបាយគណបក្សប្រឆាំង ឬគណបក្សណាមួយ បានក្លាយទៅជាប្រធានអ្នកដឹកនាំ ឬសមាជិកអង្គការមិនមែនរដ្ឋាភិបាល ឬក្លាយជាអ្នកសារព័ត៌មាន អាជីវករ ប្រកបដរបរដោយសេរី តាមច្បាប់របស់ជាតិ។
ដូច្នេះទោះបីគាត់មានហេតុផលរៀងៗខ្លួនអំពីថ្ងៃ៧មករា ក៏ប៉ុន្តែជាសច្ចធម៌ជាក់ស្ដែង បើគ្មានការអំពាវនាវរបស់ប្រជាជនកម្ពុជាដែលជាអ្នករងគ្រោះក៏កងទ័ពវៀតណាមមិនអាចសម្រេចចិត្តចូលជួយកម្ពុជាបានដែរ។ ព្រោះជាក់ស្ដែងកម្ពុជាមានការសម្លាប់រង្គាល មានការបំផ្លិចបំផ្លាញអ្វីៗទាំងអស់ដែលជាសមិទ្ធផលសង្គមជាតិ ដែលនេះគឺជាការជាក់ស្ដែង។ ដូច្នេះហើយទើបសម្ដេចអះអាងថាទិវានេះ មិនត្រូវធ្វើនៅទីស្នាក់ការគណបក្សនោះទេ ដោយជ្រើសរើសទីកន្លែងសាធារណៈ ហើយសមាសភាពចូលរួមមានការបើកទូលាយ ឬរៀបចំដោយមានការអញ្ជើញសមសភាពចម្រុះ រឿងចូល ឬមិនចូលរួមគឺជាការសម្រេចចិត្ត។
សម្ដេចបានគូសបញ្ជាក់ទៀតថាបច្ចប្បន្ននេះ យើងកំពុងតែធ្វើយ៉ាងណាមិនឲ្យរបបប្រល័យយពូជសាសន៍កើតឡើងសារជាថ្មីទាំងនៅកម្ពុជា និងមិនឲ្យវាកើតឡើងនៅទីណាក៏ដោយទូទាំងពិភពលោក ហើយថាយុវជនជំនាន់ក្រោយ គួរសិក្សាស្វែងយល់ និងត្រិះរិះពិចារណា ដ្បិតថាកើតមិនទាន់ ឬមិនបានឆ្លងកាត់របបនេះ ប៉ុន្តែយើងត្រូវដឹងថាទម្រាំជាតិយើងបានមកដល់ដូចគ្រប់គ្នាជំនាន់ក្រោយឃើញមានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើននេះ តើយើងបានឆ្លងកាត់មេរៀនអ្វីខ្លះ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាទៀតថា ស្ថានភាពប្រទេសកម្ពុជាយើងបច្ចប្បន្ននេះ កិច្ចការស្នូលគឺការពារសន្តិភាពឲ្យបានជាដាច់ខាត ព្រោះកម្ពុជាមានសុខសន្តិភាពទើបអាចជំរុញឲ្យគ្រប់វិស័យទាំងអស់មានរីកចំរើន ហើយតំណាលគ្នា ការធ្វើឲ្យគ្រប់វិស័យមានការរីកចំរើន ក៏ជាការរួមចំណែកការពារសន្តិភាពដែរ។ ដច្នេះសម្ដេចអំពាវនាវពលរដ្ឋចូលរួមគាំទ្រកំណែទម្រង់ ចូលរួមការអភិវឌន៍ជាតិ ចូលរួមទប់ស្កាត់ឧបាយកលបំផ្លាញប្រទេសជាតិ។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថានៅឆ្នាំ២០២០នេះ គឺជាឆ្នាំថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដែលត្រូវឆ្លងកាត់ដំណាក់កាលពាក់កណ្ដាលអាណត្តិ និងមានសារៈសំខាន់ ដោយសម្ដេចបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងការងារកំណែទម្រង់ ក្នុងនោះខេត្តបាត់ដំបង រាជរដ្ឋាភិបាលបានផ្ដល់ទំនុកចិត្តជាពិសេសក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ពីឆ្នាំ២០២០តទៅ ជាតិបានផ្ទេរការគ្រប់គ្រងបឋមសិក្សា មតេយ្យសាលាក្នុង និងក្រៅប្រព័ន្ធដែលពីមុនស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួង ពេលនេះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ដោយរដ្ឋបាលក្រុងស្រុករបស់ខេត្តបាត់ដំបងទាំង១៤តែម្ដង។
សម្ដេចបានមានប្រសាសន៍ថាការផ្ទេរនេះ គឺផ្ទេរទាំងធនធានមនុស្ស និងធនធានថវិកា ដើម្បីថែទាំជួសជុលសាលា និងបំរើវិស័យនានានៅសាលាបឋម និងមតេយ្យសិក្សា។ ក្រុមប្រឹក្សា គណៈអភិបាលក្រុងស្រុក និងឃុំសង្កាត់ត្រូវខិតខំប្រឹងប្រែងធ្វើការងារនេះឲ្យបានជោគជ័យ ដែលវានឹងមានឥទ្ធិពលល្អសម្រាប់រាជធានី និងខេត្ត២៤ទៀត សម្រាប់ការយកជាគម្រូអនុវត្តបន្ត។ សម្ដេចស្នើមន្ត្រី និងថ្នាក់ដឹកនាំមានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត ដោយសម្ដេចសង្កត់ធ្ងន់ថាការងារនេះជោគជ័យក៏ជាការរួមចំណែកការពារសន្តិភាពដែរ ព្រោះវាសនាកូនចៅប្រជាពលរដ្ឋក៏អាស្រ័យនឹងសាលារៀនដែរ។
សម្ដេចបានមានប្រសាសន៍ថាជាតិបានពង្រាយបែងចែកការងារទៅឲ្យមន្ត្រីគ្រប់ផ្នែកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ យើងមិនត្រូវពឹងផ្អែកជោគវាសនាយើងទៅលើតែមនុស្សមួយក្រុមណានៅខាងលើនោះទេ យើងក៏ជាមនុស្សម្នាក់ ហើយក៏ជាម្ចាស់ទឹកដីហ្នឹង ដូច្នេះយើងត្រូវតែខំប្រឹងប្រែងដើម្បីក៏សាងអនាគត កសាងមូលដ្ឋានរបស់ខ្លួន ដើម្បីមានធនធានមនុស្ស អភិវឌ្ឍន៍មូលដ្ឋានរបស់យើង ដែលនេះក៏ជាឱកាសសម្រាប់ក្មួយៗដែលកំពុងខិតខំសិក្សារៀនសូត្បច្ចុប្បន្ននេះអាចនឹងក្លាយជាថ្នាក់ដឹកនាំ និងមន្ត្រីនៅមូលដ្ឋានរបស់យើងនាពេលអនាគត។
ពាក់ព័ន្ធនឹងវិស័យសុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាពេលនេះ ជាតិបានផ្ទេរទាំងអស់ទៅឲ្យរដ្ឋបាលខេត្ត គឺផ្ទេរមន្ទីរសុខាភិបាលដែលជាយន្តការរដ្ឋបាលរបស់វិស័យសុខាភិបាល ព្រមទាំងមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក ប៉ុស្ត៍សុខភាពជាដើម លើកលែងតែធនធានមនុស្ស និងថ្នាំពេទ្យ។ សម្ដេចថានេះគឺជាវិញ្ញាសារមួយរបស់រដ្ឋបាលខេត្តត្រូវធ្វើឲ្យបាន។
សម្ដេចបានបន្តទៀតថានៅឆ្នាំ២០២០ ថវិកាអភិវឌ្ឍន៍ឃុំមានជាង៧ម៉ឺនដុល្លារ ដែលកើនឡើង២ដងធៀបនឹងឆ្នាំ២០១៩ ហើយត្រៀមឡើងនៅឆ្នាំបន្តបន្ទាប់ទៀត។ សម្ដេចបានមានប្រសាសន៍ថាការទំលាក់ថវិកាយ៉ាងគំហុកឲ្យថ្នាក់ឃុំសង្កាត់ ដូចមាត់អ្នកនយោបាយមួយចំនួនលើកឡើងកាលពីពេលមុននោះ មិនមែនជារឿងអាចធ្វើទៅបាន និងមានប្រសិទ្ធភាពនោះទេ ដ្បិតកាលពីបង្កើតក្រុមប្រឹក្សាឃុំឆ្នាំ២០០២ និងក្រោយមកទៀត សូម្បីតែស្មៀនឃុំក៏យើងរកសឹងតែមិនបានផងសម្រាប់តំបន់មួយចំនួននោះ។
សម្ដេចបានបន្តថាកំណែទម្រង់នេះ មានសារៈសំខាន់ណាស់ ដ្បិតវាពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចក៏បានគូសបញ្ជាក់ដែរក្រៅពីនេះ រាជរដ្ឋាភិបាលកំំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែរ ពីព្រោះពីសម័យមុនមក សម្ដេចបានសង្កត់ធ្ងន់ថា សង្គមដែលបែកបាក់ គឺដោយសារតែមានភាពអយុត្តិធម៌នេះហើយ។
ដោយឡែកសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីកំណើនសេដ្ឋកិច្ចជាតិ ដោយសម្ដេចបន្តថាជារឿងជោគជ័យធំណាស់សម្រាប់ជាតិ ប៉ុន្តែចំណូលនេះគេប្រើរូបមន្តសកលដោយចែកនឹងចំនួនពលរដ្ឋក្នុងប្រទេសទាំងមូល ហើយកំណត់ថាសេដ្ឋកិច្ច៧.១ភាគរយនេះ វាមានន័យថាពលរដ្ឋកម្ពុជាអាចមានចំណូលប៉ុណ្ណេះ ឬប៉ុណុណោះ ទៅតាមរូបមន្តគណនា ដែលស្ថានភាពជាក់ស្ដែងអាចមានអ្នកខ្លះមានលើស អ្នកខ្លះមានតិច។
ដូច្នេះសម្ដេចបានណែនាំឲ្យអាជ្ញាធរភូមិឃុំក្ដាប់ឲ្យបានពលរដ្ឋដែលមិនមានចំណូល ឬនៅមានចំណូលតិចតួចធ្វើឲ្យមានការលំបាកក្នុងជីវភាពបប្រចាំថ្ងៃ ដោយសមមដេចបានណែនាំសហការជាមួយក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្ស ក្នុងការរកវិធីដោះស្រាយបញ្ហាជីវភាពរបស់ពួកគាត់ បន្ថែមពីលើការធ្វើវេទិកាសធារណៈ និងការផ្ដល់សេវាសាធារណៈប្រចាំថ្ងៃ។
សម្ដេចបានមានប្រសាសន៍ថាវេកាសាធារណៈ មិនមែនជាវេទិការទទួលសំណើរ ហើយសន្យាចោលនោះទេ គឺត្រូវដោះស្រាយបញ្ហាជូនពួកគាត់ភ្លាម បញ្ហាណាដែលដោះមិនបានត្រូវបញ្ជូនមកថ្នាក់លើ ដើម្បីរកវិធីជួយពលរដ្ឋ ព្រោះការសន្យា ឬការភូទភរ មិនមែនជាចរិតរបស់គណបក្សប្រជាជនកម្ពុជានោះទេ ។ សម្ដេចបានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនបានបំភ្លេចចោលបុព្វហេតុដើមរបស់ខ្លួននោះទេ គឺបុព្វហេតុតស៊ូដើម្បីជាតិ និងប្រជាជន៕