ប្រតិបត្តិការនៃការរុករកជនរងគ្រោះក្រោមគំនរអគាររលំបាក់បែក បានបិទបញ្ចប់ជាស្ថាពរនៅវេលា ម៉ោង ១១.៣៥នាទី ថ្ងៃត្រង់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ

ប្រតិបត្តិការនៃការរុករកជនរងគ្រោះក្រោមគំនរអគាររលំបាក់បែក បានបិទបញ្ចប់ជាស្ថាពរនៅវេលា ម៉ោង ១១.៣៥នាទី ថ្ងៃត្រង់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ ។ គិត ចាប់ពីរសៀលថ្ងៃទី៣ ខែមករាដែលជាថ្ងៃកើតហេតុ កិច្ចអន្តរាគមន៍ជួយជនរងគ្រោះក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ប្រេីពេលចំនួន៤៣ម៉ោង និង២០នាទី។

តុល្យការណ៍ចុងក្រោយនៃប្រតិបត្តិការនេះ គឺកម្លាំងសរុបនៃក្រុមការងារសង្គ្រោះ បានរុករកឃើញជនរងគ្រោះសរុប​៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិត៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេង​ចំនួន៦នាក់ (ក្មេងស្រី២នាក់) និងរបួស២៣នាក់ (ស្រី៨នាក់)​។ ជនរងគ្រោះដែលបានបាត់បង់ជីវិតត្រូវបានដឹកយកទៅ​ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ហើយអ្នករង​របួសត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា សម្រាប់ជនរងគ្រោះនៅមានជីវិតទាំង២៣នាក់ អ្នករបួសម្នាក់ទទួល​បានថវិកាពីរាជរដ្ឋាភិបាលចំនួន ១ម៉ឺនដុល្លា ប៉ុន្តែក្នុងចំណោមនោះអ្នករបួសដែលត្រូវបានរកឃើញ៧នាក់ចុងក្រោយ (ជាករណីពិសេស) ទទួលបានថវិកាចំនួន២ម៉ឺនដុល្លារ​ ។ ចំណែកសពជនរងគ្រោះទាំង៣៦នាក់ ក្នុងសពម្នាក់ គ្រួសារ ឬសាច់ញាតិទទួលបានថវិកាចំនួន៥ម៉ឺនដុល្លារ និងបន្ថែមថវិកាធ្វើបុណ្យចំនួន១០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង