សារលិខិតជូនពរ ផ្ញើរជូនបងប្អូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២០
ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២០ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២០ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយទឹកចិត្តគោរពស្រលាញ់រាប់អានដ៏ជ្រាលជ្រៅជាទីបំផុត ។ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ នេះ ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ព្រះរាជាណាចក្រកម្ពុជាយើងបន្តសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន នៅក្នុងដំណើរការកសាង និងអភិវឌ្ឍ ផ្អែកលើមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលបានបង្កបរិយាកាសអំណោយផលសម្រាប់ការរីកចំរើនលូតលាស់ និងវឌ្ឍនភាពលើគ្រប់វិស័យរបស់សង្គមជាតិ។
ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសដ៏ថ្លៃថ្លានេះ សម្តែងនូវអំណរគុណ និងការគោរពកោតសរសើរដ៏ស្មោះចំពោះទឹកចិត្ត និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែកការពារ និងថែរក្សាសន្តិភាព បូរណភាពទឹកដី និងស្ថិរភាពនយោបាយ ដោយបានរួបរួមគ្នាលើកស្ទួយ និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ធ្វើឲ្យបរាជ័យរាល់ឧបាយកល និងមហិច្ឆតាទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញ និងបង្កមហន្តរាយដល់ប្រទេសជាតិ ក្នុងចេតនាបំបែកបំបាក់ស្មារតីសាមគ្គីភាព ឯកភាពជាតិ និងភាពសុខដុមរមនានៅក្នុងសង្គម ។ទន្ទឹមនេះ ជាមួយនឹងក្តីសង្ឃឹម និងការរំពឹងទុកប្រកបដោយភាពជឿជាក់ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ សូមបន្តនូវសមានចិត្ត និងមនសិការដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីរួបរួមគ្នានាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកអនាគត ដែលពោរពេញដោយវឌ្ឍនភាព ភាពចម្រុងចំរើនសម្បូរសប្បាយ និងសេចក្តីសុខក្សេមក្សាន្តនៅគ្រប់ទិសទីទូទាំងប្រទេស ព្រមទាំងទទួលបានសមិទ្ធផល និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព ឯករាជ្យ និងអធិបតេយ្យពេញបរិបូរណ៌ ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២០ ខ្ញុំព្រះករុណាខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនបងប្អូនជនរួមជាតិគ្រប់ៗរូប និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕