ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ មុនពេលចាកចេញពីមាតុប្រទេសទៅសិក្សានៅប្រទេសណូវែលហ្សេឡង់។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរំភើបរីករាយចំពោះក្រុមនិស្សិតជ័យលាភី ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់អាហារូបករណ៍ទៅក្សានៅប្រទេសណូវែលហ្សេឡង់ ដែលមិនមែនជារឿងងាយស្រួលឡើយសម្រាប់និស្សិតទូទៅនៅកម្ពុជា ដែលមានសេចក្ដីប្រាថ្នាជាប់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ពិសេសនៅណូវែលហ្សេឡង់។

សម្ដេចបានសម្ដែងក្ដីសង្ឃឹមថានិស្សិតជ័យលាភីទាំងអស់ នឹងបន្តទទួលបានជោគជ័យក្នុងការសិក្សា ទៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន និងក៏ជាក្ដីសង្ឃឹមសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែខិតខំស្វះស្វែងរកអាហារូបករណ៍ក្រៅប្រទេសដើម្បីពង្រីកគុណភាពធនធានមនុស្សរបស់ជាតិ និងក៏ដើម្បីតបស្នងដល់ប្រទេសជាមិត្ត ដែលបានផ្ដល់អាហរូបករណ៍ឲ្យយើងបានទៅសិក្សារៀនសូត្រ។

បន្ទាប់មកតំណាងក្រុមនិស្សិតអាហារូបករណ៍បានសម្ដែងសេចក្ដីថ្លែងអំណរគុណគោរពជូនសម្ដេចក្រឡាហោម ស ខេង ដែលផ្ដល់ឱកាសឲ្យចូលជួសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំបន្ថែម និងបានជម្រាបសម្ដេច ថានិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់នាពេលនេះ មាន១៦រូប ក្នុងនោះមានមន្ត្រីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន។

និស្សិតជ័យលាភីទាំង១៦រូបបានឧទ្ទេសនាមខ្លួនជូនសម្ដេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងបានឲ្យដឹងថាក្នុងចំណោមពួកគេទាំង១៦រូបដែលត្រូវចេញទៅសិក្សាថ្នាក់អនុបណ្ឌិតនោះ គឺទៅលើមុខជំនាញផ្នែកអប់រំ បរិស្ថាន វិស្វកម្ម គោលនយោបាយសាធារណៈ គ្រប់គ្រងធនធានទឹក គ្រប់គ្រងគ្រោះមហន្តរាយ និងផ្នែកសុខភាពសាធារណៈ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថានេះជាឱកាសមាសឱកាសប្រាក់សម្រាប់និស្សិតទាំង១៦រូបចេញទៅសិក្សាយកចំណេះដឹង។ សម្ដេចបន្តថាចាប់តាំងពីក្រោយឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសបានជាច្រើននាក់ ហើយក្នុងចំណោមនោះ អតីតនិស្សិតខ្លះបានក្លាយជាសមាជិករាជរដ្ឋាភិបាល ខ្លះក្លាយជាមន្ត្រីរាជការ និងខ្លះបំរើការក្នុងវិស័យឯកជន។

សម្ដេចបានគូសបញ្ជាក់ថាមកដល់ពេលនេះ អ្នកធ្លាប់រិះគន់វិស័យអប់រំកម្ពុជា បានផ្លាស់ប្ដូរទស្សនៈបណ្ដើរៗហើយ និងបានបន្តថាស្ថានភាពប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពល្អប្រសើរជាងពេលណាទាំងអស់ ពោលគឺកត្តាសុខសន្តិភាពបានបង្កលក្ខណៈឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យក្នុងនោះក៏មានវិស័យអប់រំដែរដែលយើងបានបោះជំហ៊ានគួរឲ្យកត់សំគាល់។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្តនិស្សិតទាំង១៦រូប ខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីសម្រេចក្ដីប្រាថ្នារបស់ខ្លួន លើកិត្តិយសក្រុមគ្រួសារ និងអនាគតប្រទេសជាតិ និងបានផ្ដាំផ្ញើទៀតថារាជរដ្ឋាភិបាលមានក្ដីរីករាយជានិច្ច ទោះបីពួគេវិលត្រឡប់មកបំរើការងារជាមន្ត្រីរាជការ ជាបុគ្គលិកសង្គមស៊ីវិល ឬឯកជនក៏ដោយ គឺសុទ្ធតែជាធនធានមនុស្សដ៏ល្អរបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង