ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិសត្ថារាម ហៅវត្តអណ្ដូងសាលា

នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិសត្ថារាម ហៅវត្តអណ្ដូងសាលា ស្ថិតក្នុងភូមិអណ្ដូងសាលា ឃុំព្រាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

យោងតាមរបាយការណ៍អភិបាលស្រុកកញ្ច្រៀច សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ រួមមាន ឧបដ្ឋានសាលា១ខ្នង កុដ្ឋ១ខ្នង ក្លោងទ្វារ១ របងវត្ត ផ្លូវបេតុង បេតុងក្រាលក្នុងបរិវេណវត្ត និងវច្ចកុដ្ឋ១ ដោយសមិទ្ធផលទាំនេះ ចំណាយថវិកាអស់ចំនួន៧៩៩.៧៧១.៦០០រៀល ស្មើនឹង១៩៩.៩៤៣ដុល្លារ ក្នុងនោះគណៈកម្មការវត្តនៅជំពាក់ថវិកាសម្ភារៈសាងសង់ចំនួន៨៨.៨០០.០០០រៀល ស្មើង២២.២០០ដុល្លារ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រជាពលរដ្ឋ ព្រះតេជគុណគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងសមិទ្ធផលក្នុងទីអារាមវត្តពោធិសត្ថារាមនេះឡើង ដោយមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ផ្ដល់ការឧត្ថម្ភគាំទ្រជាបន្តបន្ទាប់។

សម្ដេចក្រឡាហោម ក៏បានជំរាបជូនអង្គពិធី ពិសេសប្រជាពលរដ្ឋអំពីការចាត់តាំងមន្ត្រីពាក់ព័ន្ធចុះមូលដ្ឋាន ដើម្បីសហការគ្នាជាមួយអាជ្ញាធរ ក្នុងការជួយគាំទ្រដល់ដំណើរការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅក្នុងជីវភាពប្រចាំថ្ងៃ តាមរយៈយន្តការចុះធ្វើវេទិកាសាធារណៈ ដើម្បីប្រមូលបញ្ហារបស់ប្រជាពលរដ្ឋ និងស្វែងរកដំណោះស្រាយជូនពួកគាត់។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ទៀតថាប្រជាពលរដ្ឋកម្ពុជាសម័យបច្ចុប្បន្ននេះ មានមធ្យោបាយជាច្រើនក្នុងការតស៊ូមតិ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះរួមមានការផ្ដល់ព័ត៌មានជូនអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជូនប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបង្ហោះលើបណ្ដាញសង្គម និងទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋបាលជាដើម។

នៅក្នុងឱកាសនេះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពិតអំពីស្ថានភាពប្រទេសកម្ពុជាសព្វថ្ងៃនេះ ប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ហើយថាយើងបានជួបប្រទះនឹងការលំបាកអ្វីខ្លះកាលពីសម័យសង្គ្រាម និងកាលពីសម័យចាប់ផ្ដើមកសាងប្រទេសឡើងវិញ ទម្រាំអាចឈានមកដល់សព្វថ្ងៃនេះ ដោយសម្ដេចផ្ដល់ឧទាហរណ៍ថា ពីមុនយើងរត់រកសាលារៀន តែពេលនេះសាលារត់រកកូនចៅរបស់យើងវិញ។

សម្ដេចបានបន្តថាពេលនេះ យើងដើរផុតពីដំណាក់កាលស្ដារប្រទេសឡើងវិញហើយ គឺយើងកំពុងស្ថិតក្នុងដំណាក់កាលឈរជាប្រទេសកំពុងអភិវិវឌ្ឍន៍ និងក៏ដើម្បីឈានទៅប្រទេសមានការអភិវឌ្ឍដូចបណ្ដាប្រទេសជឿនលឿនផ្សេងទៀត។ សម្ដេចក៏បានបញ្ជាក់ដែរថាពេលនេះយើងត្រូវបន្តថែរក្សាសុខសន្តិភាព និងស្ថេរភាពជាតិ ដើម្បីផ្ដល់ឱកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ។

ពាក់ព័ន្ធនឹងការប្រព្រឹត្តទៅនៃដំណើរការប្រជាធិបតេយ្យ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាប្រទេសយើងមិនអាចដើរប្រាស់ចាកពីររបបនេះបានទេ គឺអំណាចដឹកនាំរដ្ឋ ត្រូវតែកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ដែលដំណើរការនេះ តែងតែមានសំឡេងជំទាស់ និងសំឡេងស្របជាធម្មតានៅក្នុងការគ្រប់គ្រងដឹកនាំរដ្ឋ។ សម្ដេចបានគូសបញ្ជាក់ថាការផ្ដល់តម្លៃដល់សំឡេងជំទាស់ គឺជារឿងល្អ ពោលគឺមិនត្រូវចាត់ទស្សនៈជំទាស់ជាសំឡេងប្រឆាំងនោះឡើយ។

ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក៏ត្រូវបានសម្ដេចមានប្រសាសន៍នាឱកាសនេះដែរ ដោយសម្ដេចបានពន្យល់ជូនប្រជាពលរដ្ឋ ថានៅតាមភូមិឃុំរបស់ប្រជាពលរដ្ឋ មានក្រុមប្រឹក្សាឃុំ មន្ត្រីនគរបាល មេភូមិ កគ្រូបង្រៀន និងគ្រូពេទ្យជាតិជាដើម ជាអ្នកបំពេញតួនាទីផ្ដល់សេវាសេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋ ឧទហារណ៍ការផ្ដល់សេវាឯកសាររដ្ឋបាលនានា ការផ្ដល់សេវាសន្តិសុខសង្គម ដូចជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន៤ ពាក់ព័ន្ធនឹងការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុកខណ្ឌ និងការផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិ មកឲ្យថ្នាក់ក្រោមជាតិ ក្នុងនោះក៏មានវិស័យអប់រំ និងសុខាភិបាលដែរ ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០២០ខាងមុខនេះតទៅ។

ឆ្លើយតបនឹងសំណើររបស់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស សម្ដេចក្រឡាហោម ស ខេង បានសម្រេចផ្ដល់អគារសិកសម្រាប់ថ្នាក់មត្តេយ្យសិក្សា ជូន ដោយសម្ដេចបានមានប្រសាសន៍ថាការដំណើរការមត្តេយ្យសិក្សា ពិតជាមានសារៈសំខាន់ណាស់នៅក្នុងបរិបទវិស័យអប់រំនាសម័យជឿនលឿនដូចសព្វថ្ងៃនេះ ពីព្រោះកុមារមានឱកាសទទួលបានការអប់រំសីលធម៌ និងចំណេះដឹង ដែលជាមូលដ្ឋាននៃជីវិតសិក្សារបស់ពួកគេទៅអនាគត។

ពីវេទិកាអធិបតីនៃពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិសត្ថារាមនេះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍អំពាវនាវប្រជាពលរដ្ឋ រួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្សដែលកើតឡើងតាមរយៈការចេញទៅស្វែងរកការងារដោយខុសច្បាប់នៅក្រៅប្រទេស និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ។

មុននឹបញ្ចប់ការថ្លែងសុន្ទរកថា និងមតិសំណេះសំណាលប្រកបដោយអត្ថន័យនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់ថវិកាបង្គ្រប់ការចំណាយក្នុងការសាងសង់សមិទ្ធផលដែលនៅខ្វះខាតថវិកាជាង២ម៉ឺន២ពាន់ដុល្លារអាមេរិក និងបានប្រកាសជាថ្មីទៀតអំពីការផ្ដល់ជូនសាលាមត្តេយ្យសិក្សា និងត្រៀមផ្ដល់ការគាំទ្របន្ថែមទៀតសម្រាប់គម្រោងបង្កើតអនុវិទ្យាល័យ។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿងឥស្សរយយស មេដាយស្ថាបនា ប្រគេនសង្ឃ និងជូនសប្បុរសជន ព្រមទាំងគណៈកម្មការវត្ត ដែលមានស្នាដៃក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការសាងសង់សមិទ្ធផលនានាក្នុងវត្តពោធិសត្ថារាម និងបានអញ្ជើញដាំកូនឈើ មុននឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញវិញ៕

អត្ថបទដែលជាប់ទាក់ទង