សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ជិន ក្វិកជុង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាបក្សនៃគណៈកម្មាធិការក្រុង កឹនថឺ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ជិន ក្វិកជុង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាបក្សនៃគណៈកម្មាធិការក្រុង កឹនថឺ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអបអរសាទរចំពោះទីក្រុងកឹនថឺ ដែលក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលក្រុង និងក្រោមគោលនយោបាយដឹកនាំរបស់បក្ស ព្រមទាំងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កំពុងមានការរីកចំរើនគួរឲ្យកត់សំគាល់ និងបានចាត់ទុកដំណើរទស្សនកិច្ចគណៈប្រតិភូទីក្រុងកឹនថឺនាពេលនេះថាជាការបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀតរវាងប្រទេសទាំងពីរ។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ដែរថាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម កន្លងមកតែងតែបង្កលក្ខណៈដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយគ្នានូវគ្រប់កម្រិត ជាពិសេសប្រទេសទាំងពីរ មានប្រវត្តតស៊ូនៅក្នុងការប្រឆាំងរបបអាណានិគមក្នុងប្រវត្តិសាស្រ្តរៀងៗខ្លួនដូចគ្នា។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាប្រទេសយើងទាំងពីរ កម្ពុជា វៀតណាម ក៏មានយន្តការទំនាក់ទំនងគ្នាជាច្រើន ក្នុងនោះក្របខណ្ឌក្រសួងមហាផ្ទៃ មានយន្តការចំនួន២ គឺយន្តការកិច្ចប្រជុំប្រចាំឆ្នាំនៃខេត្តជាប់ព្រំដែន និងយន្តការកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម។
តាមរយៈយន្តការទាំងពីរនេះសម្ដេចបានគូសបញ្ជាក់ថាភាគីទាំងពីរតែងតែអនុវត្តជាបន្តបន្ទាប់ ក្នុងស្មារតីរួមគ្នាថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ពិសេសប្រពលរដ្ឋជាប់ព្រំដែនប្រទេសទាំងពីរ។
ឯកឧត្តម ជិន ក្វិកជុង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាបក្សនៃគណៈកម្មាធិការក្រុង កឹនថឺ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងភាពរីករាយ និងថ្លែងអំណរគុណសម្ដេចដែលអនុញ្ញាតឲ្យគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងបានថ្លែងវាយតម្លៃខ្ពស់ចំពោះការរីកចំរើនរបស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ។
ឯឧត្តមប្រធានគណៈប្រតិភូបានបង្ហាញកត់សំគាល់ថាការរីកចំរើននៃសេដ្ឋកិច្ចកម្ពុជារង្វង់៧ភាគរយ ជាសមិទ្ធផលដ៏គួរឲ្យកត់សំគាល់ ហើយថាឯកឧត្តមបានដឹងថាកម្ពុជាជាប្រទេសមួយក្នុងតំបន់អាស៊ានដែលស្រូបយកការវិនិយោគពីបរទេសបានច្រើន ដែលនេះជាសមិទ្ធផលមិនអាចកាតផ្ដាច់បានពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការដាក់ចេញគោលនយោបាយសមស្របក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម ជិន ក្វិកជុង ក៏បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ដែលធ្វើឲ្យមានការធានាបានយ៉ាងល្អនូវការរក្សាសន្តិសុខសង្គម ដែលជាបច្ច័យជំរុញការរីកចំរើន ផ្នែកសេដ្ឋកិច្ចកម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការជួយជំរុញ និងលើកទឹកចិត្តអ្នកវនិយោគមកពីក្រុងកឹនថឺ មកស្វែងរកឱកាសនៅកម្ពុជាឲ្យបានច្រើន និងបានស្នើសុំសម្ដេចផ្ដល់ការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការស្វាគមន៍ចំពោះការចូលមកវិនិយោគនៅប្រទេសកម្ពុជា ពីសំណាក់វិនិយោគិនក្រុងកឹនថឺ និងបានបញ្ជាក់ថាក្នុងនាមជាអ្នកទទួលខុសត្រូវលើវិស័យសន្តិសុខ សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការជួយគាំទ្រដល់ការងារផ្សេងៗដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ៕