ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកាណូ ទូកកាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» លើកទី៦

នៅរសៀលថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកាណូ ទូកកាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» លើកទី៦ នៅបរវេណបឹងតាមោក រាជធានីភ្នំពេញ។

អញ្ជើញមានប្រសាសន៍ទៅកាន់ក្រុមកីឡាករ កីឡាការនី និងអង្គពិធី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩ ដ៏មហោឡារឹកនាពេលនេះ។

សម្ដេចក្រឡាហោម បានចាត់ទុកព្រឹត្តិការណ៍ ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ រយៈពេល៣មកថ្ងៃនេះ ថាជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បញ្ចេញទេពកោសល្យ សមត្ថភាព និងជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសបន្ទាប់ពីបានហ្វឹកហាត់កន្លងមកហើយថាជ័យលាភីរបស់កីឡាករ កីឡាការនីនាពេលនេះ គឺជាការបានមកពីការខិតខំហ្វឹកហាត់ជាប់ជាប្រចាំ ការតស៊ូព្យាយាមគោរពវិន័យ និងការយកចិត្តទុកដាក់គោរបទបញ្ជាបច្ចេកទេសនៃការប្រកួត។

នៅក្នុងឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ដែរថា ប្រទេសកម្ពុជា កំពុងមានការឯកភាព និងសុខសន្តិភាពពេញផ្ទៃប្រទេស ហើយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានទទួលស្គាល់ការផ្លាស់ប្ដូរជាវិជ្ជមាននូវទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ហើយត្រូវបានគណៈ
កម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ពាក់ព័ន្ធនឹងវិស័យកីឡា សម្ដេចបានបង្ហាញការសង្កេតឃើញថា ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង កម្ពុជា កំពុងទទួលការចាប់អារម្មណ៍ និងគាំទ្របណ្តើរៗពីមហាជន បន្ទាប់ពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង ខណៈសមត្ថភាពប្រកួតរបស់កីឡាករកីឡាការិនី ក៏មានការរីកចម្រើន។ យ៉ាងណាក៏ដោយ សម្ដេចបានផ្ដល់អនុសាសន៍មួយចំនួនបន្ថែមទៀត ដើម្បីឱ្យកីឡាប្រភេទនេះ កាន់តែមានវឌ្ឍនភាព និងអាចឈានចូលប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ។

សម្ដេចបានមានប្រសាសន៍ណែនាំឱ្យបង្កើនវគ្គបណ្តុះបណ្តាល និងបរិមាណកីឡាករកីឡាការិនី នៅតាមបណ្តាសមាគម ដោយត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យគ្រប់គ្រាន់ដើម្បីងាយស្រួលហ្វឹកហាត់ និងជាចូលរួមប្រកួត ទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ព្រោះកីឡាទូកទាំងបីប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត ឱ្យចូលរួមប្រកួតនៅក្នុងកីឡាជាតិចាប់ពីឆ្នាំ២០២០ទៅហើយ ហើយសហព័ន្ធ ក៏ត្រូវបន្តពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងខ្លួន និងរបស់សមាគមកីឡាទូកទូទាំងប្រទេស។

ជាមួយគ្នានេះ សម្ដេចបានណែនាំឲ្យបន្តពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ដើម្បីមានលទ្ធភាពគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត និងត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យកាន់តែច្រើនក្នុងមួយឆ្នាំៗ ដោយត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ភ្ជាប់នឹងភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ប្រកួតនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកោតសរសើរគណៈប្រតិភូ និងក្រុមកីឡាករ កីឡាការនីទាំងអស់ ដែលបានចូលរួមក្នុងលើស្មារតីមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា ពិសេសគោរពបានត្រឹមត្រូវតាមបច្ចេកទេសនៃការប្រកួត។ សម្ដេចក៏បានកោតសរសើរសហព័ន្ធ និងគណៈកម្មការ ដែលបានរៀបចំការប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កាត់សេចក្តីប្រកបដោយយុតិ្តធម៌ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានថ្លែងអំណរគុណក្រុមហ៊ុន និងសប្បុរជន ដែលបានចូលរួមវិភាគទានគាំទ្រព្រឹត្តិការណ៍នេះ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ពានរង្វាន់ជូនសមាគមកីឡាទូកដែលទទួលបានជូយលាភី ក្នុងនោះ ទូលប្រពៃណីខ្នាតអន្តរជាតិ ផ្នែកបុរស៨០០ម៉ែត្រ លេខ១បានទៅលើសមាគមកីឡាទូកខេត្តបន្ទាយមានជ័យ លេខ២បានទៅលើសមាគមកីឡាទូកខេត្តកោះកុង លេខ៣បានទៅលើសមាគមកីឡាទូកខេត្តក្រចេះ លេខ៤បានទៅលើសមាគមកីឡាទូករាជធានីភ្នំពេញ និងលេខ៥បានទៅលើសមាគមកីឡាទូកខេត្តកំពង់ធំ។

ចំពោះលទ្ធផលទូកប្រពៃណីខ្នាតអន្តរជាតិផ្នែកនារី៥០០ម៉ែត្រវិញ លេខ១បានទៅលើសមាគមកីឡាទូករាជធានីភ្នំពេញ លេខ២បានទៅលើសមាគមកីឡាទូកខេត្តស្វាយរៀង លេខ៣បានទៅលើសមាគមកីឡាទូកបញ្ជាការដ្ឋានកងទ័ពជើងទឹក លេខ៤បានទៅលើសមាគមកីឡាទូកក្រសួងមហាផ្ទៃ និងលេខ៥បានទៅលើសមាគមកីឡាទូកខេត្តកំពង់ស្ពឺ។

ចំណែកទូកប្រពៃណីខ្នាតអន្តរជាតិផ្នែកបុរស៨០០ម៉ែត្រ លេខ១បានទៅលើសមាគមកីឡាទូកខេត្តកណ្ដាល លេខ២បានទៅលើសមាគមកីឡាទូកក្រសួងមហាផ្ទៃ លេខ៣បានទៅលើសមាគមកីឡាទូកខេត្តឧត្តមានជ័យ និងលេខ៤បានទៅលើសមាគមទូកបញ្ជាការដ្ឋានកងទ័ពជើងទឹក៕

អត្ថបទដែលជាប់ទាក់ទង