ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ លើកទី១៣

នៅរសៀលថ្ងៃព្រហស្បតិ៍១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូ លើកទី១៣ ប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គ ដើម្បីបំពេញការងារទទួលបានលទ្ធផលជាច្រើននៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងការងារនៅក្នុងប្រទេសកម្ពុជា និងការងារសហការដោះស្រាយបញ្ហា និងជួយជនរងគ្រោះនៅក្រៅប្រទេស និងជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ។

សម្ដេចបានមានប្រសាសន៍ថានៅឆ្នាំ២០១៩នេះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានសម្រេចកិច្ចការធំៗជាច្រើន ដូចជាការប្រកាសផ្សព្វព្វផ្សាយរបាយការណ៍ជាតិប្រឆាំងការជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ រៀបចំកិច្ចប្រជុំរវាងប្រទេសបញ្ជូនទាំង៣ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីលើកកម្ពស់សុវត្ថិភាពពលករទេសន្តប្រវេសន៍ និងបានរៀបចំវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។

នៅឆ្នាំនេះគណៈកម្មារធិការក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគោលនយោបាយវិធានការនានាដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពលករក្រៅប្រទេសគោលដៅ នៅប្រទេសគោលដៅ និងនៅក្នុងស្រុក និងបានចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្ដាអង្គការដៃគូជាតិ និងអន្តរជាតិក្នុងការប្រឆាំងការជួញដូរមនុស្ស ព្រមទាំងការលើកកម្ពស់សុវត្ថិភាពពលករពេលត្រឡប់មកមាតុភូមិវិញ។

សម្ដេចបានបន្តថានៅឆ្នាំ២០១៩នេះដែរ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានឈានដល់ការចុះហត្ថលេខាលើនីតិវិធីបទដ្ឋានអំពីដំណើការគ្រប់គ្រងករណីនៃការធ្វើការមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណ៍កម្មជនរងគ្រោះដោយអំពើជួញដូរមនុស្សជាមួយប្រទេសថៃ និងវៀតណាម ហើយក្នុងពេលជាមួយគ្នានេះ ក៏បានសាងសង់មជ្ឈមណ្ឌលផ្ដល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងបានប្រារព្ធទិវាជាតិប្រឆាំងការជួដូរមនុស្ស១២ធ្នូយ៉ាងមហោឡារិកនាឱកាសនេះ។

សម្ដេចបន្តថា ដើម្បីភាពរីកចំរើន និងបំពេញសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់សហការជាមួយវិស័យឯកជន បង្កើតឱកាសការងារក្នុងស្រុករាប់លានកន្លែង ខណៈការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ រាជរដ្ឋាភិបាលនៅតែផ្ដល់ជូនជាជម្រើសសម្រាប់ប្រជាពលរដ្ឋដោយបានរៀបចំពង្រឹងរបៀបរបនៃការគ្រប់គ្រង បង្កើនសមត្ថភាពបច្ចេកទេសពលករ ដែលធានាបាននូវការទទួលបានប្រាក់ចំណូលខ្ពស់ និងបង្កើនកិច្ចការពារឲ្យបានប្រសើរជាងមុន។

ក្នុងគោលដៅប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយជូនសិស្សនិស្សិតប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីកល្បិចរបស់ជនជនល្មើស និងផលប៉ះពាល់នៃការធ្វើទេសន្តប្រវេសន៍ដោយប្រថុយប្រថាន ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ ក្នុងនោះក្រសួងពាក់ព័ន្ធរួមជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារផ្សព្វផ្សាយនេះ។

សម្ដេចបានសង្កត់ធ្ងន់ថាជនរងគ្រោះនៃអំពើជួញដូរមនុស្សភាគច្រើនគឺជាពលករទេសន្តប្រវេសន៍ ដែលជារៀងរាល់ឆ្នាំ មានជនរងគ្រោះរាប់សែនលាននាក់ត្រូវបានបំផ្លាញដោយក្រុមឧក្រឹដ្ឋជននៃអំពើជួញដូរមនុស្ស ជុំវិញពិភពលោក ដោយជនល្មើសបានរកគ្រប់ល្បិចកលបង្កើតបណ្ដាញធ្វើសកម្មភាពកេងប្រវ័ញជនរងគ្រោះគ្រប់ដំណាក់កាល ទាំងដោយផ្ទាល់ និងដោយប្រយោលនិងតាមរយៈបណ្ដាញទំនាក់ទំនងអនឡាញ ឬតាមបច្ចេកវិទ្យាទំនើបដែលកំពុងប្រើប្រាស់ពេញនិយមទាំងទីក្រុង និងជនបទ។

សម្ដេចបានបន្តថាទំនោនៃការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែត និងទូរសព្ទំនើបនេះ បានធ្វើឲ្យឧក្រឹដ្ឋជនប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងងាយស្រួលពួកគេគេចវេសពីសមត្ថកិច្ច ដែលបច្ចុប្បន្ននេះ ប្រព័ន្ធអនឡាញ និងបណ្ដាញផ្សព្វផ្សាយសង្គម បានបង្កើតជាបញ្ហាថ្មី គឺការជួញដូរមនុស្ស និងការរំលោភបំពាណផ្លូវភេទ ជាពិសេសលើអនីតិជនតែម្ដង។

សម្ដេចបានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រី និងភាគីពាក់ព័ន្ធនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបន្តធ្វើឲ្យកាន់តែសកម្ម អនុវត្តវិធានការច្បាប់ឲ្យបានកាន់តែម៉ឺងម៉ាត់ និងជំរុញការនុវត្តផែនការយុទ្ធសាស្ត្រជាតិប្រឆាំងការជួញដូរមនុស្ស សម្រាប់ឆ្នាំ២០១៩ ២០២៣ ឲ្យបានសម្រេចតាមគោលដៅដែលបានគ្រោងទុក ហើយថាការងារនេះត្រូវការការចូលរួម និងកិច្ចសហការពីដៃគូក្នុងប្រទេស និងតំបន់។

ទន្ទឹមនឹងនេះសម្ដេចក៏បានអំពាវនាវឲ្យមន្ត្រីអនុវត្តច្បាប់ និងដៃគូអន្តរជាតិពាក់ព័ន្ធនឹងការបញ្ជូន និងទទួលពលករ ត្រូវយកចិត្តទុកដាក់ត្រួតពីនិត្យឯកសារបញ្ជាក់ភាពស្របច្បាប់ ដើម្បីបញ្ចៀសការប្រើប្រាស់ឯកសារក្លែងក្លាយ ឬក្លែងបន្លំឈ្មោះ ធ្វើឲ្យពួកគេបាត់អត្តសញ្ញាណ និងពិបាកទទួលបានការការពារតាមច្បាប់ ហើយជាមួយគ្នានេះក៏ត្រូវគិតគូដល់ការរៀបចំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់កុមារដែលបានកើតនៅប្រទេសដែលឪពុកម្ដាយកំពុងធ្វើការ ដើម្បីងាយស្រួលសម្រាប់ការប្រើប្រាស់នៅពេលវិលមកប្រទេសកំណើតវិញ។

សម្ដេចក៏បានទាញចំណាប់អារម្មណ៍អំពីករណីជាក់ស្ដែងមួយចំនួននៃអំពើជួញដូរមនុស្ស ដូចជាការរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ការជួញដូរទារក ការស្វែងរកការងារដោយគេចវេសពីគោលការច្បាប់ជាដើម និងបានអំពាវនាវឲ្យក្រុមហ៊ុនរោងចក្រសហគ្រាស ដែលមានកម្មករកម្មការរនីបំពេញការងារ ត្រូវជួយពង្រឹងការតាមដានគ្រប់គ្រង និងសហការជាមួយសមត្ថកច្ចពាក់ព័ន្ធ ដើម្បីមានវិធានការបង្កា និងបង្ក្រាបឲ្យបានទាន់ពេលវេលាលើជនខិលខូចដែលបង្កការលំបាក ធ្វើអាជីវកម្ម កេងប្រវ័ញលើកម្មការ និងពលករនៅក្រៅប្រទេសយ៉ាងអមនុស្សធម៌ រហូតក្លាយជាទាសភាពសម័យទំនើបគួរឲ្យស្អប់ខ្ពើម។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានណែនាំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរាជធានីខេត្ត ត្រូវបន្តរៀបចំយុទ្ធនាការនៃទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស១២ធ្នូនេះ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានផុលផុស ដើម្បីជាមធ្យោបាយផ្សព្វផ្សាយការយល់ដឹងដល់មន្ត្រី អាជ្ញាធរ សមត្ថកិច្ច វិស័យឯកជន សង្គមស៊ីវិល សាសនា និងជាពិសេសប្រជាពលរដ្ឋ ឲ្យរួមសហការគ្នាបង្កា បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង