ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានេះគឺជាលើកទី៤ហើយដែលសម្ដេចបានអញ្ជើញមកសម្ពោធសមិទ្ធផលនៅទីនេះ ហើយតាមគម្រោងសម្ដេចបានប្រកាសថាទំនងជានឹងអញ្ជើញមកទីនេះជាថ្មីទៀត ពីព្រោះសម្ដេចបានទទួលសំណើរសុំអគារសិក្សា សំណើរសុំកុំព្យូទ័រ និងសម្ភារៈសិក្សាពីសិស្សានុសិស្សមុននេះរួចទៅហើយ។

សម្ដេចបានចាត់ទុកសំណើរនេះថាជាសំណើរដ៏មានសារៈប្រយោជន៍ ពិសេសកុំព្យូទ័រដែលវាជាមធ្យោបាយសិក្សាស្រាវជ្រាវ និងប្រើប្រាស់យ៉ាងទំនើប និងទាន់សម័យកាលនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសិក្សារៀនសូត្រ ដោយសម្ដេចបានប្រកាសផ្ដល់ជូនកុំព្យូទ័រ២០គ្រឿងតាមសំណើរសុំភ្លាមៗរបស់សិស្ស។

សំណើរសុំអគារសិក្សាសាលាមត្តេយ្យក៏ត្រូវបានសម្ដេចក្រឡាហោម ស ខេង ផ្ដល់ការគាំទ្រដែរ ដោយសម្ដេចបានមានប្រសាសន៍ថានៅពេលមានសាលាមត្តេយ្យ កុមារតូចនឹងអាចមានឱកាសទទួលការអប់រំតាំងពីអាយុ៣ឆ្នាំ ហើយពួកគេមួយចំំនួនដែលម្ដាយឪពុកទុកនៅជីដូនជីតាក៏អាចមានពេលទៅស្ថិតក្រោមការអប់រំ និងមើលថែពីសំណាក់លោកគ្រូអ្នកគ្រូដែរ។

សម្ដេចបានមានប្រសាន៍ថាកន្លងមក នៅខេត្តព្រៃវែងតែងតែមានករណីកុមារតូចលង់ទឹកស្លាប់ ហើយភាគច្រើនពួកគេត្រូវបានឪពុកម្ដាយទុកនៅជីដូនជីតា ហើយជីដូនជីតាដែលមិនសូវមានកម្លាំងពលាំ ច្រើនតែមើលថែទាំងពួកគេមិនបានគ្រប់ជ្រុងជ្រោយ ធ្វើឲ្យប្រឈមបញ្ហាសុខភាព និងគ្រោះថ្នាក់ដល់ជីវិត។ សម្ដេចបានប្រកាសផ្ដល់អគារមត្តេយ្យសិក្សា១ខ្នង៣បន្ទប់។

សម្ដេចក៏បានបន្តមានប្រសាសន៍អំពីការស្ថាបនាផ្លូវថ្នល់នៅក្នុងភូមិសាស្ត្រស្រុកស្វាយអន្ទរ ដោយសម្ដេចបានពន្យល់ជូនប្រជាពលរដ្ឋអំពីដំណាក់កាលនៃការស្ថាបនាផ្លូវថ្នល់ស្អាតជូនប្រជាពលរដ្ឋ ពីព្រោះការស្ថាបនាផ្លូវត្រូវធ្វើជាជំហានៗទៅតាមគម្រោងថវិកា ដោយសម្ដេចបានបញ្ជាក់ថាផ្លូវក្នុងភូមិសាស្ត្រមួយនៃស្រុកស្វាយអន្ទរនឹងត្រូវរួចរាល់នៅឆ្នាំ២០២០ ឬ២០២១។

ចំពោះគម្រោងសាងសង់សមិទ្ធផលក្នុងវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ដែលនៅជំពាក់ថវិកាថ្លៃចំណាយប្រមាណជាង៣ម៉ឺនដុល្លារអាមេរិកទៀតនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រកាសជួយបង្គ្រប់ការចំណាយនេះ ព្រមទាំងបានប្រកាសទទួលយកសំណើរភ្លាមៗដែលសិស្សានុសិស្សបានស្នើសុំសម្ដេចរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាប។

បន្ទាប់មកសម្ដេចបានមានប្រសាសន៍អំពីការកែទម្រង់រដ្ឋបាល ដោយសម្ដេចបានផ្ដល់ការពន្យល់ងាយៗជូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជាក់ស្ដែងកាលពីសម័យមុន សម្ដេចបានគូសបញ្ជាក់ថាអំណាចបានក្ដោបក្ដាប់ទាំងស្រុងដោយថ្នាក់មជ្ឈិម គឺក្រសួងស្ថាប័នជាតិ ប៉ុន្តែឥលូវអំណាចមួយចំនួនបានផ្ទេរមកឲ្យថ្នាក់មូលដ្ឋាន។

សម្ដេចបានបន្តថាតាមរយៈការបោះឆ្នោត ដែលបង្កើតក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ អំណាចពីថ្នាក់លើជាច្រើនក៏ត្រូវបានផ្ទេរមកថ្នាក់ក្រុមប្រឹក្សានេះ ជាក់ស្ដែងថ្មីៗនេះរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដោយផ្ទេរមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុក ប៉ុស្ត៍សុខាភិបាលមកឲ្យថ្នាក់រាជធានីខេត្តគ្រប់គ្រង លើកលែងតែមុខងារសំខាន់ៗដូចជាបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្គត់ផ្គងថ្នាំពេទ្យ។

វិស័យអប់រំក៏ត្រូវបានសម្ដេចមានប្រសាសន៍បញ្ជាក់ដែរថានៅឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរសាលបឋមសិក្សា និងមត្តេយ្យសិក្សា រដ្ឋ និងក្រៅប្រព័ន្ធ ដែលបានអនុវត្តសាកល្បងនៅខេត្តបាត់ដំបង ដែលធ្លាប់ក្រសួងអប់រំគ្រប់គ្រង នឹងត្រូវផ្ទេរមកឲ្យស្រុកជាអ្នកគ្រប់គ្រង ហើយការផ្ទេរនេះនឹងធ្វើឡើងនៅទូទាំងប្រទេសជាបន្តបន្ទាប់ ខណៈរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌក៏ត្រូវកែសម្រួលឡើងវិញដែរ។

ជាមួយគ្នានេះ កំណែទម្រង់មួយទៀត គឺរាជរដ្ឋាភិបាលបានសម្រេចទំលាក់ថវិកាឲ្យឃុំសង្កាត់១៦៤៦ឃុំសង្កាត់ទូទាំងប្រទេសដែលជាមធ្យមក្នុងមួយឆ្នាំបានថវិកាជាង១២ម៉ឺនដុល្លារអាមេរិក ហើយក្នុងនោះថវិកាអភិវឌ្ឍន៍ឃុំសង្កាត់នឹងកើនឡើងពីជាង៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ ទៅដល់ទៅជាង៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ និងកើនឡើងជាបន្តបន្ទាប់ ដោយឃុំខ្លះបានដល់ជិត៥០ម៉ឺនដុល្លារអាមេរិក។

សម្ដេចបានមានប្រសាសន៍ថានេះហើយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការអភិវឌ្ឍមូលដ្ឋាន និងត្រូវទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ពីព្រោះប្រទេសយើងមានសុខសន្តិភាពហើយ យើងមិនមែនរវល់ធ្វើសង្គ្រាមទេ គឺយើងត្រូវយកពេលវេលាខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រើសើរ។

នៅក្នុងឱកាសនេះដែរសម្ដេច សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាន៍អំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់គ្រឿងញៀនកុំឲ្យចូលមកក្នុងមូលដ្ឋាន និងចូលរួមអនុវត្ត អប់រំផ្សាយពីការគោរពច្បាប់ចរាចរណ៍ និងផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៕

អត្ថបទដែលជាប់ទាក់ទង