ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក

នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើងរំលាយព្រះសពសម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ក្រោមព្រះរាជាធិបតីភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅទីព្រះមេរុ មុខវត្តបុទមវតីរាជវរារាម រាជធានីភ្នំពេញ។

សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីគឺជាព្រះបុត្រីច្បងរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ ទ្រង់ប្រសូត្រនៅឆ្នាំ១៩៤៣ និងបានរៀនរបាំព្រះរាជទ្រព្យតាំងពីព្រះជន្ម៥ព្រះវស្សា រហូតក្លាយជានាដការឯកតួឯកអប្សរាទី១នៃរបាំព្រះរាជទ្រព្យនៅព្រះជន្ម១៨ព្រះវស្សា ដោយព្រះបិតាតែងតែអនុញ្ញាតឲ្យទ្រង់សម្ដែងរបាំជូនមេដឹកនាំធំៗទស្សនា ក្នុងនោះមានដូចជាមេដឹកនាំបារាំង និងចិនជាដើម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីបានក្លាយជាសាស្ត្រាចារ្យរបាំបុរាណនៃក្រសួងអប់រំជាតិ ចន្លោះពីឆ្នាំ១៩៦០ដល់ឆ្នាំ១៩៧០។ ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ ព្រះអង្គបានកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងក្លាយជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលទទួលបន្ទុកវប្បធម៌ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨ មុនក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៤ ដែលក្នុងចន្លោះពេលនោះហើយ ព្រះអង្គបានជ្រោមជ្រែងនាំឲ្យរបាំព្រះរាជទ្រព្យបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៃអង្គការយូនេស្កូ។

បើទោះបីជាព្រះជន្មកាន់តែចាស់ និងមិនអាចសម្ដែងរបាំបានតទៅទៀតក្ដី សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់បានបន្តបង្ហាត់បង្រៀន និងដឹកនាំសាស្ត្រាចារ្យ សិស្សរបស់ទ្រង់ និងបាននាំរបាំងព្រះរាជទ្រព្យចេញទៅសម្ដែងនៅក្រៅប្រទេស ដូចជានៅប្រទេសចិន បារាំង និងឥណ្ឌាជាដើម។ ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៦ ព្រះអង្គត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភា ជាសមាជិកកិត្តិយនៃសិល្បៈរបាំអន្តរជាតិ ជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គត កាលពីម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នៅមន្ទីរពេទ្យព្រះរាជាណាចក្រថៃ នឹងបានដង្ហែរមកតម្កល់ធ្វើបុណ្យនៅវត្តបុទមវតីរាជវរារាម រាជធានីភ្នំពេញ មុននឹងដង្ហែរចេញមកទីព្រះមេរុធ្វើពិធីថ្វាយព្រះភ្លើងរំលាយព្រះសព។ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ស្ដេចបានប្រទានភ្លើងរំលាយព្រះសព ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្ដុកក្ដួល រំជួលចិត្តអាណិតនឹកស្រណោះ អាឡោះអាល័យជាពន់ពេក ចំពោះការយាងចាកឆ្ងាយគ្មានថ្ងៃវិលវិញរបស់សម្ដេចព្រះរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក៕

អត្ថបទដែលជាប់ទាក់ទង