សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤
នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤។
អញ្ជើញមានប្រសាសន៍នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថានៅពេលដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ គឺស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងបំពេញការងារយ៉ាងសកម្មក្នុងការទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
សម្ដេចបានមានប្រសាសន៍ថាទិវានេះមិនត្រឹមតែចូលរួមរំលឹកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅពញ្ញាក់ស្មារតីប្រជាពលរដ្ឋគ្រប់រូបឲ្យបានយល់ដឹងអំពីហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍ បណ្ដាមកពីការបើកបរធ្វេសប្រហែស មិនគោរពច្បាប់ ដូចជាបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ឬការជែងទាំងប្រថុយប្រថាន ការបើកបរក្រោម៌ទ្ធិលពលគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាពជាដើម។
សម្ដេចបានចាត់ទុកទិវានាថ្ងៃនេះថាជាការជួយជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅទាបបំផុត តាមបំណង់ប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដែលបានកំណត់យកថ្ងៃអាទិត្យសប្ដាហ៍ទី៣នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំសម្រាប់ពិភពលោកទាំងមូលចូលរួមរំលែកទូក្ខដល់ក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះ និងដាស់តឿនមនុស្សគ្រប់រូបឲ្យខិតខំបញ្ចៀសនូវបញ្ហាដ៏សោកសៅនេះ។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋច្រើនលើសលុបដែលបានចូលរួមយ៉ាងផុលផុស ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានកែប្រែឥរិយាបថ ងាកមកបើកបរប្រកបដោយការប្រុងប្រយ័ត្ន រក្សាបានសណ្ដាប់ធ្នាប់ មានការយល់យោគអធ្យាស្រ័យល្អប្រសើរ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការផ្សព្វផ្សាយអប់រំច្បាប់ រឹតបន្តឹងការអនុវត្តច្បាប់ ការធ្វើវិស្វកម្មផ្លូវថ្នល់ និងការសង្គ្រោះជនរងគ្រោះ ដែលបាននាំមកនូវការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះបានមួយកម្រិតទៀត។
យ៉ាណាក៏ដោយសម្ដេចនៅតែបង្ហាញការសោកស្ដាយ ដែលគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង បន្តកើតមានក្នុងទិដ្ឋភាពរន្ធត់សោកសង្រែង ដោយការបាត់បង់ជីវិតមនុស្សជាទីស្រលាញ់ ការបាត់បង់បង្អែកគ្រួសារ និងការបាត់បង់ធនធានមនុស្សដ៏មានសក្ដានុពលក្នុងសង្គមជាតិ ព្រមទាំងការខាតបង់ទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនឥតគណនា បើទោះបីជាបានទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ជាច្រើនយ៉ាងណាក្ដី។
ពីវេទិកានៃទិវាអន្តរជាតិដ៏មានអត្ថន័យនេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវជាថ្មីទៀតដល់អ្នកបើកបរ សូមកុំបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបើកបរក្រោមឥទ្ធិលគ្រឿងស្រវឹង គ្រឿងញៀន និងក្នុងស្ថានភាពងងុយដេកជាដាច់ខាត ត្រូវចេះបើកបរឲ្យបានត្រឹមត្រូវជាដាច់ខាត និងប្រកបដោយសីលធម៌ខ្ពស់ ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ត្រូវបើកបរប្រកាន់ស្ដាំ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ និងត្រូវប្រុងប្រយ័ត្នជានិច្ច។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីប្រធានបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនដែរ ដោយសម្ដេចបានគូសបញ្ជាក់ពីការបង្ក្រាបគ្រឿងញៀនតាមក្លឹប និងមណ្ឌលកំសាន្តពេលរាត្រី ការបង្ក្រាបគ្រឿងញៀនបានប្រមាណ១តោនពីតាមតាមច្រកព្រំដែន និងច្រកអាកាសយានដ្ឋាន និងបានគូសបញ្ជាក់ថាប្រសិនបើបញ្ហានេះមិនត្រូវបានបង្ក្រាបទេនោះ វានឹងរាលដាលកាន់តែខ្លាំងដល់តំបន់ជនបទ ហើយបង្កើតនូវបញ្ហាធំជាងគ្រោះថ្នាក់ចរាចរណ៍ទៀត។
សម្ដេចបានគូសបញ្ជាក់ថានៅរាជធានីភ្នំពេញ នៅមានការជួញដួរគ្រឿងញៀនកញ្ចប់តូចៗ ដែលមានន័យថានៅតែមានឈ្មួញធំៗនៅពីក្រោយការចែកចាយនេះ ដោយស្តុកទុកគ្រឿងញៀននៅទីតាំងផ្សេងៗ។ សម្ដេចបានចាត់ទុកបញ្ហាននេះថាជាកិច្ចការបន្តដែលសមត្ថកិច្ចត្រូវស្រាវជ្រាវរកឲ្យឃើញកន្លែងស្តុក កែឆ្នៃផលិត និងបង្ក្រាបការចែកចាយតូចៗនេះឲ្យអស់ តាមទិសស្លោក៣កុំ ១រាយការណ៍ ដោយមិនត្រូវពាក់ព័ន្ធ មិនត្រូវអន្តរាគមន៍ និងមិនត្រូវបន្ទូយបន្ថយជាដាច់ខាតចំពោះសំណុំរឿងគ្រឿងញៀន ហើយពលរដ្ឋត្រូវចូលរួមរាយការណ៍អំពីបទល្លើសគ្រឿងញៀនដល់សមត្ថកិច្ច៕