ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទ និងពិសារអាហារសាមគ្គី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងឯកប៉េតង់ពិភពលោកយុវជន និងស្ត្រីលើកទី១៧

នៅល្ងាចថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទការប្រកួតជើងឯកប៉េតង់ពិភពលោក យុវជន និងស្ត្រី លើកទី១៧ និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ ប្រតិភូកីឡាករ កីឡាការនី ដែលអញ្ជើញមកពី៤៩ប្រទេស។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសជួបជុំប្រកបដោយមិត្តភាព និងសាមគ្គីភាពនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងភាពរីករាយឥតឧបមាដោយបានចូលរួមជាអធិបតីក្នុងពិធីបិទ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ ដែលមានការចូលរួមប្រកួតពីកីឡាករ កីឡាការនីសរុបចំនួន៥២៨នាក់ មកពី៤៩ប្រទេស លើវិញ្ញាសារប្រកួតចំនួន៦ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិយ រាជធានីភ្នំពេញ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងប្រតិភូកីឡាគ្រប់ប្រទេស ដែលបានសហការគ្នារៀបចំការប្រកួតនេះឲ្យប្រព្រឹត្តទៅដោយរលូនតាមកម្មវិធីដែលបានគ្រោងទុក ប្រកបដោយភាពជោគជ័យ បរិយាកាសសប្បាយរីករាយ ជាពិសេសប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងគណៈកម្មការបច្ចេកទេសដែលបានដឹកនាំការប្រកួតតាមគោលការណ៍យុត្តិធម៌ និងតម្លាភាព។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ទៅកាន់អង្គពិធី ពិសេសប្រតិភូកីឡានៃបណ្ដាប្រទេសនានា ថារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់រៀបចំគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍកីឡា សំដៅកសាងធនធានមនុស្សឲ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ និិសមស្របតាមបរិបទនៃការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាពក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

សម្ដេចបានគូសបញ្ជាក់ថាជាការកត់សំគាល់ មានសមិទ្ធិផលកីឡាបានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា ក្នុងនោះដូចជា រាជរដ្ឋាភិបាលបានកសាងពហុកីឡដ្ឋានមរតកតេជោ រៀបចំព្រឹត្តិការណ៍កីឡាជាតិ ជួសជុលកែលម្អរពហុកីឡដ្ឋាន និងកីឡដ្ឋានតាមរាជធានីខេត្ត សន្ទុះនៃការគាំទ្រកីឡាបាល់ទាត់ ការរៀបចំផែនការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ការដណ្ដើមបានមេដាយមាសការប្រកួតកីឡាអាស៊ី និងកម្រិតជើងឯកពិភពលោកដោយកីឡាករ កីឡាការនីជាច្រើនរូប។

បន្ថែមពីនេះសម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការកត់សំគាល់ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់កម្រិតពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩នេះ អាចចាត់ទុកថាជាការត្រៀមលក្ខណៈរបស់ប្រទេសនីមួយៗក្នុងតំបន់អាស៊ី ដើម្បីឈានទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីននាពេលឆាប់ៗនេះ និងជាការផ្លាស់ប្ដូរបទពិសោធន៍បច្ចេកទេស បង្កើនសមត្ថភាពកីឡាករ កីឡាការនីដែលចូលរួមប្រកួត ព្រមទាំងបានរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មក្នុងតំបន់ និងពិភពលោក។

ពាក់ព័ន្ធនឹងអត្ថន័យកីឡា សម្ដេចក្រឡាហោម ស ខេង បានចូលរួមក្រើនរំលឹកកីឡាករ កីឡាការនីដែលមានវត្តមានក្នុងពិធីនេះ និងនៅទូទាំងប្រទេស ព្រមទាំងមហាជនទូទៅ ត្រូវយកចិត្តទុកដាក់អនុវត្តតាមទិសស្លោក«កីឡាដើម្បីសុខភាពផ្លូវកាយ និងសុខភាពផ្លូវបញ្ញារបស់មនុស្សគ្រប់រូប»។

មុននឹងបញ្ចប់ សម្ដេចបានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ដែលបានផ្ដល់សេចក្ដីទុកចិត្តដល់ប្រទេសកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងកិច្ចសហការរៀបចំព្រឹត្តិការណ៍បានដោយរលូន និងជោគជ័យ និងសូមការអធ្យាស្រ័យ ព្រមទាំងក្ដីយល់យោគ ប្រសិនបើមានការខ្វះខាតដោយអចេទនាណាមួយនៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង