ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Thongchanh Manixay អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Thongchanh Manixay អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម បានថ្លែងអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃឡាវ ដែលក៏មានសមត្ថកិច្ចដឹកនាំគ្រប់គ្រងកិច្ចការធម្មការ និងសាសានៃប្រទេសឡាវ និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងធម្មការ និងសាសានាកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្ដេចចាត់ទុកជាការចូលរួមជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់ទំនាក់ទំនងរវាងក្រសួងនៃប្រទេសទាំងពីរ ក្នុងនោះក៏ពាក់ព័ន្ធនឹងទំនាក់ទំនងផ្នែកសាសនាជាកិច្ចការស្នូលដែលប្រទេសទាំងពីរមានប្រជាពលរដ្ឋភាគច្រើនជាអ្នកកាន់ព្រះពុទ្ធាសនា។

សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រហាក់ប្រហែលគ្នា ក្នុងនោះក៏ធ្លាប់មានប្រវត្តិរួមគ្នាតស៊ូប្រឆាំងនឹងអាណានិគមន៍របស់ខ្លួន រហូតសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ដូចបច្ចុប្បន្ននេះ។

សម្ដេចក៏បានមានប្រសាសន៍ដែរថាទោះបីជាកន្លងមកនេះ ប្រទេសយើងទាំងពីរបានជួបប្រទះនូវបញ្ហាប្រឈមខ្លះៗ ក៏ប៉ុន្តែសម្ដេចក៏សូមអបអរសាទរចំពោះថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរដែលប្រកាន់យកនូវឆន្ទៈរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗដោយឈរលើគោលការណ៍សន្តិផាព និងមិត្តភាព។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអបអរសាទរដែរ ថាមិនត្រឹមតែទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណេះទេ ប៉ុន្តែប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា ឡាវ ក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរដែរ។


សម្ដេចក៏បានបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រីឡាវដែរថាក្រសួងមហាផ្ទៃកម្ពុជា មានភារកិច្ចធំៗពីរ គឺទីមួយជួយគាំទ្រដល់ការងារគ្រប់គ្រងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ និងទីពីរទទួលខុសត្រូវលើការងារសន្តិសុខ ជាពិសេសពាក់ព័ន្ធនឹងកិច្ចការងាររបស់នគរបាលផ្ទាល់តែម្ដង។

សម្ដេចក៏បានរំលឹកដែរថារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រសួងធម្មការ និងសាសនា គឺដោយសារតែកម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឲ្យវិស័យសាសនានៅកម្ពុជា ត្រូវបានបំភ្លេចបំផ្លាញចោលទាំងស្រុង ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបង្កើតស្ថាប័ននេះឡើងដើម្បីធ្វើគាំទ្រ និងជំរុញការស្ដារឡើងវិញនូវវិស័យនេះ។


សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញភាពរីករាយចំពោះសន្ទុះនៃការស្ដារឡើងវិញបានយ៉ាងឆាប់រហ័សនៃវិស័យសាសនានៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានព្រះសង្ឃជាង៧ម៉ឺនអង្គ មានវត្តអារាមជាង៥ពាន់ ទូទាំងប្រទេស ដែលនេះគឺជាការរួមចំណែកមួយដែរពីពុទ្ធបរិស័ទ និងសប្បុរសជន។

សម្ដេចបានបន្តថានៅកម្ពុជា ក្រៅពីព្រះពុទ្ធសាសនា ក៏មានសាសនាផ្សេងទៀតកំពុងត្រូវបានពលរដ្ឋមានជំនឿ និងគោរពប្រតិបត្តិដែរ ដូចជាសាសនាគ្រឹះ និងសាសនាម៉ូស្លីមជាដើម ហើយរដ្ឋធម្មនុញ្ញកម្ពុជាក៏លើកទឹកចិត្ត និងបើកទូលាយដល់ការគោរពបដិបត្តិជំនឿសាសនារបស់ប្រជាពលរដ្ឋដែរ។

សម្ដេចក៏បានបន្ថែមថាក្រៅពីទំនាក់ទំនងរវាងក្រសួងមហាផ្ទៃឡាវ ជាមួយក្រសួងធម្មការ និងសាសនាកម្ពុជា សម្ដេចក៏បានលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃឡាវ ពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការណាមួយជាមួយក្រសួងមហាផ្ទៃកម្ពុជា ដោយសម្ដេចបានបង្ហាញរីករាយពិនិត្យពិចារណាចំពោះកិច្ចសហប្រតិបត្តិការនោះ។

ជាការឆ្លើយតបឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ បានជំរាបជូនសម្ដេចក្រឡាហោមថា ឡាវទើបតែបង្កើតក្រសួងមហាផ្ទៃនៅឆ្នាំ២០១១ទេ ក្នុងនោះក្រសួងនេះបានទទួលកិច្ចការមួយចំនួន ដូចជាការគ្រប់គ្រងប្រជាពលរដ្ឋ ការងារអង្គការមូលនិធិ និងកិច្ចការពាក់ព័ន្ធនឹងសាសនា។

ឯកឧត្តមក៏បានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលមានប្រវត្តិប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះព្រះពុទ្ធសាសនាដូចគ្នា។

ហើយឯកឧត្តមក៏មានសេចក្ដីសង្ឃឹមជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័នក្រសួងមហាផ្ទៃឡាវ និងក្រសួងធម្មការ និងសាសនាកម្ពុជា នឹងកាន់តែមានល្អប្រសើរជាបន្តបន្ទាប់ទៀត។


ឯកឧត្តមក៏បានឯកភាពចំពោះការប្រកាន់យកគោលការណ៍ប្រកបដោយសន្តិភាពរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាផ្សេងៗឈរលើគោលការណ៍មិត្តភាព ដែលបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនង និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព។

ឯកឧត្តក៏បានជំរាបសម្ដេចក្រឡាហោមដែរថានៅប្រទេសឡាវក៏មានស្ថានភាពប្រហាក់ប្រហែលគ្នាដែរ ដោយភាគច្រើនមានប្រជាពលរដ្ឋគោរពព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញក៏បានបើកសិទ្ធិទូលាយជូនពលរដ្ឋក្នុងជំនឿសាសនាផ្សេងៗ ក្រៅពីព្រះពុទ្ធសាសនាដែរ។

ឯកឧត្តមក៏បានកោតសរសើរ រាជរដ្ឋាភិបាល និងក្រសួងធម្មការ និងសាសានាកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយយ៉ាងល្អ ធ្វើយ៉ាងណាឲ្យសាសនាចម្រុះនៅកម្ពុជា បានរស់នៅជាមួយគ្នាប្រកបដោយសុខដុមក្នុងសង្គម និងរួមគ្នាក៏សាងសង្គមជាតិ។

ឯកឧត្តមបានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ មកកាន់កម្ពុជាកាលពីខែកញ្ញាកន្លងទៅ ដែលបានជំរុញលើកទឹកចិត្តឲ្យស្ថាប័នទទួលកិច្ចការសាសនាប្រទេសទាំងពីរបន្តលើកកម្ពស់ទំនាក់ទំនងក្នុងការងារសាសនាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ជាចុងបញ្ចប់ឯកឧត្តមបានឯកភាព និងពិនិត្យមើលវិស័យពាក់ព័ន្ធនានា ដែលស្ថិតក្រោមក្រសួងមហាផ្ទៃឡាវ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ហើយឯកឧត្តមសូមជូនពរឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពរីកចំរើនស្ថិតស្ថេរជានិច្ច ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់ជិវភាពរស់នៅរបស់ពលរដ្ឋប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង