សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Satu Suilkkai-kleven ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងឯកឧត្តម Phoilippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិក ប្រចាំនៅកម្ពុជា
នៅរសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Satu Suilkkai-kleven ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងឯកឧត្តម Phoilippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិក ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងប្រទេសទាំងពីរ គឺប៊ែលហ្សិក និងហ្វាំងឡង់ ដែលមានជាយូរឆ្នាំកន្លងមកហើយ ព្រមទាំងការរួមចំណែករបស់ប្រទេសទាំងពីរក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម និងបានយកឱកាសនៃជំនួបនេះសម្ដែងការរំលែកព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំដែលនៅពេលនេះប្រទេសកម្ពុជាបានបាត់បង់សម្ដេចព្រះរាមនរោត្តម បុប្ផាទេវី ដែលកំពុងកាន់ទុក្ខនៅទូទាំងប្រទេស។
ឯកឧត្តមក៏បានជំរាបជូនសម្ដេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ ព្រមទាំងដំណើរការចូលរួមដល់ការងារអភិវឌ្ឍន៍សង្គមកម្ពុជា ដោយក្នុងនោះ ប្រទេសប៊ែលហ្សិកបានជួយកម្ពុជាជាយូរឆ្នាំកន្លងមកហើយលើវិស័យអប់រំ កសិកម្ម និងក៏បានជួយបណ្ដុះបណ្ដាលនិស្សិតតាមសាកលវិទ្យាល័យក្នុងក្របខណ្ឌសហភាពអឺរ៉ុប ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម។
ឯកឧត្តមបានជំរាបសម្ដេចដែរ ថានៅខែក្រោយនេះ នឹងមានក្រុមការងារមកពីប្រទេសប៊ែលហ្សិក ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលមន្ទីរពេទ្យរដ្ឋមួយនៅទីនោះ ដែលប្រទេសប៊ែលហ្សិ្កបានជួយអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយគ្រោងនឹងបន្តជួយបន្ថែមទៀតទៅតាមសំណូមពររបស់គណៈគ្រប់គ្រងមន្ទីរពេទ្យនោះ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជន ឯកឧត្តមបានជំរាបជូនសម្ដេចថាប្រទេសប៊ែលហ្សិកកំពុងសំឡឹងមើលឱកាសដើម្បីធ្វើយ៉ាងណាពង្រីកទំនាក់ទំនងវិស័ឯកជនឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ពាក់ព័ន្ធនឹងផ្នែកមួយនៃក្រសួងមហាផ្ទៃ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសប៊ែលហ្សិកក៏បានជួយដល់ការងារពន្ធនាគារតាមរយៈអង្គការការីតាស ដែលបានផ្ដោតទៅលើការជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកទោសជាយុវជន ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាពរកការធ្វើក្រោយបញ្ចប់ការឃុំខ្លួន។
ដោយឡែកលោកជំទាវឯកអគ្គរដ្ឋទូតហ្វាំងឡង់ ក៏បានជំរាបជូនសម្ដេចក្រឡាហោមដែរថាដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺផ្ដោតលើទំនាក់ទំនងទ្វេភាគីកម្ពុជា ហ្វាំងឡង់ ដោយបានគូសបញ្ជាក់ថាកន្លងមក ហ្វាំងឡង់បានជួយកម្ពុជាតាមរយៈអង្គការក្រៅរដ្ឋាភិបាល ដូចជាការងារចុះបញ្ជីដីធ្លី និងការបោសសំអាមីនជាដើម។
លោកជំទាវក៏បានបង្ហាញក្ដីរីករាយដែលបានឃើញអង្គការមកពីប្រទេសហ្វាំងឡង់ បានបំពេញបេសកកម្មយ៉ាងល្អជាមួយដៃគូក្នុងស្រកនៅកម្ពុជា និងបានជំរាបជូនអំពីចំណាប់អារម្មណ៍ហ្វាំងឡង់ក្នុងការជួយដល់ការងារថាមពលកកើតថ្មី ដែលកន្លងមកក៏មានការជួយសហគមន៍តូចៗមួយចំនួនក្នុងការបង្កើតគម្រោងអគ្គីសនីតូចៗដោយការដុតអង្កាម ហើយលោកជំទាវពិតជាចង់ឃើញគម្រោងនេះត្រូវបានពង្រីកទៅកាន់តំបន់ផ្សេងៗទៀត។
លោកជំទាវក៏បានជំរាបសម្ដេចដែរថាមានក្រុមហ៊ុនប្រទេសហ្វាំងឡង់កំពុងងវិនិយោគនៅប្រទេសថៃផ្នែកថាមពលកកើតឡើងវិញនេះ ដោយលោកជំទាវមានបំណងនាំក្រុមហ៊ុននោះ យកបច្ចេកវិជ្ជា និងបទពិសោធន៍មកវិនិយោគនៅកម្ពុជា។
បន្ថែមពីនេះលោកជំទាវបានសម្ដែងក្ដីរីករាយចំពោះលទ្ធផលដ៏ល្អដែលអង្គការហ្វាំងឡង់ជាមួយភាគីកម្ពុជាសម្រេចបានក្នុងវិស័យជួយគាំទ្រសង្គម ដូចជាអប់រំ កសិកម្ម សុខភាពសហគមន៍ ដែលតាមរយៈគម្រោងនេះ គឺពិតជាត្រូវនឹងតម្រូវការរបស់សហគមន៍ និងទទួលបានការគាំទ្រពីសហគមន៍នៅមូលដ្ឋាន។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណជូនឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវឯកអគ្គរដ្ឋទូតចំពោះការជួយគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថាការរីកចំរើន និងការអភិវឌ្ឍរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់បានពីការរួមចំណែករបស់សហភាពអឺរ៉ុប ប្រទេសហ្វាំងឡង់ និងប្រទេសប៊ែលហ្សិក។
ចំពោះវិស័យអប់រំ សុខាភិបាល និងកសិកម្ម សម្ដេចបានគូសបញ្ជាក់ថាជាការងារដ៏មានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍនៅកម្ពុជា ហើយសម្ដេចក៏មានក្ដីសង្ឃឹមថាទំនាក់ទំនងរួមរវាងកម្ពុជា និងប៊ែលហ្សិក ព្រមទាំងហ្វាំងឡង់ នឹងកាន់តែមានការរីកចំរើនធំធាត់លើគ្រប់វិស័យ ទាំងវិស័យទំនាក់ទំនងរវាងប្រទេស និងប្រទេស និងវិស័យវិនិយោគឯកជន៕