សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី១៧ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)
នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១៧ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ដែលជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមលោកជំទាវរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ ឯកឧត្តមលោកជំទាវប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងរាជធានីខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ២៣២រូប។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៦របស់គ.ជ.អ.ប, របាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩របស់គ.ជ.អ.ប, ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត, ការពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាពសម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនា សម្ព័ន្ធរបស់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ក៏ជារបៀបវារៈនៃកិច្ចប្រជុំនេះដែរ។
សម្ដេចក្រឡាហោម ស ខេង ព្រមទាំងសមាជិក សមាជិការនៃកិច្ចប្រជុំ បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុសផុសអំពីរបៀបវារៈទាំងនេះ ហើយសម្ដេចក្រឡាហោមបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមលោកជំទាវរដ្ឋមន្ត្រី រដ្ឋលេធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានីខេត្ត និងអស់លោកលោកស្រីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការចូលរួមបញ្ចេញមតិយោបល់របស់អង្គប្រជុំនាថ្ងៃនេះថាជាធាតុចូលដើម្បីឈានទៅសម្រេចនូវឯកសារសំខាន់ៗ ដែលជាឯកសារមូលដ្ឋាន និងមានអត្ថន័យជ្រាលជ្រៅក្នុងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសម្ដេចសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងបន្តរួមគ្នាចាត់ចែងអនុវត្តអនុក្រឹត្យទាំងឡាយនេះ ក្រោយពីសម្ដេចតេជោនាយករដ្ឋមន្ត្រីចុះហត្ថលេខា៕