ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេងអញ្ជើញជាអធិបតី ពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីដាក់ឲ្យប្រើប្រាស់គោលនយោបបាយជាតិអេកូទេសចរណ៍

នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីដាក់ឲ្យប្រើប្រាស់គោលនយោបបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩ ២០៣០។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង វេទិកាជាតិនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមលោកជំទាវ អស់លោកលោកស្រី នៃក្រុមការងារអន្តរក្រសួង ស្ថាប័ន ព្រមទាំងតំណាងមកពីវិស័យឯកជន និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិជាច្រើននាក់។ អង្គវេទិកាបានចាប់ផ្ដើមដោយរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។


បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចើញថ្លែងសន្ទរកថា និងមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គវេទិកា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះក្រសួងទេសចរណ៍ដែលសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត តាមរយៈក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភវិវឌ្ឍន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបានរៀបចំវេទិកាជាតិដ៏មានសារៈសំខាន់នាថ្ងៃនេះ។

សម្ដេចក្រឡាហោម បានចាត់ទុកវេទិកានេះថាជាការជួបជុំថ្នាក់ជាតិលើកដំបូងរវាងគ្រប់ភាគីដែលធ្វើការពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្ដូរយោបល់ ទទួលយកនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗក្នុងវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍សម្រាប់ជាអត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍ និងក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញារនូវការយកចិត្តទុកាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជាពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន ពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្ដល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការៀបចំចាត់ចែង និងអភិវឌ្ឍន៍សហគមន៍ដោយខ្លួនឯង។

សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាលតែងតែគាំទ្រ និងផ្ដល់អាទិភាពខ្ពស់ដល់រាល់គម្រោងអភិវឌ្ឍន៍ដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្សធនធានធម្មជាតិដ៏មានតម្លៃ ជាក់ស្ដែងរាជរដ្ឋាភិបាលបានលុបចោលគម្រោងសាងសងវារីអគ្គីសនី គម្រោងទាញយករ៉ែទីតាញ៉ូមនៅតំបន់អារ៉ែង និងតំបន់ភ្នំក្រវ៉ាញ ពោលគឺបើទោះបីជាបានដឹងថាគម្រោងទាំងនេះនឹងផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែរាជរដ្ឋាភិបាលរក្សាទុកដើម្បីគោលដៅទេសចរណ៍ទាំងសម្រាប់ពេលនេះ និងទៅអនាគត់។

បន្ថែមពីនេះសម្ដេចឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា ដើម្បីគាំទ្រការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រាជរដ្ឋាភិបាលបានបង្កើតក្រុមករងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈសេចក្ដីសម្រេចលេខ០០១ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានអនុម័តគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩ ២០៣០ ដែលយើងកំពុងធ្វើពិធីប្រកាសផ្សព្វផ្សាយផ្លូវការនៅពេលនេះ។

នៅក្នុងឱកាសវេទិកាជាតិដ៏វិសេសវិសាលនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តផ្ដល់អនុសាសន៍ដើម្បីវិភាគទានដល់កិច្ចពិភាក្សា និងរួមចំណែកការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដោយសម្ដេចបានណែនាំក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើកំណត់តំបន់អេកូទេសចរណ៍ រួមមានតំបន់ភូមិភាគឥសាន្ត តំបន់បឹងទន្លេសាប តំបន់មេគង្គ តំបន់ឆ្នេរសមុទ្រ តំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ជួរភ្នំដងរែកជាដើម ក្រោមទស្សនទាន «ការអភិវឌ្ឍបម្រើឲ្យការអភិរក្ស ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ»។

សម្ដេចបានស្នើឲ្យមានការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្ដានុពល ពង្រឹងសមត្ថភាពសហគមន៍ដែលមានស្រាប់តាមរយៈការផ្ដល់ជំនាញពីក្រសួងស្ថាប័នពាក់ព័ន្ធទៅតាមសមត្ថកិច្ចរៀងៗខ្លួន និងត្រូវបន្តទទួលស្គាល់តាមផ្លូវច្បាប់ ចំពោះសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ ដោយត្រូវធានាការបែងចែកប្រកបដោយសមធម៌រវាងសហគមន៍ និងដៃគូពាក់ព័ន្ធ។

សម្ដេចបានជំរុញឲ្យគ្រប់ក្រសួងស្ថាប័ន ពង្រឹងកិច្ចសហការជាមួយគ្នាដើម្បីបំពេញការងារឲ្យទទួលបាននូវផលប្រយោជន៍ទេសចរណ៍ពិតប្រាកដសម្រាប់ជាតិ និងប្រជាពលរដ្ឋ ក្នុងនោះគឺសំដៅដល់ក្រសួងទេសចរណ៍ បិរស្ថាន និងកសិកម្ម តាមរយៈការរៀបចំកំណត់តំបន់អេកូទេសចរណ៍ ដោយសម្ដេចបានថ្លែងគាំទ្រ និងកោតសរសើរចំពោះកិច្ចសហការរបស់ក្រសួងទាំង៣ ដែលធ្វើឲ្យយន្តការកំណត់តំបន់អេកូទេសចរណ៍ និងសហគមន៍ទេចរណ៍មានភាពរលូនជាបន្តបន្ទាប់ ហើយអំពាវនាងឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធយកជាគម្រូ។

សម្ដេចបានផ្ដល់អនុសាសន៍ឲ្យក្រសួង ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវភ្ជាប់ទៅគោលដៅសហគមន៍ទេសចរណ៍អាទិភាព ភ្ជាប់ និងផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងតម្លៃទាបជាទីផ្សារសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍ទេសចរណ៍ និងជួយជ្រោមជ្រែងឲ្យតំបន់នោះមានការផ្គត់ផ្គង់ទឹកស្អាត ការភ្ជាប់ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធើណែត ការគ្រប់គ្រងសំរាម ការដោះមីន គ្រាប់មិនទាន់ផ្ទុះ សេវាព្យាបាលជំងឺគ្រុនចាញ់ និងបព្ហាចាំបាច់នានា។


ដើម្បីជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សម្ដេចបានប្រកាសគាំទ្រ និងលើកទឹកចិត្តឲ្យមានការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២នៅឆ្នាំ២០២០ និងជារៀងរាល់ឆ្នាំ និងស្នើរាជរដ្ឋាភិបាលរៀបចំទិវាជាតិអេកូទេសចរណ៍ថ្ងៃ១៩វិច្ឆិកា ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដូចជាពិធីបុណ្យអេកូទេសចរណ៍ ពិធីបុណ្យផ្សោត ពិធីបុណ្យកោងកាង និងពិធីបុណ្យភ្នំជាដើម ហើយសម្ដេចបានស្នើឲ្យភ្នាក់ងារទេសចរណ៍រើបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរណ៍ឲ្យបានច្រើនទៅកាន់តំបន់សហគមន៍ទេសចរណ៍ទាំងអស់នោះ។

សម្ដេចក្រឡាហោម បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឲ្យមានការរៀបចំកម្មវិធីប្រឡងប្រណាំងលក្ខណៈមហាជនអំពីសហគមន៍ ជាពិសេសការប្រកួតប្រជែងថតរូប វីដេអូ និងការប្រកួតប្រជែងនានាស្ដីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបំផុសគំនិតស្រលាញ់ជាតិមាតុភូមិយើងក្រោមពន្លឺសន្តិភាព និងបានសម្ដែងការអបអរសាទរជ័យលាភីប្រឡងប្រណាំងវីដេអូអំពីសហគមន៍ ក្រោមប្រធានបទ កំណប់សហគមន៍ជំរំទេសចរណ៍រដូវកាលទី២ដែលនឹងមានការប្រគល់ជ័យលាភីនាថ្ងៃនេះ។

ពាក់ព័ន្ធនឹងយន្តការពង្រឹងវិស័យទេសចរណ៍ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រការដាក់ចេញគម្រូកិច្ចសហការ ភាពជាដៃគូរវាងរដ្ឋ ឯកជន និងប្រជាជន និងយន្តការដែលបានដាក់ចេញជាច្រើនទៀតដើម្បីជំរុញអាជីវកម្មសហគមន៍បៃតង និងស្តង់ដាបៃតង ហើយជាមួយគ្នានេះ សម្ដេចក៏បានអំពាវានាវស្ថាប័នហិរញ្ញវត្ថុ ជាពិសេសស្ថាប័នមីក្រូហិរញ្ញវត្ថុ ពិនិត្យលក្ខណ្ឌសរម្យណាមួយសម្រាប់ការផ្ដល់ឥណទានដល់គម្រោងពង្រីកអាជីវកម្មទេសចរណ៍។

ជាចុងបញ្ចប់នៃអនុសាសន៍នេះ សម្ដេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីបញ្ហាសន្តិសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ ដោយសម្ដេចបានណែនាំឲ្យក្រសួង និងរដ្ឋបាលរាជធានីខេត្តត្រូវជួយដល់សហគមន៍ទេសចរណ៍ក្នុងការរៀបចំស្លាកសញ្ញាផ្ដល់ព័ត៌មាននានា ក្នុងនោះរាប់ទាំងព័ត៌មានអំពីតំបន់ហាមឃាត់ តំបន់គ្រោះថ្នាក់ ដើម្បីឲ្យសមស្របនឹងស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា ស្តង់ដាអាស៊ាន ស្តង់ដាទេសចរណ៍ផ្សងព្រេង និងត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់នូវលំហូរទេសចរណ៍ ពោលគឺចំនួនភ្ញៀវទេសចរណ៍ដែលបានមក កំពុងស្នាក់នៅ និងចេញទៅវិញ។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថាវេទិកាថ្នាក់ជាតិនេះនឹងអាចទាញយកនូវទស្សនទានល្អៗបន្ថែមទៀតដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការរៀបចំយន្តការ បទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញការអភិវឌ្ឍវិស័យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងបានប្រកាសបើកវេទិកាជាតិអេកូទេសចរណ៍ និងប្រកាសដាក់ឲ្យអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩ ២០១៣០៕

អត្ថបទដែលជាប់ទាក់ទង