ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើសារអបអរសាទរ និងអរគុណជនរួមជាតិ អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់ប្រភេទ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមាចំពោះការប្រព្រឹត្តទៅនៃពិធីបុណ្យ ឯករាជ្យជាតិ​ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក នាឆ្នាំ២០១៩ នេះ ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានអញ្ជើញចូលរួមពិធីទទួលទានអំបុកថែរក្សា​ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់ទីកន្លែង ដោយភាគច្រើនបានមកកំសាន្តនៅរាជធានីភ្នំពេញ អ្នកខ្លះបានធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកភូមិកំណើត និងខ្លះទៀតបានអញ្ជើញកំសាន្តសប្បាយនៅតំបន់រម្មណីយដ្ឋានទេសចរណ៍នានា ។

បងប្អូនជនរួមជាតិជាតិជាទីគោរព! បើទោះបីជានៅឆ្នាំនេះ ពិធីបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានប្រព្រឹត្តនៅក្នុងបរិបទដែលមានក្រុមឧទ្ទាមបានប្រកាសពីផែនការវិលចូលប្រទេសដើម្បីបង្កបង្កើតភាពចលាចលឈានទៅធ្វើរដ្ឋប្រហារផ្ដួលរំលំ​ រាជរដ្ឋាភិបាលក៏ដោយ ក៏ព្រះរាជពិធីបុណ្យជាតិយើង បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រក្សាបានល្អប្រសើរ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយពុំមានហេតុការណ៍អាក្រក់ណាមួយកើតឡើងឡើយ។

ភាពសុខសាន្តដ៏ល្អប្រសើនេះគឺដោយសារតែមានការចូលរួម​ពីបងប្អូនជនរួមជាតិ និង ការបំពេញភារកិច្ចបានយ៉ាងល្អខ្ជាប់ខ្ជួនរបស់អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ។

ក្នុងឋានៈជាសមាជិករាជរដ្ឋាភិបាល និង ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងអនុវត្តវិធានការណែនាំទាំង៨ចំណុច ដែលខ្ញុំព្រះករុណាខ្ញុំ បាន​ដាក់ចេញ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព សភាពការណ៍ផ្ទៃក្នុងប្រទេស ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋបានចូលរួមប្រារព្ធពិធីបុណ្យជាតិ ប្រកបដោយសុខសុវត្ថិភាព និង ភាពសប្បាយរីករាយ ។

ការចូលរួមសហការពីបងប្អូនជនរួមជាតិ និងការអនុវត្តភារកិច្ចរបស់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចដ៏ល្អប្រសើនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញនូវសេចក្ដីគោរពប្រកបដោយភក្ដីភាពបំផុតរបស់ប្រជាជាតិខ្មែរយើងទាំងមូល ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និង ជាការបញ្ជាក់យ៉ាងច្បាស់នូវមហាសាមគ្គីជាតិខ្មែរក្នុងការបដិសេធទាំងស្រុងចំពោះចេតនាណាមួយដែលប៉ុនប៉ងរំលាយរបបរាជានិយម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញ សន្តិភាព សុខដុមរមនា និងការអភិវឌ្ឍន៍ របស់ជាតិយើង ។

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំព្រះករុណាខ្ញុំ សូមឲ្យស្មារតីដ៏ឧត្តុងឧត្តមនេះបន្តស្ថិតក្នុងដួងចិត្តជនរួមជាតិខ្មែរជានិច្ចនិរន្តរ៍ ដើម្បីឲ្យប្រទេសជាតិយើងបន្តរក្សាបាននូវសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍ ដែលជាកត្តាចំបាច់បំផុតសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខក្សេមក្សាន្ត និងធ្វើឲ្យជីវភាព​បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងបញ្ជាក់ច្បាស់ថាប្រទេសកម្ពុជាដែលបានឆ្លងកាត់ការបែកបាក់ជាតិ ការព្រាត់ប្រាស់ សង្គ្រាមកាប់សម្លាប់ នឹងមិនវិលត្រឡប់ជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះវិញឡើយ៕

អត្ថបទដែលជាប់ទាក់ទង