សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមព្រះរាជពិធីថ្វាយភ្លើងជ័យបុណ្យឯករាជ្យជាតិក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ
នៅព្រឹកសៅរ៍ ១៣កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តុលាការ និងមន្ត្រីរាជការនៃបណ្ដាស្ថាប័នជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានយាង និងអញ្ជើញចូលរួម ព្រះរាជពិធីថ្វាយភ្លើងជ័យ ខួបលើកទី៦៦ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្រោមព្រះរាជស្នាព្រះហស្ថព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រមទាំងការចូលរួមពីកម្លាំងមហាសាមគ្គីរបស់វីរជនជាតិ កម្ពុជាបានតស៊ូទាមទារមកវិញនូវឯករាជ្យជាតិទាំងស្រុងពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បន្ទាប់ពីប្រទេសបច្ចឹមលោកមួយនេះ បានចូលមកដាក់អាណានិគមតាំងពីឆ្នាំ១៨៦៣។
ទិន្ទឹមនឹងថ្ងៃបុណ្យឯករាជ្យជាតិ ទិវា៩វិច្ឆិកានេះ ក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទដែរ ដែលបើតាមឯកសារចេញផ្សាយដោយក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ បានផ្ដើមបង្កើតឡើងដំបូងចេញពីអនុសញ្ញាយោធា បារាំង ខ្មែរ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ ដែលសម័យកាលនោះ ក្នុងព្រះឋានៈជាមេបញ្ជាការកំពូលនៃកងយោធពលខេមរៈភូមិន្ទ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានមានព្រះបន្ទូលថា«យើងមិនបានស្រលាញ់សង្គ្រាមទេ ព្រោះយើងបានទ្រាំទ្រអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទន្ទឹមនឹងនោះវាបានផ្ដល់នូវភាពអយុត្តិធម៌ និងភាពឃោឃៅព្រៃផ្សៃដល់យើង ប៉ុន្តែយើងបានត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធដល់ដង្ហើមចុងក្រោយ ដើម្បីការពារឯករាជ្យជាតិ និងបូរណភាពទឹកដីរបស់យើង»។
ឯកសារបានផ្លូវការនេះបានបញ្ជាក់ទៀតថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៥៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៤ គឺជារយៈពេលបញ្ចប់អរិភាពលើទឹកដីអតីតឥណ្ឌូចិនរបស់អាណានិគមបារាំង។ គឺនៅក្នុងអន្តរកាលនោះហៀយ ដែលព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យពេញបរិបូណ៌ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព ប្រជានុរាស្ត្រគ្រប់ស្រទាប់ជាន់ថ្នាក់ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងគឺនៅពេលនោះហើយដែលជាថ្ងៃកំណើតដ៏ពិតប្រាកដនៃកងយោធពលខេមរភូមិន្ទ៕