សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសហការរីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W.Patric Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
ជំនួបដ៏មានសារៈសំខាន់នេះបានប្រព្រឹត្តទៅរយៈពេលជាង១ម៉ោង ហើយបន្ទាប់ពីបញ្ចប់ជំនួបនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W.Patric Murphy បានអញ្ជើញធ្វើសន្និសីតកាសែតរួមគ្នា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងផ្ដល់ឱកាសជូនឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកមានប្រសាសន៍អំពីលទ្ធផលនៃជំនួប។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកបានមានប្រសាសន៍ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រួមទាំងឯកឧត្តមផ្ទាល់ បានជជែកពិភាក្សាគ្នាប្រកបដោយសេចក្ដីរីករាយចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ជាពិសេសនៅក្នុងក្របខណ្ឌទ្វេភាគីយ៉ាងជិតស្និត រួមទាំងលើវិស័យពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់នូវការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងវិស័យពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មអន្តរជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានបន្តថាភាគីទាំងពីរក៏បានអនុវត្តនូវកិច្ចសហប្រតិបត្តិការការពារសន្តិសុខស្ថានទូតរបស់ប្រទេសទាំងសងខាង រួមទាំងមន្ត្រី និងបុគ្គលិករបស់ស្ថានទូត និងបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការការពារសន្តិសុខកន្លងមក។
ឯកឧត្តម W.Patric Murphy ក៏បានមានប្រសាសន៍អំពីការរៀបចំពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយឯកឧត្តមបានសម្ដែងការជូនពរ និងអបអរសាទរ និងត្រៀមចូលរួមក្នុងពិធី និងព្រះរាជពីធីនេះ និងបានសម្ដែងក្ដីសង្ឃឹមថាសន្តិសុខ និងសុវត្ថិភាព នឹងមានការធានាជូនឯកឧត្តម ហើយថាឯកឧត្តមមានការគោរពនូវតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាល ជាពិសេសក្នុងការងារធានាសន្តិសុខទៅដល់ប្រជាជនកម្ពុជា រួមទាំងឯកឧត្តមដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកក៏បានលើកឡើងនៅក្នុងសន្និសីតកាសែតនេះ អំពីខ្លឹមសារខ្លះៗនៃជំនួបរវាងឯកឧត្តម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ថាភាគីទាំងសងខាងគួរតែលើកឡើង និងមានកិច្ចពិភាក្សាគ្នាដោយត្រង់ៗ ជាពិសេសទៅលើបញ្ហានៃក្របខណ្ឌប្រជាធិបតេយ្យ និងសេរីពហុបក្ស។
បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែត ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានមានប្រសាសន៍ថា សម្ដេច និងឯកអគ្គរដ្ឋទូតអាមេរិក ពិតជាបានឯកភាពគ្នាដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ទាក់ទងវិស័យសន្តិសុខ ការបង្ក្រាបបទល្មើសផ្សេងៗ ដូចដែលឯកឧត្តម W.Patric Murphy បានលើកឡើង។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាមេរិក ដែលតាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស ម៉ៃស៍ ប៉ុមភីអូ បានផ្ញើសារជូនពរកម្ពុជានាឱកាប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិការ ២០១៩ ហើយសម្ដេចក៏បានថ្លែងអំណរគុណជូនឯកឧត្តមឯកអ្គរដ្ឋទូតអាមេរិកដែរ ដែលបានជូនពរជាតិ និងប្រជាជនកម្ពុជា ក្នុងឱកាសទិវាដ៏មហាថ្លៃថ្លានេះ។
សម្ដេចក៏បានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកដែលថានៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ភាគីទាំងពីរ នឹងរិះរកនូវកម្មវិធីល្អៗដើម្បីសម្ដែងឲ្យឃើញអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងដើម្បីពង្រីកពង្រឹងទំនាក់ទំនងនេះឲ្យកាន់តែល្អបន្ថែមទៀត។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាភាគីទាំងពីរក៏បានពិភាក្សានូវបញ្ហាដូចដែលឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកបានលើកឡើង ដោយសម្ដេចបានមានប្រសាសន៍ថានៅក្នុងក្របខណ្ឌប្រទេសកម្ពុជាដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កម្ពុជានឹងខិតខំធ្វើអ្វីៗដែលសមស្រប និងនាំឲ្យប្រទេមានសុសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍបន្តទៅទៀត។
ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជាអាមេរិក សម្ដេចបានមានប្រសាសន៍ថាភាគីទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ ក៏ប៉ុន្តែភាគីទាំងសងខាងនៅមិនទាន់ពេញចិត្ត ដែលមានន័យថាភាគីទាំងពីរគួរតែមានកម្មវិធីថ្មីៗបន្ថែមទៀតឲ្យបានច្រើន ដើម្បីឲ្យទំនាក់ទំនងនេះកាន់តែមានភាពល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានដែលសួរថាក្រោយពីមានភាពតានតឹងផ្នែកនយោបាយ អាចនឹងមានការសម្បទានខាងនយោបាយ ឬមួយក៏ការសម្របសម្រួលនយោបាយជាមួយក្រុមអតីតគណបក្សប្រឆាំងដូចកាលពីមុនឆ្នាំ២០១៣នោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្ដេចមិនទាន់អាចជម្រាបជូនបានទេ ប៉ុន្តែសម្ដេចបានសង្កត់ធ្ងន់ថា«យើងនឹងខិតខំធ្វើអ្វីៗដែលមានផលប្រយោជន៍សម្រាប់ប្រទេសជាតិ»៕