សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល បានអញ្ជើញទទួលដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺបន្ទាប់ពីសម្ដេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ«ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
សូមបញ្ជាក់ថាលទ្ធផលនៃព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានផ្តល់ឱកាសឲ្យប្រទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោក។
តាមរយៈកិច្ចប្រជុំនេះ គ្រប់ភាគីក៏បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនទៀតដែរ ក្នុងការរកដំណោះស្រាយ និងវិធានការនានា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសទាំងអស់ទទួលបាននូវការអភិវឌ្ឍ ស្ថិរភាព សន្តិភាព វិបុលភាព ប្រកបដោយចីរភាព៕