ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អនុញ្ញាត​ឲ្យ​លោក​ Chritophe​ Crepin​ ចូល​ជួប​សម្ដែង​គួរសម​ និង​ពិភាក្សា​ការងារ​

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៨​កើត​ ខែ​ក​ក្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋមន្ត្រី​ស្ដីទី​ បាន​អនុញ្ញាត​ឲ្យ​លោក​ Chritophe​ Crepin​ នាយក​ប្រតិបត្តិ​ផ្នែក​បរិស្ថាន​ និង​ធនធានធម្មជាតិ​ នៃ​ធនាគារពិភពលោក​ ចូល​ជួប​សម្ដែង​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​ ​

ជា​កិច្ច​ស្វាគមន៍​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​តំណាង​ធនាគារពិភពលោក​ និង​សូម​អរគុណ​ដល់​ធនាគារពិភពលោក​ ដែល​បាន​សហការ​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​នា​រយៈពេល​កន្លង​មក​ បើ​ទោះបីជា​ក្នុង​ទំនាក់ទំនង​នេះ​បាន​ជួប​នូវ​បញ្ហា​ប្រឈម​ខ្លះ​ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ធនាគារពិភពលោក​នៅ​តែ​ជា​ដៃគូ​ដ៏​ល្អ​មួយ​សម្រាប់​រាជរដ្ឋាភិបាល​ និង​ប្រទេស​កម្ពុជា​។​ សម្ដេច​ក៏​បាន​សម្ដែង​ក្ដី​សង្ឃឹម​ជឿជាក់​ថា​ទំនាក់ទំនង​ដ៏​ល្អ​នេះ​នឹង​បន្ត​រីក​ចំរើន​ទៅ​មុខ​ទៀត​រវាង​ភាគី​ទាំង​ពីរ​។​ ​

ជា​ការ​ឆ្លើយ​តប​លោក​ Chritophe​ Crepin​ បាន​ឯកភាព​ចំពោះ​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​ដែល​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ធានា​គារ​ពិភពលោក​នេះ​មាន​យូរ​មក​ហើយ​ និង​ពិតជា​នៅ​តែ​ជា​ដៃគូ​ជាមួយ​គ្នា​ដ៏​ល្អ​។​ ​នៅ​ក្នុង​ឱកាស​នៃ​ជំនួប​នេះ​លោក​បាន​ជំរាប​ជូន​សម្ដេច​ក្រឡាហោម​ ថា​បច្ចុប្បន្ន​នេះ​ពាក់ព័ន្ធ​នឹង​ក្រសួងមហាផ្ទៃ​ គឺ​ធនាគារពិភពលោក​មាន​គម្រោង​៣​រួច​មក​ហើយ​ ហើយ​ថា​ការ​ចូល​ជួប​សម្ដេច​នា​ពេល​នេះ​គឺ​ដើម្បី​លើក​ឡើង​ពី​គម្រោង​ទី​៤​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​នៅ​កម្ពុជា​។​ ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​ លោក​បាន​ជំរាប​ជូន​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ថា​ខាង​ធនាគារពិភពលោក​បាន​ជួប​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​គាំទ្រ​ដល់​ការងារ​គ្រប់គ្រង​កាក​សំណល់​រឹង​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ធានា​បាន​នូវ​បរិស្ថាន​ ក្នុង​នោះ​អ្វី​ដែល​សំខាន់​ គឺ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ផ្សា​ភ្ជាប់​ការ​គ្រប់គ្រង​បរិស្ថាន​ទៅ​នឹង​ការ​កែប្រែ​ឥរិយា​បទ​ និង​ចំណេះដឹង​ដល់​សាធារណៈជន​អំពី​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​ធានា​ដល់​ន​រិ​ន្ត​រ​ភាព​ និង​ចីរភាព​នៃ​បរិស្ថាន​។​ 

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែង​គាំទ្រ​ចំពោះ​បំណង​ដ៏​ល្អ​របស់​ធនាគារពិភពលោក​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង​កាក​សំណល់​រឹង​ ដោយ​សម្ដេច​បាន​ជំរាប​ជូន​ដែរ​ថា​ក្រសួងមហាផ្ទៃ​មាន​កិច្ចការ​សំខាន់ៗ​ធំ​ចំនួន​២​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដោយសារ​ទី​១​ក្រសួងមហាផ្ទៃ​ជា​ស្ថាប័ន​គាំទ្រ​ដល់​ថ្នាក់​ក្រោម​ជាតិ​ និង​ទី​២​ក៏​ជា​ស្ថាប័ន​ដើរតួ​នាទី​នាំមុខ​ក្នុង​ការ​ធ្វើ​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​។​ ​សម្ដេច​បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក​ពិនិត្យ​លទ្ធភាព​ភ្ជាប់​ការងារ​គ្រប់គ្រង​កាក​សំណល់​នេះ​ទៅ​នឹង​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ផ្ទេរអំណាច​ និង​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់​នេះ​ទៅ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ហើយ​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ហិរញ្ញវត្ថុ​ និង​ធនធានមនុស្ស​ទៅ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែរ​។​ ​

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ក្នុង​នាម​ជា​អ្នកដឹកនាំ​ការងារ​កំ​ណេ​ទម្រង់​នេះ​ សម្ដេច​ពិតជា​ចង់​ឃើញ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​សមត្ថភាព​ និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ការ​គ្រប់គ្រង​កាក​សំណល់​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​ ​សម្ដេច​បាន​ជំរាប​ជូន​លោក​ Chritophe​ Crepin​ ថា​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​គឺជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​អនុវត្ត​ផែនការ​១០​ឆ្នាំ​នៃ​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​កម្ពុជា​ ហើយ​កន្លង​មកនេះ​ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ផ្ទេរ​នូវ​សិទ្ធិ​អំណាច​មួយ​ចំនួន​ទៅ​ដល់​ថ្នាក់​ក្រោម​ជាតិ​ដូច​ជា​ការ​គ្រប់គ្រង​សាលារៀន​កម្រិត​បឋម​សិក្សា​ ការ​ផ្ទេរ​ការ​គ្រប់គ្រង​មន្ទីរពេទ្យ​បង្អែក​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ជា​ពិសេស​គឺ​ខេត្តបាត់ដំបង​ដែល​ជា​ខេត្ត​បាន​អនុវត្ត​សាកល្បង​។​ ​ក្នុង​ន័យ​នេះ​សម្ដេច​បាន​សម្ដែង​សង្ឃឹម​ជឿជាក់​ថា​ធនាគារពិភពលោក​នឹង​បន្ត​ជួយ​គាំទ្រ​ដើម្បី​ឲ្យ​កំណែទម្រង់​ និង​ការ​ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នេះ​កាន់តែ​ទទួល​បាន​ជោគជ័យ​ ដោយ​ភ្ជាប់​នឹង​ការងារ​គ្រប់គ្រង​កាក​សំណល់​នេះ​ដែរ​។​ ​ត្រង់​ចំណុច​នេះ​ លោក​ Chritophe​ Crepin​ បាន​ជំរាប​ជូន​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ថា​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ត្រូវការ​ឲ្យ​មាន​ជា​កញ្ចប់​ទាំង​ធនធានមនុស្ស​ ថវិកា​ និង​សិទ្ធ​អំណាច​ ដូច្នេះ​លោក​ថា​អ្វី​ដែល​សម្ដេច​បាន​មាន​ប្រសាសន៍​មកនេះ​គឺ​ពិតជា​ដើរ​ស្រប​ទៅ​នឹង​សកម្មភាព​របស់​ធនាគារពិភពលោក​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​សព្វ​ថ្ងៃនេះ​ គឺ​មាន​ទាំង​គម្រោង​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​ វិស័យ​បរិស្ថាន​ សុខាភិបាល​ និង​អប់រំ​ ដែល​ពិតជា​មានការ​ចូលរួម​ចំណែក​មិន​អាច​ខ្វះ​បាន​ពី​ក្រសួងមហាផ្ទៃ​ និង​បាន​ស្នើ​សម្ដេច​ជួយ​ជំរុញ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ចូលរួម​ម្រោ​ង​គ្រប់គ្រង​កាក​សំណល់​ដែល​ផ្ដួចផ្ដើម​ដោយ​ធនាគារពិភពលោក​។​ ​

ចំពោះ​សំណើរ​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែងអំណរគុណ​ និង​ទទួលយក​នូវ​ការ​ស្នើ​របស់​លោក​ Chritophe​ Crepin​ ដោយ​សម្ដេច​សន្យា​ថា​នឹង​បន្ត​ជំរុញ​ឲ្យ​ខេត្ត​រាជធានី​ទាំងអស់​ដាក់​ពាក្យ​ចូលរួម​ក្នុង​គម្រោង​គ្រប់គ្រង​កាក​សំណល់​នេះ​។​ សម្ដេច​ក៏​បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក​បន្ត​ធ្វើការ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​តំបន់ឆ្នេ​របស់​កម្ពុជា​ ដើម្បី​គ្រប់គ្រង​កាក​សំណល់​ និង​បរិស្ថាន​ ដើម្បី​ធានា​ការ​រ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​៕ ​

អត្ថបទដែលជាប់ទាក់ទង